GuidePedia

0
ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីជ្រើស រើសជើងឯកពានរង្វាន់ Black Panther រដូវកាលទី២ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនស្រាបៀរអង្គរ ក្នុងឆ្នាំ ២០១៥ នេះនឹងប្រព្រឹត្តទៅចំថ្ងៃបុណ្យសេចក្ដីស្រលាញ់ ពោលគឺនៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ ដែលរៀបចំធ្វើ នៅលើសង្វៀនស្រុកកោះធំ ខេត្តកណ្ដាល ។


ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គឺជាយុទ្ធនាការមួយដ៏សំខាន់ ដែលថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផ្ដួចផ្ដើមរៀបចំឡើងដើម្បីផ្សាភ្ជាប់ពីដំណើរឆ្ពោះ ទៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២នោះ ។ ប៉ុន្ដែអ្វីដែលពិសេស សម្រាប់ឆ្នាំនេះ គណៈកម្មការរៀបចំកម្មវិធីប្រកួត ជម្រុះលើកដំបូងគឺចំថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ តែម្ដង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះ ពិតជាពិសេសមែនព្រោះគណៈកម្មការយើងបានរៀបចំ ការប្រកួតនៅថ្ងៃទី១៤ កុម្ភៈ ដែលយុវវជនមួយចំនួនយល់ច្រឡំថាជាថ្ងៃបុណ្យសង្សារ ។ ដូច្នេះហើយការប្រកួតនេះ គណៈកម្មការនឹងបញ្ជ្រាប បន្ថែមអំពីអត្ថន័យ ថ្ងៃទី១៤ កុម្ភៈនោះថា "វាគឺជាថ្ងៃ បុណ្យនៃសេចក្ដីស្រលាញ់ មិនមែនជាថ្ងៃបុណ្យសង្សារនោះទេ ដូច្នេះសូមយុវវយនមួយចំនួនតូច ដែលកំពុងយល់ច្រឡំបញ្ឈប់ សកម្មភាពនានា ដែលខុសឆ្គងនឹងប្រពៃណីជាតិទៅ" ។

អគ្គលេខាធិការខាងលើបន្ដថា "អ្វីដែលពិសេសនោះការបង្កើតព្រឹត្តិការណ៍ប្រដាល់ជើងឯក Black Panther នេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន៤ ដែលជាទិសដៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏ស្របតាម គោលនយោបាយកីឡារបស់រាជរដ្ឋាភិបាលផងដែរ" ។

ទី១: គឺផ្សព្វផ្សាយអំពីយុទ្ធនាការដំណើរ ឆ្ពោះទៅរៀបចំការធ្វើ ម្ចាស់ផ្ទះកីឡា SEA Games នាឆ្នាំ២០២៣ខាងមុខ

ទី២: បញ្ជ្រៀបព្រឹត្តិការណ៍កីឡាមួយចំនួនទៅដល់រាជធានី ខេត្ត-ក្រុងទូទាំងប្រទេស

ទី៣: ជំរុញផែនការយុទ្ធសាស្ដ្រ ពលរដ្ឋម្នាក់ គប្បីហ្វឹកហាត់កីឡាឲ្យបានយ៉ាងតិចមួយប្រភេទ

ទី៤: ការត្រៀមដាក់វិញ្ញាសាកីឡាប្រដាល់ចូលក្នុងការប្រកួតកីឡា SEA Games លើកទី៣២នាឆ្នាំ២០២៣នោះ។


ចំពោះកីឡាករទាំង៨រូប ដែលត្រូវប្រកួតសន្សំពិន្ទុក្នុងថ្ងៃបើកឆាករដូវកាលថ្មីនៅលើទឹកដីខេត្តកណ្ដាលនោះគឺមានដូចជាពូល A កីឡាករ ពេជ្រ ប៊ុនធឿន ប៉ះ ធី តុងហ៊ី និងកីឡាករ តក់សោភ័ណ្ឌ ជួបជាមួយ ទេស សំខាន់ ។ ឯពូល B គឺកីឡាករ ឈិន ក្វាន់ង៉ុយ ដែលជាម្ចាស់ជើងឯករដូវកាលចាស់ ត្រូវប្រកួតជាមួយកីឡាករ ហ៊ឹម សារ៉ាន់ និងកីឡាករ ប្រាក់ ចាន់ស៊ីន ប៉ះកីឡាករ នេន វណ្ណា ។ ចាំមើលតើកីឡាករណាខ្លះ នឹងរកបានពិន្ទុច្រើនជាងគេក្នុងថ្ងៃបើកឆាក ខណៈអ្នកឈ្នះទទួលបាន២ពិន្ទុ និងអ្នកចាញ់ទទួលបាន១ពិន្ទុ និងអ្នកបោះបង់ការប្រកួតទទួលបាន ០ពិន្ទុ ៕

Post a Comment

 
Top