GuidePedia

0
ក្លិប Besiktas បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាល្លឺ​ម៉ង់ Mario Gomez ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប Fiorentina ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A​​។ Gomez វ័យ​៣០​ឆ្នាំ បាន​ចូល​រួម​ក្នុង​កិច្ច​សន្យា​​ខ្ចី​ជើង​រយៈ​ពេល​១​ឆ្នាំ​ជា​មុន​សិន​ ​ជា​មួយ​នឹង​​ជម្រើស​ក្នុង​ការ​បំពេញ​ការ​ផ្ទេរ​នេះ​ជា​​អចិន្ត្រៃយ៍ នៅ​រដូវ​កាល​ក្រោយ​​។


អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Stuttgart និង Bayern Munich រូប​នេះ បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​​ត្រឹម​តែ​២៩​លើក​គត់​ក្នុង​ក្រប​ខ័ណ្ឌ Serie A និង​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​លីក​​ចំនួន​៧​គ្រាប់​ក្នុង​រយៈ​ពេល​​២​រដូវ​កាល​ក្នុង​ទីក្រុង Florence ខណៈ​ដែល​​បញ្ហា​​រង​របួស​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ពេល​វេលា​លេង​របស់​គេ​។

ក្លិប​យក្ស​របស់​តួក​គី Besiktas បាន​ប្រកាស​ពី​​ការ​ចូល​រួម​របស់ Gomez ​នៅ​លើ​​បណ្តាញ​​សង្គម Twitter នៅ​មុន​ពេល​កីឡាករ​រូប​នេះ​បាន​បង្ហោះ​រូប​ភាព​​ផ្ទាល់​ខ្លួន​របស់​គេ​​​ដែល​បង្ហាញ​ពី​ការ​កាន់​អាវ​របស់​ក្លិប Besiktas នៅ​លើ​បណ្តាញ​សង្គម Facebook របស់​គេ​។

លោក Paulo Sousa​ គ្រូ​បង្វឹក​របស់​ក្លិប Fiorentina ធ្លាប់​បាន​ផ្តល់​នូវ​ការ​​គាំ​ទ្រ​របស់​លោក​ដល់ Gomez កាល​ពី​​ដើម​ខែ​កក្ក​ដា ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​សង្ឃឹម​ថា នឹង​​រក​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​​ត្រឡប់​មក​វិញ​នៅ​ប្រទេស​​តួក​គី​ដើម្បី​ធ្វើ​ឲ្យ​រូប​គេ​ផ្ទាល់​​ទទួល​បាន​ការ​កោះ​ហៅ​ទៅកាន់​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​វិញ នៅ​មុន​ពេល​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០១៦​​។

សេច​ក្តី​ថ្លែង​ការណ៍​មួយ​នៅ​លើ​គេហ​ទំ​ព័រ​របស់​ក្លិប Besiktas បាន​ឲ្យ​ដឹង​ថា៖ «Besiktas អាច​​ប្រកាស​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា ក្លិប​នេះ​បាន​ឈាន​ដល់​ការ​ព្រម​​ព្រៀង​គ្នា​មួយ​ជា​មួយ​នឹង​ក្លិប Fiorentina ដើម្បី​ខ្ចី​ជើង​​ខ្សែ​ប្រយុទ្ធ Mario Garcia Gomez​​។ កិច្ច​សន្យា​នេះ​ក៏​រាប់​បញ្ចូល​ទាំង​ជម្រើស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ផ្ទេរ​នេះ​ក្លាយ​ជា​ការ​ផ្ទេរ​ជា​​ចិន្ត្រៃយ៍​ផង​ដែរ​»​​៕

Post a Comment

 
Top