GuidePedia

0
លោក​គ្រូបង្វឹក Massimiliano Allegri បញ្ជាក់​ថា Juventus នឹង​ត្រៀម​ខ្លួន​រួច​រល់​ក្នុង​ការ​ទប់ទល់​នឹង «​ខ្សែ​ប្រយុទ្ធ​ទាំង​បី​ដ៏​មុត​ស្រួច​» ​ដែល​រួម​មាន Luis Suarez, Neymar និង Lionel Messi នៅ​ពេល​ដែល​ក្រុម​យក្ស​​ក្នុង​ទីក្រុង Turin មួយ​នេះ ត្រូវ​ជួប​ Barcelona ក្នុង​ការ​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​នេះ​។


រដូវកាល​របស់​ក្រុម Juventus បាន​ស្ថិត​ក្នុង​កម្រិត​ដ៏​ល្អ​ឥតខ្ចោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Allegri បាន​ឈ្នះ​ជួយ​ឲ្យ​ក្រុម​សេះ​បង្កង់​មួយ​នេះ​ឈ្នះ​ពាន​​រង្វាន់ Serie A ជា​លើក​ទី​ ៤​ ជាប់​ៗ​គ្នា​របស់​ពួក​គេ និង​ពាន League Cup ក្នុង​រដូវកាល​តែ​មួយ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ ២០ ​ឆ្នាំ​​ក្នុង​ការ​កាន់​តំណែង​ក្នុង​រដូវកាល​ទី​ ១​ របស់​លោក​។

ប៉ុន្តែ ក្តី​សង្ឃឹម​របស់​ក្រុម Juventus ក្នុង​ការ​ឈ្នះ​ឲ្យ​បាន​ពាន​បី​ក្នុង​រដូវកាល​តែមួយ​ដូច​អ្វី​ដែល​ក្រុម Inter Milan ធ្វើ​បាន​កាល​ពី​ឆ្នាំ​ ២០១០ ហាក់​ស្ថិត​ក្នុង​ភាព​ស្តួចស្តើង​ដោយ​សារតែ​ពួកគេ​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៊ែរឡាំង​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​នាម​ជា​ក្រុម​ដែល​មាន​ក្តីសង្ឃឹម​តិច​ក្នុង​ការ​ឈ្នះ​។

ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​ទាំង​បី​ដែល​រួមមាន​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អ៊ុយរូហ្គាយ Suarez (រក​បាន​ ២៤​ គ្រាប់) ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប្រេស៊ីល Neymar ( ៣៨​ ​គ្រាប់) និង​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន Messi ( ៥៨​ គ្រាប់) សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​ ១២០​ គ្រាប់​នៅ​រដូវ​កាល​នេះ​ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះពាន​រង្វាន់​លីក និង​ King's Cup ក្នុង​រដូវកាល​តែមួយ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ Messi កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​ ក្រោយ​ពី​បាន​រក​គ្រាប់បាល់​ទី​ ៤០០​ របស់​គេ​សម្រាប់​ក្លិប​មាន​មូលដ្ឋាន​នៅ​ Catalonia មួយ​នេះ​កាល​ពី​ខែ​មុន រក​គ្រាប់បាល់​ឈ្នះ​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Atletico Madrid ​ ដើម្បី​លើក​ពាន​លីក និង​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​ពេល​ក្រុម​របស់​ខ្លួន​ទទួល​ជ័យជម្នះ ៣-១ លើ​ក្រុម Athletic Bilbao ​ដើម្បី​លើក​ពាន King's Cup កាល​ពី​ថ្ងៃ​សៅរ៍​។

ភាព​មុតស្រួច​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់ Messi មិន​អាច​ធ្វើ​ឲ្យ​កីឡាករ​របស់​ក្រុម Juventus ប្រកែង​បាន​ឡើយ ហើយ​លោក Allegri បាន​ទទួលស្គាល់​ថា៖ «​ខ្ញុំ​គិត​ថា អ្វី​ដែល​រូបគេ​បាន​ធ្វើ​កាល​ពី​ថ្ងៃ​សៅរ៍​មុន ពិត​ជា​រឿង​ដ៏​ល្អ ប៉ុន្តែ រូបគេ​ក៏​បាន​ស៊ុតបាល់​បញ្ចូល​ទី​ល្អ​ជាង​ជា​ច្រើន​ផង​ដែរ​»​។ ខ្សែ​ការពារ Leonardo Bonucci របស់​ក្រុម Juventus បាន​និយាយ​ថា៖ «​រូបគេ​ជា​មនុស្ស​ពិភព​ផ្សេង​ម្នាក់​»​។


នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​មើល​ឃើញ​កីឡាករ​ទាំង​បី​លេង​ជា​មួយ​គ្នា​នេះ ​Bonucci​ បាន​ទទួល​ស្គាល់​ថា៖ «​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ការ​ទះ​ដៃ​កោត​សរសើរ​»​។ ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​ ១:៤៥​ ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕

Post a Comment

 
Top