ខ្សែបម្រើស្លាប Angel di Maria បាននិយាយថាទំនាក់ទំនងរវាងកីឡាករ Lionel Messi និងលោក Jose Mourinho មិនមានបញ្ហាអ្វីនោះទេ ហើយបើពួកគេបានធ្វើការជាមួយគ្នាទៀតគឺរឹតតែប្រសើរថែមទៀត។
ត្បិតតែរឿងរ៉ាវដែល ខ្សែប្រយុទ្ធ Lionel Messi និងអ្នកចាត់ការក្រុម Barcelona លោក Luis Enrique បានស្ងាត់ទៅវិញនៅពេលថ្មីៗនេះក៏ដោយ ប៉ុន្តែព័ត៌មានដែលថាកីឡាករវ័យ២៧ឆ្នាំរូបនេះអាចផ្លាស់ចេញពីអេស្ប៉ាញទៅ Chelsea នោះគឺនៅតែមានដដែល។ ខណៈដែលមិត្តជិតស្និទ្ធរបស់គេ កីឡាករ Di Maria ក៏បាននិយាយថាទំនាក់ទំនងរបស់ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga រូបនេះ និងលោក Mourinho មិនមានអ្វីល្អក់កករដែរ ហើយអាចទៅរួចបើសិនជារូបគេចេញពី Barca មែន។
ទោះជាយ៉ាងនេះក្ដី អតីតកីឡាករ Real Madrid ខាងលើក៏បានប្រាប់ហេតុផលមួយចំនួនដែលកីឡាករទទួលបានកាតក្រហមតែម្ដងគត់តាំងពីចេះលេងបាល់មក មិនអាចចាកចេញពីអេស្ប៉ាញដែរថា៖ “វាជារឿងពិបាកណាស់ដែលឱ្យ Messi ចេញពីអេស្ប៉ាញ ព្រោះក្លិប Barcelona ជាកន្លែងដែលគេនៅតាំងពីតូចមក។ ដូច្នេះ ខ្ញុំគិតថារូបគេមិនចង់ចាកចេញនោះទេ”។
ទន្ទឹមនឹងរឿងខាងលើនេះដែរ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះក៏បានបញ្ជាក់ពីគោលបំណងរបស់គេ ប្រសិនបើចាកចេញពី Manchester United ផងដែរថា៖ “ខ្ញុំសប្បាយចិត្តណាស់នៅបិសាចក្រហម ហើយមានតែ២រឿងទេដែលធ្វើឱ្យខ្ញុំពិបាកនៅទីនេះគឺអាកាសធាតុ និងភាសានិយាយ។ នេះជារឿងពិត ព្រោះខ្ញុំព្យាយាមរៀនហើយតែនៅតែពិបាកនិយាយដដែល។ បើនិយាយពីអនាគតខ្ញុំវិញ ប្រសិនបើខ្ញុំចាកចេញពី Old Trafford គឺមានតែស្រុកកំណើតខ្ញុំមួយគត់ដែលខ្ញុំចង់ទៅ ព្រោះខ្ញុំធ្លាប់បានទៅលេងនៅក្លិបធំៗលើលោកនេះអស់ហើយ។ ដូច្នេះអាហ្សង់ទីនជាកន្លែងល្អបំផុតសម្រាប់ខ្ញុំចូលនិវត្តន៍ពីបាល់ទាត់”។
រឿងដែលអតីតខ្សែបម្រើក្រុម Benfica រូបនេះចង់ទៅប្រទេសអាហ្សង់ទីននេះមិនមែនជាលើកទីមួយនោះទេ ដែលរូបគេបានប្រាប់ទៅអ្នកកាសែត។ ចាំមើល តើទៅថ្ងៃមុខទៅបុរសមានកូនស្រីមួយម្នាក់នេះពិតជាធ្វើរឿងដែលដូចនឹងអ្វីធ្លាប់និយាយនេះឬអត់?
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងដែល Di Maria និយាយថា Messi នឹងកាន់តែល្អប្រសិនបើធ្វើជាកូនក្រុមលោក Mourinho?
Subscribe to:
Post Comments (Atom)
Post a Comment