GuidePedia

0
សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) បានបើកយុទ្ធនាការធ្វើតេស្ដ សមត្ថភាព ក្មេងស្រីចំនួន៥៤នាក់ ចាប់ពី ថ្ងៃទី២៧-៣១ ខែមីនាស្អែកនេះ ដើម្បីជ្រើសរើស អ្នកមានទេពកោសល្យចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិស្ដ្រីអាយុ ក្រោម១៤ឆ្នាំ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFC U-14 Girls' Regional Championship 2015 - Asean Zone នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។


យោងតាមព័ត៌មាននៅលើ Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា កម្មវិធីប្រមូលផ្ដុំហ្វឹកហាត់បាល់ទាត់ស្រ្ដី នេះមានរយៈពេល ៥ ថ្ងៃជាប់គ្នា នៅលើទីលានមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិទន្លេបាទី ខេត្តតាកែវ ដោយក្នុងចំណោម ក្មេងស្រីទាំង៥៤នាក់ នឹងជម្រុះយកតែ១៨នាក់ប៉ុណ្ណោះ ដើម្បីធ្វើការហ្វឹកហាត់ត្រៀមចូលរួម ប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ានខាងលើ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ស្រី្ដអាយុក្រោម១៤ឆ្នាំ ឆ្នាំ២០១៥នេះ គឺមាន៩ប្រទេសចូលរួមដែលត្រូវបែងចែកជា២ពូល ដើម្បីធ្វើការប្រកួតជម្រុះ ។ សម្រាប់ពូល A មាន៥ប្រទេស ក្នុងនោះមាន កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងឥណ្ឌូនេស៊ី គ្រាដែលពូល B វិញមាន៤ក្រុមដែរគឺមានម្ចាស់ផ្ទះវៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន ។


ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ព្រឹត្តិការណ៍អន្ដរជាតិខាងលើនឹងដំណើរការការប្រកួតចាប់ពីថ្ងៃទី២០-២៨ ខែមិថុនាខាងមុខ នៅលើទីលាន បាល់ ទាត់នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ។ កាលពីឆ្នាំ២០១៤កន្លងទៅក្រុមកីឡាបាល់ទាត់ស្រី្ដអាយុក្រោម១៤ឆ្នាំកម្ពុជា ក៏ធ្លាប់ចូលរួមដែរ ប៉ុន្ដែមិនទទួល បាន លទ្ធផលល្អឡើយ ៕

Post a Comment

 
Top