GuidePedia

0
ក្រុមការពារតំណែងជើងឯក Amru FC សម្រាប់ថ្ងៃបើកឆាកការប្រកួតបាល់ទាត់ពានរង្វាន់ Khmer Real Estate-Cup រដូវកាលទី៤ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៥ម្សិលមិញនេះ បានរបូតអស់៣ពិន្ទុយ៉ាងស្រួល បន្ទាប់ពី ត្រូវក្រុមចំណូលថ្មី Basac FC បំបាក់ក្នុងលទ្ធផលបច្ចេកទេស ៥-២ នៅលើទីលាន My Team ។


សម្រាប់លទ្ធផលនៃការប្រកួតសប្ដាហ៍ទី១ ក្នុងយុទ្ធនាការជម្រុះពូល A នៃពានរង្វាន់លក្ខណៈមិនអាជីពខាងលើ គឺមាន ៥ប្រកួត ប៉ុន្ដែក្នុងនោះ គេសង្កេតឃើញ ក្រុម ការពារ តំណែងជើងឯក Amru FC ហាក់លេងមិនសូវល្អសោះ ហើយថែម ទាំងចាញ់គ្រាប់បាល់យ៉ាងច្រើនផងដែរ ក្រោមថ្វីជើងក្រុម Basac FC រហូត ៥-២ ដែលជាហេតុធ្វើឲ្យ Basac FC មាន ៣ពិន្ទុនាំមុខបណ្តោះអាសន្ន ។

រីឯលទ្ធផល៤ប្រកួតផ្សេងទៀតនោះមានដូចជា អតីតក្រុមជើងឯកឆ្នាំ២០១៣ Christianair FC បានប្រកួតចាញ់ក្រុម ម្ចាស់ទឹកដីខណ្ឌពោធិ៍សែនជ័យ ក្នុង លទ្ធផល ២-១, ក្រុម Canteen FC យកឈ្នះក្រុម TYFI FC ក្នុងលទ្ធល ២-១ ដូចគ្នា ខណៈក្រុម H.P.L FC បំបាក់ក្រុម Union FC ដោយលទ្ធផល ៨-២ និងក្រុម Khmer United ប្រកួតចាញ់ក្រុម ព្រៃសិលាទាំងប្រផិតប្រផើយក្នុងលទ្ធផល ២-១ ។

ចំណែកលទ្ធផលការប្រកួតជម្រុះពូល B ដែលធ្វើឡើងនៅលើទីលានដំរីសក្នុងថ្ងៃជាមួយគ្នានោះដែរក៏មាន ៥ប្រកួត ដូចគ្នាក្នុងនោះមានក្រុម Multimedia FC ប្រកួតស្មើក្រុម Goodhill FC ២-២, ក្រុម RFL FC យកឈ្នះលើក្រុម V.trian ក្នុងលទ្ធផល ២-០, ក្រុម Heng Asia ប្រកួតចាញ់ក្រុម Anvaya Keila ក្នុងលទ្ធផល ៣-២, ក្រុម Nissay FC ប្រកួតឈ្នះក្រុម YFC ដោយលទ្ធផល ៤-២ និងក្រុម White Tiger បានបរាជ័យក្រោមថ្វីជើងក្រុម Nissan FC ក្នុង លទ្ធផល ៤-២ ។


លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Khmer Real Estate-Cup ខាងលើ បាន មានប្រសាសន៍ថា ក្នុងការប្រកួតនេះ សម្រាប់ក្រុមទទួលបានជ័យជំនះគឺ ទទួលបាន៣ពិន្ទុ ខណៈស្មើគ្នាទទួលបាន១ពិន្ទុ ប៉ុន្ដែបើចាញ់មិនទទួលបានពិន្ទុនោះទេ ដូច្នេះសម្រាប់ក្រុមដែល ឈ្នះក្នុងថ្ងៃបើកឆាកនោះ សុទ្ធតែទទួលបាន៣ពិន្ទុដូចៗគ្នា ឯក្រុមស្មើ ក៏ទទួលបាន១ពិន្ទុផងដែរ ៕

Post a Comment

 
Top