GuidePedia

0
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប អ្នកប្រដាល់ ផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធ ព្រមទាំងអ្នកប្រដាល់ មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិត្រូវ តស៊ូជាមួយអ្នកប្រដាល់ថៃក្នុងកម្មវិធីប្រដាល់ Expert នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះនៅលើសង្វៀន SEA-TV ។


អ្នកប្រដាល់ ផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធប៉ះអ្នកប្រដាល់ថៃ Phlav Fai ក្នុងទម្ងន់៦២គីឡូក្រាម ។ បើតាមលោក ញៀន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ ប្រចាំសង្វៀន SEA-TV និយាយឲ្យដឹងថា Phlav Fai អ្នកប្រដាល់ថៃរូបនេះជាអ្នកប្រដាល់មិនធម្មតានោះឡើយ ហើយអ្នកប្រដាល់ថៃ Phlav Fai មានប្រវត្តិប្រកួត ចំនួន៧៦លើក ឈ្នះ៦៦លើក ចាញ់៨លើក និងស្មើ២លើក ។

ចំពោះផល សោភ័ណ្ឌ បានឈ្នះអ្នកប្រដាល់ថៃ Yorth Sek ក្នុងទឹកទី២ បន្ទាប់ពីអ្នកប្រដាល់ថៃនោះយកជង្គង់អុកទៅ លើដើមទ្រូង ពេលដែលគេដួលលើសង្វៀន ហើយនោះ ធ្វើឲ្យ សោភ័ណ្ឌ មិនអាចប្រកួតបាន ។ ផល សោភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន៩៣លើក ឈ្នះ៨២ដង និងចាញ់១១ដង មិនដែលស្មើ ហើយធ្លាប់ផ្ដួលគូ ប្រកួតឲ្យសន្លប់លើសង្វៀនចំនួន២២ដង ។

សម្រាប់អ្នកប្រដាល់ មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិ និងជាម្ចាស់ខ្សែក្រវាត់ K.Cement ទម្ងន់៦០គីឡូក្រាម ជួបប្រកួតជាមួយថៃ Phach Nam Ek ប្រកួតគ្នាក្នុងទម្ងន់៦២គីឡូក្រាមដែរ ។

នៅក្នុងស្រុក មាស ច័ន្ទមាន ជាអ្នកប្រដាល់ដែលវាយមិនចេះខ្លាច និងមិនសូវដែលស្គាល់ពាក្យថា ចាញ់នោះទេដោយ ភាគច្រើនប្រកួតឈ្នះជានិច្ច ។ មាស ច័ន្ទ មាន ការប្រកួត១១៤លើក វាយឈ្នះ៩១ដង និងចាញ់២៣ដង មិនដែលស្មើទេ ហើយប្រកួតចុងក្រោយនេះ វាយផ្តួលអ្នកប្រដាល់ថៃ Re Da ក្នុងទឹកទី៣នៅលើសង្វៀន SEA-TV ។

ចំណែក Phach Nam Ek ធ្លាប់មកប្រកួតនៅស្រុកខ្មែរ២ដងហើយ ដោយមកលើកទី១វាយចាញ់ ឡៅ ចន្ទ្រា ក្លឹបកងទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ និងលើកទី២ វាយឈ្នះ ឈឿន ឆៃដែន ក្លឹបនិរោធមានជ័យដោយពិន្ទុ ក្នុងប្រវត្តិប្រកួត៧២លើក Phach Nam Ek វាយឈ្នះ៦០ដង ចាញ់១១ដង និងស្មើ១ដង ។

ចំពោះការប្រកួតរវាងជាតិវិញអ្នកប្រដាល់ ជា សំនៀង ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបជាមួយអ្នកប្រដាល់ ម៉ន ចៅក្របី ក្លឹបការិយាល័យទី៥កងទ័ព ជើងគោក ក្នុងទម្ងន់៦០គីឡូក្រាម ។


សំនៀង ប្រកួតចុងក្រោយ វាយឈ្នះ សុខ ចិន្តា ក្លឹបឃ្លាំងមឿងកីឡា ក្នុងទឹកទី៣ ឯការប្រកួតចុងក្រោយរបស់ ម៉ន ចៅក្របី វិញគេវាយឈ្នះ ម៉ៅ ដាំដូច ក្លឹបខ្លា រខិនមានរិទ្ធដោយពិន្ទុ និងអ្នកប្រដាល់ សៅ យ៉ាន់ ហាន់ស៊ីញ ក្លឹបសៅយ៉ាន់ប្រកួតជាមួយអ្នកប្រដាល់ យឹម សារុន ក្លឹបកងពលតូចលេខ៣១ ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាម ៕

Post a Comment

 
Top