Manny Pacquiao បាននិយាយថា វាពិតជាគួរឲ្យអៀនខ្មាសណាស់ បើរូបគេចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់ ដោយមិនបានវ៉ៃជាមួយនឹងអ្នកប្រដាល់ជើងខ្លាំងរបស់អាមេរិក Floyd Mayweather Jr។
ម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន Pacquiao បាននិយាយថា៖ «ខ្ញុំគិតថាការប្រកួតនឹងអាចកើតឡើង។ ដូច្នេះសង្ឃឹមថាក្នុងរយៈពេល១សប្ដាហ៍ យើងនឹងអាចឮដំណឹងពីពួកគេ និងអាចរៀបចំការប្រកួតបាន»។
អ្នកប្រដាល់ជើងខ្លាំងអាស៊ី វ័យ៣៦ឆ្នាំ បានបន្តថា៖ «ខ្ញុំមិនចង់ចូលនិវត្តន៍ ដោយមិនបានវ៉ៃជាមួយគាត់ (Floyd) នោះទេ ព្រោះការប្រកួតនេះ មានអ្នកគាំទ្រជាច្រើនណាស់កំពុងតែរង់ចាំ»។
Pacquiao និង Floyd សុទ្ធតែចេញមកប្រកាសថា ចង់ឲ្យការប្រកួតកើតមានឡើងដូចគ្នា ខណៈដែលថ្មីៗនេះ អ្នកប្រដាល់វ័យ៣៧ឆ្នាំរបស់អាមេរិក បានបង្ហោះវីដេអូមួយនៅលើ Instagram របស់គេ។
ក្នុងវីដេអូនោះ Floyd បាននិយាយថា៖ «ខ្ញុំសូមចូលរួមត្រេកអរ សម្រាប់ភាពជោគជ័យក្នុងអាជីពរបស់គាត់ (Pacquiao)។ គាត់មានអាជីពមួយដ៏អស្ចារ្យ ខ្ញុំក៏ដូចគ្នា ប៉ុន្តែមុននឹងយើងបញ្ចប់អាជីព ប្រាកដណាស់យើងត្រូវតែធ្វើឲ្យការប្រកួតមួយនេះកើតមានឡើង»។
ពេលវេលាដែលអ្នកប្រដាល់ជើងខ្លាំងរបស់ពិភពលោកទាំង២រូបនេះគ្រោងធ្វើឡើងគឺ នៅថ្ងៃទី០២ ខែឧសភាខាងមុខ ប៉ុន្តែមិនទាន់ច្បាស់១០០%នៅឡើងទេ ខណៈដែលអាចនឹងមានការប្រែប្រួល ព្រោះគណៈកម្មការរៀបចំការប្រកួតមិនទាន់ប្រកាសជាផ្លូវការនៅឡើយ៕
Subscribe to:
Post Comments (Atom)
Post a Comment