GuidePedia

0
Manny Pacquiao ​បាន​បញ្ជាក់​ប្រាប់​ថា​រូប​លោក​នឹង​ត្រលប់​ទៅ​រក​សង្វៀន​ប្រដាល់​វិញ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ បន្ទាប់​ពី​របួស​ស្មា​ជា​សះស្បើយ។ Pacquiao ​មាន​របួស​ស្មា​ជា​ខ្លាំង​រហូត​ដល់​វះកាត់​បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ Floyd Mayweather ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​ឧសភា​កន្លង​ទៅ។


របួស​នេះ​ដែរ ត្រូវ​ការ​ពេល​សម្រាក​ព្យាបាល​រហូត​ដល់​ទៅ​រាប់​ខែ​ឯ​ណោះ​ទើប​អាច​ឱ្យ​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន​រូប​នេះ​ប្រើប្រាស់​ដៃ​ខាង​ស្ដាំ​បាន​ដូច​ដើម​វិញ។ យ៉ាង​ណា​មិញ​ អ្នក​ប្រដាល់​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ទៅ Sky Sport ​ថា​រូប​លោក​មាន​អារម្មណ៍​ធម្មតា​វិញ​ហើយ ថែម​ទាំង​អាច​ហ្វឹកហាត់​បាន​តិច​ៗ​ផង​ដែរ​ដើម្បី​ត្រៀម​ខ្លួន​ឡើង​សង្វៀន​ជា​ថ្មី​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

អ្នក​ប្រដាល់​ដែល​ធ្លាប់​ឡើង​ប្រកួត​៦៥​ដង​ឈ្នះ​៥៧​ដង​រូប​នេះ​បាន​ផ្ដាំ​ទៅ Floyd ​ចំពោះ​ទង្វើ​ដៀមដាម​​របស់​គេ​កន្លង​មក​ដែរ​ថា ម្ចាស់​ជើង​ឯក​ពិត​ប្រាកដ​គឺ​ត្រូវ​តែ​មាន​ការ​គួរសម​ សន្តោស​ប្រណី​ទាំង​ក្នុង​ពេល​ប្រកួត ​និង​នៅ​ខាង​ក្រៅ មិន​មែន​ធ្វើ​ឱ្យ​ល្អ​តែ​លើ​សង្វៀន​នោះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​វិល​ត្រលប់​មក​ប្រកួត​សាជា​ថ្មី​របស់ Pacman ​នេះ​មិន​មែន​ទៅ​សងសឹក​ជាមួយ Floyd ​នោះ​ទេ ព្រោះ​ថា​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ធ្លាប់​បាន​និយាយ​ថា​រូប​លោក​មិន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន​នេះ​ទៀត​ទេ ហើយ​ប្រកួត​ចុងក្រោយ​របស់​គេ​មុន​ចូល​និវត្តន៍​នឹង​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ មិន​មែន​ឆ្នាំ​ក្រោយ​ឡើយ៕

Post a Comment

 
Top