GuidePedia

0
ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​លើក​ទី​៤​ វគ្គ​ខ្លាំង ​ប៉ះ​ខ្លាំង​ ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​រោង​សៀក​ទល់មុខ​រដ្ឋសភា នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ជា​ការ​ប្រកួត​សម្រាប់​សប្ដាហ៍​ទី​៨ ដែល​មាន​អ្នក​ប្រដាល់​៤​រូប ត្រូវ​ជួប​ប្រកួត​គ្នា។​


សម្រាប់​ជំនួប​ជុំ​ទី​៤ ​រវាង​អ្នក​ប្រដាល់​ទាំង​៤​រូប​នោះ គឺ​ចៅ​ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្ត​បាត់​ដំបង ត្រូវ​ជួប​ជាមួយ ​លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លិប​អាស៊ី​កីឡា និង​មួយ​គូ​ទៀត គឺ​អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប ​សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង។​

រវាង ចៅ ផល​ឌឿ និង លួ​ន សុខ​ខេង មិនដែល​ប៉ះ​គ្នា​ទេ​កន្លងមក។ ពីរ​នាក់​នេះ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដូចគ្នា និង​មាន​សមត្ថភាព​បច្ចេកទេស​ប្រដាល់​ប្រដំ ប្រសងគ្នា។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយ​ពីរ​នាក់​នេះ​ក៏​មិន​អាច​មាន​អ្នកណាម្នាក់​មើលស្រាល​គ្នា​បាន​ដែរ។​

ចៅ ផល​ឌឿ ប្រកួត​៣​លើក​កន្លងមក ឈ្នះ​២ ចាញ់​១​ប្រកួត មាន​៧​ពិន្ទុ។ ឯ លួ​ន សុខ​ខេង គេ​ប្រកួត​៣​លើក​កន្លងមក ចាញ់​ទាំង​៣​ប្រកួត​មាន​៣​ពិន្ទុ។ ចាំ​មើល ​លួ​ន សុខ​ខេង អាច​ស្គាល់​ពាក្យ​ឈ្នះ​ឬទេ សម្រាប់​ការប្រកួត​លើក​ទី​៤ ដែល​ជួប​ជាមួយ​ឈ្នះ​ ចៅ ផល​ឌឿ នេះ។​

ចំពោះ​ការ​ជួប​គ្នា​រវាង ​អ៊ុំ ចំរើន និង​សរ រាជសីហ៍​វិញ គឺជា​ការ​ជួប​គ្នា​ដែល​មាន​លក្ខណៈ​តឹង​តែង និង​ពិបាក​ទស្សន៍ទាយ​ថា​នរណា​ជា​អ្នកឈ្នះ​ណាស់ ពីព្រោះ​ពួកគេ​ទាំងពីរ​នាក់​នេះ ជា​អ្នក​ដែល​មិនទាន់​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​បី​លើក​កន្លងមក​ដូចគ្នា។​

ដូច្នេះ​ការ​ជួប​គ្នា​លើក​នេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ នឹង​មាន​ម្នាក់​ដែល​ស្គាល់​ចាញ់​ហើយ តែ​មិន​ដឹង​ថា​ជា​អ្នកណា​នោះ?

អ៊ុំ ចំរើន គេ​ឈ្នះ​ ចៅ ​ផល​ឌឿ​ ដោយ​ពិន្ទុ ឈ្នះ ​ទឹម​ សាន្ត​ ទឹក​២​ និង​ឈ្នះ​ ផល​ សុផាត​ ទឹក​២​ដែរ។ ចំណែក សរ រាជសីហ៍ គេ​ឈ្នះ​ លួ​ន ​សុខ​ខេង​ទឹក​៤ ឈ្នះ ឯម ខ្លឹម​ខ្មៅ​ ទឹក​៣ និង​ឈ្នះ​ សូ​យ យក្ស​តឿ​ដោយ​ពិន្ទុ។ ពួកគេ​មាន​៩​ពិន្ទុ​ដូចគ្នា។ ចាំ​មើល​ការប្រកួត​ក្នុង​ជុំ​ទី​៤​នេះ អ៊ុំ ចំរើន អាច​យក​ឈ្នះ​សរ រាជសីហ៍ បាន​ឬ​អត់?

សម្រាប់​ការប្រកួត​ជម្រុះ​នេះ អ្នកឈ្នះ​ទទួល​បាន​៣​ពិន្ទុ អ្នក​ចាញ់​បាន​១​ពិន្ទុ អ្នក​បោះបង់​ការ​ប្រកួត​បាន​០​ពិន្ទុ។​

ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​គូ​បូ​តា​លើក​ទី​៣ វគ្គ​ខ្លាំង​ប៉ះ​ខ្លាំង​ទម្ងន់​៦៧​គ​.​ក្រ​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៨​រូប​ចូលរួម​ប្រកួត គឺ​១– កីឡាករ ទឹម សាន្ត ក្លិប​កុសល​កីឡា ,២– កីឡាករ​លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា ,៣-​កីឡា​ករសរ រាជសីហ៍ ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង ,៤–កីឡា​ករ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង ,៥-​កីឡាករ​ សូ​យ យក្ស​តឿ ក្លិប​ពោធិ​ជ័យ​កីឡា ,៦– កីឡាករ​ អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ,៧– កីឡាករ​ ផល សុផាត ក្លិប​កង​រាជ​អាវុធហត្ថ​រា​ធានី​ភ្នំពេញ ​និង​៨– កីឡាករ​ ឯម ខ្លឹម​ខ្មៅ ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ។


អ្នក​ទាំង​៨​រូប​នេះ នឹង​ជួប​ប្រកួត​គ្នា​តាម​រូបមន្ត​វិល​ជុំ​ជម្រុះ​៤​នាក់ ​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ នឹង​ត្រូវ​បាន​ឈាន​ចូល​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​តំណែង​ម្ចាស់​ជើងឯក​ខ្សែក្រវាត់៕

Post a Comment

 
Top