GuidePedia

0
អ្នក​ប្រដាល់​ ឪ​ម សំរេច ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​សុំ​ជួប​ជាមួយ​ ឯម លី​ថូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ដើម្បី​ទូទាត់​បំណុល​ចាស់។


សំរេច ធ្លាប់​ជួប​ ឯម លី​ថូ​ ម្ដង​ហើយ​ កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​កន្លងមក​នោះ ប៉ុន្តែ​គេ​ត្រូវ​បរាជ័យ​ ដោយ​វាយ​ចាញ់​ លី​ថូ ដោយ​ពិន្ទុ។ ទោះជា​វាយ​ចាញ់​ក៏ដោយ ក៏ ​ឪ​ម សំរេច បាន​ធ្វើ​ឲ្យ ​លី​ថូ ឈឺ​សាច់ ​និង​វេទនា​ខ្លួន​គួរសម​ដែរ។ សំរេច ប្រកួត​ជា​មួយ លី​ថូ​ កន្លងមក​នោះ គេ​វាយ​បាន​ល្អ​ និង​ខ្លាំង គ្រាន់តែ​ការ​វាយ​ចេញ​របស់​គេ​ភាគច្រើន​មិន​ចំ​គោលដៅ​ល្អ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ចាញ់​ពិន្ទុ​លី​ថូ ​នោះ ដោយ​ក្នុងចំណោម​ចៅក្រម​៥​នាក់ មាន​៣​នាក់ឲ្យ ​លី​ថូ ​ឈ្នះ ហើយ​២​នាក់​ឲ្យ ​សំរេច​ ឈ្នះ ។

សំរេច ប្រកួត​ល្អ​ និង​ខ្លាំង ឃើញ​បាន​ពីរ​ ឬ​បី​ទឹក​ដំបូង​ប៉ុណ្ណោះ តែ​ចាប់ពី​ចុង​ទឹក​ទី​៣​ ទៅដល់​នោះ​ទឹក​ទី​៥ គឺ​ការប្រកួត​របស់​គេ​ចាប់​ផ្ដើម​ថមថយ​ និង​ធ្លាក់​ចុះ​ហើយ។ ម្ល៉ោះហើយ ទើប​ចាញ់ ​លី​ថូ ។ យ៉ាងណា ឪ​ម សំរេច​ ឡើង​សងសឹក​លើក​នេះ ក៏​មិន​ប្រាកដ​ថា​អាច​ឈ្នះ​ លី​ថូ​ ដែរ ព្រោះ ​សំរេច​មួយ​រយះ​ចុងក្រោយ​នេះ គេ​វាយ​ធ្លាក់​មែនទែន ពោល​គឺ​១០​ប្រកួត​ចុងក្រោយ​នេះ គេ​ចាញ់​រហូត​មិន​ដែល​អ្នកណា​ឡើយ។​

ឯម លី​ថូ ជា​អ្នក​ប្រដាល់​ជើងចាស់ តែ​មិន​ជា​ខ្លាំង​លើស ​ឪ​ម សំរេច ប៉ុន្មាន​ទេ ដោយសារ​បច្ចុប្បន្ន​នេះ​គេ​ថមថយ​កម្លាំង មិន​ខ្លាំង​ដូច​ពីមុន តែ​ចិត្ត​ប្រដាល់​របស់​គេ​នៅតែ​ធំ ព្រមទាំង​អំណត់​ខ្ពស់ និង​មាន​កលល្បិច​ក្នុង​ការ​ប្រកួត​ខ្ពស់​ជាង​ សំរេច​ ប៉ុណ្ណោះ។ ចាំ​មើល លើក​នេះ តើ​ ឯម លី​ថូ​អាច​យកឈ្នះ ​ឪ​ម សំរេច បាន​ទៀត​ ឬ​អត់​?

ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា ក៏​នឹង​ឡើង​ប្រកួត​សងសឹក​ជាមួយ ​ឯម សារ៉ាក់ ​អ្នក​ប្រដាល់​ក្លិប​ឫ​ទី្ធ​ពោធិ​សែន​ជ័យ​ដែរ។ ពីរ​នាក់​នេះ ធ្លាប់​ជួប​គ្នា​ចំនួន​៤​លើក​ហើយ ដែល​ជួប​លើក​ទី​១ ​លើក​ទី​២ សារ៉ាក់ ​វាយ​ចាញ់ ​សាវុធ និង​លើក​ទី​៣ ទី​៤ ទើប ​សារ៉ាក់​ បាន​ឈ្នះ​ សាវុធ ដោយ​ពិន្ទុ​វិញ​នោះ។

ឯម សារ៉ាក់ ជា​អ្នក​ប្រដាល់​ដែល​មាន​ផ្លែ​ល្អ ទាំង​កណ្ដាប់ដៃ ទាំង​ទាត់​ និង​ជង្គង់​ កែង ម្ល៉ោះ​ហើយ ជុន សាវុធ ដែល​មាន​មាឌ​ស្ដើង ​និង​កម្លាំង​ស៊ុ​ហ្វ​មិនសូវ​គ្រប់គ្រាន់​ផង​នោះ សង្ឃឹម​ឈ្នះ​សារ៉ាក់​ តិច​បំផុត​សម្រាប់​ជំនួប​សងសឹក​នេះ។

សារ៉ាក់ ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ ​ជុន សាវុធ​ នេះឯង។ ឯ​ការប្រកួត​ចុងក្រោយ​របស់​សាវុធ គឺ​វាយ​ចាញ់ ​សារ៉ាក់ ក្នុង​ទឹក​ទី​១​នោះ។ តាមពិត ជុន សាវុធ គេ​មាន​ផ្លែ​ល្អ​ដែរ ប៉ុន្តែ​គឺ​អន់​កម្លាំង​ស៊ុ​ហ្វ​តែមួយ​មុខ​គត់។ ចាំ​មើល ជុន សាវុធ អាច​សងសឹក ឯម សារ៉ាក់ បាន​សម្រេច ​ឬ​អត់? ​

ឡៅ ផា​នាថ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារ​កំព្រា នឹង​ត្រូវ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​ ផង់ សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ផា​នាថ គេ​ទើបតែ​ប្រកួត​ចាញ់ ​នូវ ស៊ីថា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​ កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា​កន្លង​មក​នេះ ដែល​ ស៊ីថា ​ក៏​ជា​សិស្ស​រួម​គ្រូ​ជាមួយ​ ផង់ សុ​ភ័ស្ស​ ដែរ។ តែ​សម្រាប់​ការ​ជួប​ជា​មួយ ​សុ​ភ័ស្ស ​លើក​នេះ ផា​នាថ​ មិន​ប្រាកដ​ថា​ចាញ់​នោះ​ទេ ព្រោះ​ សុ​ភ័ស្ស​ មិន​ជា​ខ្លាំង​ដូច ​ស៊ីថា​នោះ​ឡើយ។​

ផង់ សុ​ភ័ស្ស បាន​កម្លាំង​កាយសម្បទា ប៉ុន្តែ​ក្បាច់​ប្រដាល់​ និង​ល្បិចកល​ប្រកួត មិន​ដល់​នូវ ស៊ីថា​ទេ។ ដូច្នេះ​ការ​ជួប​ប្រកួត​ជាមួយ ​ឡៅ ផា​នាថ ក៏​ពិបាក​សន្និដ្ឋាន​ថា​នឹង​អាច​ឈ្នះ​ ឡៅ ផា​នាថ​នោះ​ដែរ។ ចាំ​មើល ការ​ជួប​គ្នា​លើកដំបូង​នេះ តើ​ ឡៅ ផា​នាថ​ ឈ្នះ ឬក៏ ផង់ សុ​ភ័ស្ស​ជា​អ្នកឈ្នះ?

អ្នក​ប្រដាល់​ជើង​ថ្មី ម៉ុ​ន ស៊ីម៉ាក់ ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្ត​សៀមរាប ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​ គឺ​ចាន់ សាន់ ក្លិប​និរោធ​មានជ័យ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕

Post a Comment

 
Top