GuidePedia

0
អ្នកលេងគុនខ្មែរ កែវ រំចង់ សិស្សគុនក្លឹបកងពល តូចលេខ៨ភ្នំទ្រព្យ នឹងធ្វើការប្រកួតលក្ខលៈមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ ជាមួយកីឡាករ Orono Tor. Tao Tai នៅថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ក្នុងជំនួបសងសឹក ។


កីឡាករ កែវ រំចង់ ធ្លាប់បានផ្ដួលកីឡាករ Orono Tor. Tao Tai ឲ្យសន្លប់ត្រឹមទឹកទី៤ម្ដងរួចមកហើយ កាលពីពេលថ្មីៗកន្លងទៅ ប៉ុន្ដែដោយមិនទាន់អស់ចិត្ត អ្នកលេងក្បាច់គុនមួយថៃរូបនេះ ក៏បានស្នើឲ្យសហព័ន្ធកីឡាប្រដាល់កម្ពុជា ផ្ដល់ឱកាសឲ្យគេបានសងសឹកសាជាថ្មីជាមួយ កែវ រំចង់ ម្តងទៀត ។ ស្របពេលអ្នក គាំទ្រវិស័យកីឡាប្រដាល់កម្ពុជា ស្នើឲ្យកីឡាករជើងខ្លាំងទាំងពីរជួបគ្នាម្ដងទៀតដែរនោះ សហព័ន្ធ និងគណៈកម្មការរៀបចំកម្មវិធីប្រដាល់របស់បាយ័ន ក៏សម្រេច ផ្គូផ្គងឲ្យពួកគេ ជួបគ្នាតាមបំណងនៅថ្ងៃទី០២ ខែតុលាខាងមុខ ។

សម្រាប់ជំនួបមិត្តភាពលើកនេះដែរ ប្រហែលជាមិនមានភាពងាយស្រួលដូចកាលជួបគ្នាលើកមុនឡើយ ព្រោះកីឡាករ Orono Tor. Tao Tai បានត្រៀមខ្លួន យ៉ាង ល្អ ដើម្បីសងសឹក កែវ រំចង់ ខណៈជើងខ្លាំងតំណាងឲ្យប្រទេសកម្ពុជា រំចង់ ក៏បានពង្រឹងការហ្វឹកហាត់ ដើម្បីរក្សាជ័យជំនះរបស់ខ្លួនដែរ ។ អាស្រ័យហេតុនេះ អ្នកគាំទ្រនឹងបានសប្បាយភ្នែកទស្សនាការប្រកួតដ៏អស្ចារ្យនេះ ។

បើយោងតាមប្រភពព័ត៌មានពីមន្ដ្រីរៀបចំការប្រកួត ជំនួបលើកនេះដែរ Orono Tor. Tao Tai មានជំនឿចិត្តយ៉ាងមុតមាំក្នុងការដណ្ដើម យកជ័យជំនះ មកវិញ ។ ចាំមើលតើ កែវ រំចង់ ឬកីឡាករ Orono Tor. Tao Tai គឺជាអ្នកឈ្នះ ក្នុងជំនួបសងសឹកលើកទី២នេះ?

Post a Comment

 
Top