GuidePedia

0
ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់របស់ Leo ​ វគ្គ​ ២ ទម្ងន់​ ៦៧ ​គីឡូក្រាម​ លើសង្វៀន​រោងសៀក នឹងត្រូវ​ចាប់ផ្តើម​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​អាទិត្យ ទី ១២ ខែ​កក្កដា​ ២០១៥ ខាងមុខ​នេះ​ហើយ ។​

កីឡាករ​ឯម វិចិត្រ (ឆ្វេង) នឹង​ត្រូវ​ជួបហ៊ឹម សា​រ៉ាន់ ថ្ងៃ​អាទិត្យ​​នេះ

សម្រាប់​ថ្ងៃ​ជម្រុះ​ជុំ​ទី​ ១ ​នេះ មាន​ចំនួន​ ២ ​គូ​ ដោយ​កីឡាករធា នុ​រាជ ​ក្លិប​ពោធិ៍ជ័យ​កីឡា​ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​វី​ សេរី​ចាន់​ឌីន ​ក្លិប​ខ្លារខិន​មាន​រិទ្ធ​ ខណៈ​ដែល​​កីឡាករ​ហ៊ឹម​ សារ៉ាន់ មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ នឹង​ត្រូវ​ជួប​ឯម ​វិចិត្រ​ ក្លិប​ឫទ្ធិពោធិ៍​សែន​ជ័យ​។ ​

បេក្ខភាព​កីឡាករ​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ Leo ​វគ្គ​ ២ ​មាន ៨ ​នាក់​រួមមាន​ ធានុ​ រាជ​, វី​ សេរី​ចាន់​ឌីន,​ ហ៊ឹម​ សារ៉ាន់, ឯម​ វិចិត្រ​, សល់ ​ប៊ុន​ហ៊ូវ ​ក្លិប​កុសល​កីឡា​, ពុទ្ធ​ ផន​កុសល​ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​, ផង់ ​សុភ័ស្ស​ ក្លិប​រាជ​សីហ៍​ខេត្តរ​តន​គិរី​ និង​ភុន​ សោ​ភ័ណ្ឌ ក្លិប​នាគ​រាជ​មាន​ជ័យ​។

តាម​រូបមន្ត​ កីឡាករ​ប្រដាល់​ទាំង​ ៨ ​នាក់​នេះ ត្រូវ​ជួប​ប្រ​កួត​គ្នា​ទាំង​អស់​ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​ប្រកួត​ចំនួន ៧ លើក ដើម្បី​ចម្រាញ់​យក​ ៤ ​នាក់​ទៅ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ មុន​នឹង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​

កីឡាករ ឯម​ វិចិត្រ ​មាន​ទម្ងន់​មិន​លើស​ ៦៣,៥ ​គីឡូក្រាម​នោះ​ឡើយ​ ប៉ុន្តែ​លោក​ឯម ​ចាន់​សុផល​ ​បាន​ដាក់​ឈ្មោះ​កីឡាករ​រូប​នេះ​ឲ្យ​ប្រកួត​ក្នុង​ទម្ងន់​ ៦៧ ​គីឡូក្រាម​។ កីឡាករ​ឯម វិចិត្រ ​បាន​ទទួល​ស្គាល់​ថា៖ «ខ្ញុំ​មាន​ទម្ងន់​មិន​គ្រប់​ ៦៧ ​គីឡូក្រាម​ទេ​ ប៉ុន្តែ​គ្មាន​ជម្រើស​នោះ​ទេ​ ដោយ​សារ​អ្នក​មាន​ទម្ងន់​ស្មើ​គ្នា​លំបាក​រក​ដៃ​គូ​ប្រកួត​ណាស់​»​។

ហ៊ឹម​ សារ៉ាន់ និង​ឯម​ វិចិត្រ មិន​ធ្លាប់​ប្រកួត​គ្នា​ទេ​ ប៉ុន្តែ​ បើ​និយាយ​ពី​បច្ចេកទេស​ក្បាច់​គុន​វិញ​ វិចិត្រ​ មាន​កម្រិត​ល្អ​ជាង ប៉ុន្តែ អាច​នឹង​លំបាក​ឈ្នះ​ដោយ​បញ្ហា​ទម្ងន់​។ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ ឯម​ វិចិត្រ ​បាន​វាយ​ឈ្នះ​កីឡាករ​ប្រដាល់​ថៃ​ Chheangkrai ​ដោយ​ពិន្ទុ​ ក្រោយ​ពី​ថៃ​​វាយ​ខុស​បច្ចេកទេស​។ ​ហ៊ឹម​ សារ៉ាន់​ ប្រកួត​ចុង​ក្រោយ បាន​វាយ​ស្មើ​ជាមួយ​ផង់​ សុភាព​។

សម្រាប់​ជំនួប​គូ​នេះ ​ ឯម ​វិចិត្រ​ ត្រូវ​បាន​រំពឹង​ថា មិន​អាច​ឈ្នះ​ហ៊ឹម​ សារ៉ាន់​ បាន​ទេ ដោយ​ចាញ់​ទម្ងន់​ជិត​ ៥​ គីឡូក្រាម​ឯ​នោះ បន្ថែម​ពី​លើ​នេះ អាច​ជួប​ហា​និភ័យ​ជា​យថា​ហេតុ​ណា​មួយ​ពី​ព្រោះ​ទម្ងន់​ខុស​គ្នា​ឆ្ងាយ​ពេក​។​

គូ​ខ្សែ​ក្រវាត់​មួយ​គូ​ទៀត​ ធា​ នុ​រាជ​ និង​វី​ សេរី​ចាន់​ឌីន​ ក៏​មាន​ភាព​ស្រដៀង​គ្នា​នេះ​ដែរ​ ដោយ​ពួក​គេ​មិន​ធ្លាប់​ប្រ​កួត​គ្នា​ទេ​​។​ បើ​តាម​​កត់​សម្គាល់​ពី​សមត្ថភាព​ក្បាច់​គុន​ វី​ សេរី​ចាន់​ឌីន ​មិន​អាច​មាន​សមត្ថភាព​ឈ្នះ​ធា​ នុរាជ ​នោះឡើយ​ពី​ព្រោះ​ចាញ់​ទាំង​ទម្ងន់ ​ចាញ់​ទាំង​បច្ចេកទេស​ ហើយ ធា​ នុរា​ជ ក៏​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​ផង​ដែរ​។​

ការ​ប្រ​កួត​ចុង​ក្រោយ ធា នុរាជ​ បាន​ចាញ់​កីឡាករ​ប្រដាល់​ថៃ ​Kao ​Phong ​Chai ​Phum​ ដោយ​ពិន្ទុ​ ខណៈ​ដែល​វី សេរី​ចាន់​ឌីន​ ប្រ​កួត​ចុង​ក្រោយ​ឈ្នះ​សេក ​ណារ៉ាក់​ កីឡាករ​ប្រដាល់​មក​ពី​ក្លិប​អង្គរមានជ័យ​ ដោយ​ពិន្ទុ​។​

ក្នុង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ Leo ​ទម្ងន់​ ៦៧ កីឡាករ​ដែល​ទទួល​បាន​លេខ​ ១ ​នឹង​បាន​រង្វាន់​ជា​ទឹក​ប្រាក់​សុទ្ធ​ចំនួន​ ២៥០០ ​ដុល្លារអាមេរិក​ និង​បាន​ប្រាក់​ខែ​បី​ខែ ដោយ​ក្នុង​មួយ​ខែ​មាន​ចំនួន​ ១៥០ ​ដុល្លារ​៕

Post a Comment

 
Top