GuidePedia

0
ទីបំផុតក្រុមឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ ពានរង្វាន់ Hun Sen-Cup ឆ្នាំ២០១៥ បានរកឃើញអស់ ហើយ គឺមានក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង ដែលអតីត ម្ចាស់ជើងឯករដូវកាលឆ្នាំ២០១១-២០១២ និងក្រុមណាហ្គាវើល អតីតក្រុមម្ចាស់ជើងឯករដូវកាលឆ្នាំ២០១៣កន្លងទៅ ។


សម្រាប់ក្រុមការពារតំណែងជើងឯកអគ្គស្នងការដ្ឋាន នគរបាលជាតិ (ប៉ូលិស) បានបរាជ័យទាំងមិនអស់ចិត្តក្រោមថ្វីជើងក្រុមណាហ្គាវើល ដែលកាត់សេចក្ដីឈ្នះ ចាញ់ដោយការទាត់បាល់ប៉េណាល់ទី (១១ម៉ែត្រ) ដោយប៉ូលិស ចាញ់ក្នុងលទ្ធផល ៣-១ ។ នៅក្នុងការប្រកួតពេញម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម ១៥នាទី ចំនួន២ដង ក្រុមទាំង២ បានរក្សាលទ្ធផលស្មើគ្នា ០-០ ខណៈទម្រង់លេងមានសភាព ស្ងប់ស្ងាត់មិនដូចមុនៗឡើយ ។

ក្រុមជើងឯកឆ្នាំ២០១៤ ប៉ូលិស តាមចំណាំក្រុមនេះ តែងតែប្រើយុទ្ធសាស្ដ្រវាយសម្រុកជានិច្ច រាល់ពេលប្រកួត ប៉ុន្ដែសម្រាប់ការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ ព្រ័ត្រ ជាមួយក្រុមណាហ្គាវើល ហើយក៏ដូចជាកីឡាករណាហ្គាវើលក្ដី គឺសុទ្ធតែជ្រើសរើសយកយុទ្ធសាស្ដ្រត្រជាក់ៗមកលេង ដែលជាហេតុធ្វើឲ្យការប្រកួតក្នុងម៉ោង ធម្មតា និងម៉ោងបន្ថែម ត្រូវបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ នឹងឈានទៅដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីតែម្ដង ។

រីឯក្រុមខេត្តស្វាយរៀងវិញ គឺបានបំបាក់ក្រុមត្រាយអាស៊ី ដោយលទ្ធផលបច្ចេកទេស ២-០ ដែលធ្វើបានសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម នៅនាទី៤០ និង នាទី៨៨ ។ ប៉ុន្ដែក្រុមម្ចាស់ផ្ទះ ក៏បុកពោះផងដែរ នៅពេលកីឡាករត្រាយអាស៊ី សល់ត្រឹម១០នាក់ក្រោយកីឡាករ នុត ស៊ីនួន ទទួលបានកាតក្រហម តែពួកគេបាន ប្ដូរយុទ្ធសាស្ដ្រវាយបកទៅលើក្រុមម្ចាស់ផ្ទះយ៉ាងខ្លាំងនៅតង់ទី២ ប៉ុន្ដែជាអកុសល ប្រាក់ មុន្នីឧត្តម ក៏បានបន្ថែមគ្រាប់បាល់ទី២ ផ្ដាច់ក្ដីសង្ឃឹមក្រុមត្រាយអាស៊ី នៅ នាទី៨៨តែម្ដង ។


ជ័យជំនះលើកនេះ ឃើញថាក្រុមឈ្នះ រួមមានអតីតក្រុមជើងឯកឆ្នាំ២០១២ ខេត្តស្វាយរៀង និងក្រុមជើងឯកឆ្នាំ២០១៣ ណាហ្គវើល នឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ ព្រ័ត្រ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ចុងសប្តាហ៍នេះ ខណៈក្រុមប៉ូលិស និងក្រុមត្រាយអាស៊ី ត្រូវជួបគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ៕

Post a Comment

 
Top