GuidePedia

0
ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទទួល​រង់ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្រោម​តំណក់​ភ្លៀង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​កម្ពុជា​រាប់​ម៉ឺននាក់​ដោយ​ត្រូវ​បាន​ភ្ញៀវ​ស៊ីរី​លត់​យ៉ាង​ចាស់​ដៃ ៦-០ សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី​ ជុំ​ទី​ពីរ​​ ជើង​ទី​១​។


ចាប់​ផ្តើម​ការ​ប្រកួត​នៅ​តង់​ទី​មួយ កម្ពុជា​លេង​បានយ៉ាង​ល្អ​ដោយ​ទទួល​បាន​បាល់​ជ្រុង​៣​ដង​ជាប់​គ្នា ប៉ុន្តែ​​មិន​អាច​ទម្លាយ​របាំង​ការពារ​ស៊ីរី​បាន​ឡើយ។ ចំពោះ​ស៊ីរី​វិញ​ក៏​មិន​បង្អង់​ជើង​ដែរ​ដោយ​បាន​វាយ​សម្រុក​វិញ ហើយ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ បន្ឬាប់​ពី​បាល់​ប៉ះ​ដៃ​របស់​ខ្សែ​ការពារ​កម្ពុជា ប៉ុន្តែ​កីឡាករ​ស៊ីរី​ស៊ុត​ធ្វើ​ឲ្យ​អ្នក​ចាំទី​​ ស៊ូ យ៉ាទី​ជួយ​សង្គ្រោះ​បាល់​បាន។

ចូល​ដល់​ពាក់​កណ្តាល​តង់​ទី​មួយ ក្រុម​ភ្ញៀវ​កាន់​តែ​គ្រប់​គ្រង​បាល់​បាន​ល្អ​ដោយ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ជាប់​​គ្នា​​​នៅ​នាទី​​២៨ និង​៣១​ដោយ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Khabin និង​កីឡាករ Sanharib។ នៅ​នាទី​៣៩ និង​នាទី​៤៥ Khabin បាន​បន្ថែម​១​​គ្រាប់​ទៀត​ និង Al Mawas រក​បាន​១​គ្រាប់​ដើម្បី​បញ្ចប់​តង់​ទី​មួយ ស៊ីរី​នាំ មុខ​កម្ពុជា ៤-០។

ចូល​តង់​ទី​ពីរ​ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ព្យាយាម​វាយ​សម្រុក និង​មាន​ឱកាស​ម្តង​ជា​ពីរ​ដង​ ប៉ុន្តែ​ធ្វើ​បាន​មិន​បាន​សម្រេច ព្រោះ​ខ្សែ​ការពារ​ស៊ីរីរឹងមាំ។ ផ្ទុយ​ទៅ​វិញ ស៊ីរី​បន្ថែម​២​គ្រាប់​ដោយ​កីឡាករ Omar នៅ​នាទី​ទី​៥០ និង Osamar នៅ​នាទី​ទី​៨១។ ចប់​ការ​ប្រកួត​​កម្ពុជា​ចាញ់​ស៊ីរី​៦-០ នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង​ដែល​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ទៅគាំទ្រ ហើយ​ទោះ​ជា​ភ្លៀង​យ៉ាង​ណា ក៏​ពួក​គេ​មិន​ដើរ​ចេញ​ទៅ​ណា​ឡើយ៕

Post a Comment

 
Top