GuidePedia

0
អ្នក​លេង​ក្បាច់​គុន​បុរាណ​ខ្មែរ ចាន់ រតនា ​នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​គុន​ចម្រុះ​ក្នុង​ទ្រុង​ One FC: Age of Champion នា​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា Tammy Chan ប្រធាន​ទំនាក់ទំនង​សាធារណៈ​របស់​ស្ថាប័ន One Fighting Championship បាន​ប្រាប់​ថា កីឡាករ​កម្ពុជា ចាន់ រតនា​ ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប្រកួត​នឹង​កីឡាករ​ហ្វីលីពីន​ឈ្មោះ​ Ramon Gonzalex។ កីឡាករ​ហ្វីលីពីន​រូប​នេះ​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​កម្មវិធី​ One FC ឡើយ។

កីឡាករ ចាន់ រតនា


កញ្ញា​បាន​និយាយ​ថា ៖«Ramon អត់​មាន​ប្រវត្តិ​ប្រកួត​ទេ ព្រោះ​គេ​មិន​ធ្លាប់​វ៉ៃ​ក្នុង​ទ្រុង​របស់​កម្មវិធី​ប្រដាល់​គុន​ចម្រុះ One FC ឡើយ»។ ទោះ​បី​ជា​យ៉ាង​ណា​កញ្ញា​មិន​បាន​បញ្ជាក់​ថា​តើ​កីឡាករ​ហ្វីលីពីន​ម្នាក់​នេះ​ធ្លាប់​បាន​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​គុន​ចម្រុះ​នៅ​កម្មវិធី​​ដទៃ​ ព្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ផ្សេង​ទៀត។

បុរស​ប្រពន្ធ​បារាំង​រូប​នេះ​​ជា​កីឡាករ​ដែល​ធ្លាប់​បាន​ប្រកួត​ក្បាច់​គុន​ខ្មែរ​បុរាណ​​ច្រើន​ដង​ និង​ធ្លាប់​បាន​ប្រកួត​ក្នុង​ទ្រុង One FC ម្តង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៤ ប៉ុន្តែ​ជា​ការ​ប្រកួត​នឹង​កីឡាករ​រួម​ជាតិ​ដែល​ពេល​នោះ​ត្រូវ​បាន​ចៅ​ក្រម​កាត់​ឲ្យ​ចាញ់​កីឡាករ សំអាង ឌុន ព្រោះ​ការ​ប្រកួត​បំពាន​លើ​បច្ចេកទេស។

ការ​ប្រកួត​របស់​​តារា​ល្បុក្កតោ​កម្ពុជា​ម្នាក់​​នេះ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ធ្វើ​ឡើង​ បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហាត់​រយៈ​ពេល​មួយ​ខែ​ពេញ​នៅ​ប្រទេស​ថៃ។ ចាន់ រតនា និង សំអាង ឌុន ទើប​តែ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ Tiger Mauy Thai ស្ថិត​នៅ​ខេត្ត​ Phuket ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា កន្លង​ទៅ​ថ្មី​ៗ​នេះ។ នៅ​ក្លិប​ដែល​សម្ភារៈ​ហ្វឹកហាត់​ទំនើប និង​ស្តង់ដារ​អន្តរជាតិ កីឡាករ​ទាំង​ពីរ​នាក់​នឹង​ចំណាយ​ពេល​ហ្វឹកហាត់​រយៈ​ពេល​មួយ​ខែ​ពេញ​ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពី​ណាហ្គាវើល។

ចាប់​តាំង​ពី​វិស័យ​ក្បាច់​គុន​ចម្រុះ​លេច​មុខ​នៅ​ប្រទេស​កម្ពុជា​​មក កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់​មក​ហើយ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ដូច​ជា ឡុង សុភី, ឃីម ឌីម៉ា, តក់ សោភ័ណ្ឌ, សំ ថារ័ត្ន, ចាន់ ហេង, ពេជ្រ សីហា, សរ សី ជា​ដើម ប៉ុន្តែ​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ស្គាល់​ពាក្យ ឈ្នះ​នៅ​ឡើយ​ទេ៕

ចាន់ រតនា (ខោខៀវ) ប្រកួត​នឹង សំអាង ឌុន (ខោ​លឿង​លាយ​ខ្មៅ)

Post a Comment

 
Top