GuidePedia

0
កីឡាករ Cristiano Ronaldo ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ក្លិប Real Madrid ​លោក Florentino Perez ​ក្នុង​ការ​បណ្ដេញ​ចេញ​លោក Carlo Ancelotti ​ហើយ​ចង់​នាំ​អ្នក​ចាត់​ការ​ Rafa Benitez ​មក​ជំនួស​នោះ​ទេ។ នេះ​បើ​តាម​កាសែត​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។


យោង​តាម​លោក Don Balon ​អ្នក​កាសែត​ម្នាក់​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​អះអាង​ថា Ronaldo ​អាច​នឹង​ចាកចេញ​ពី Real Madrid ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ដោយ​មាន​មូលហេតុ​២​យ៉ាង។ ទី​១ ក្លិប​បណ្ដេញ​លោក Carlo Ancelotti ​ចោល​ ទាំង​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ធ្លាប់​បាន​ជួយ​ក្រុម​លើក​ពាន​ដល់​ទៅ​៤​កាល​ពី​រដូវ​កាល​មុន ហើយ​បែរ​ជា​ចង់​បាន​លោក Benitez ​មក​ជំនួស​វិញ។

ទី​២ ​ប្រសិន​បើ​អ្នក​ចាត់ការ​របស់ Napoli ​រូប​នេះ​ពិត​ជា​មក​ដឹក​នាំ​ក្រុម​អធិរាជ​ស​មែន​ នោះ​ម្ចាស់​ស្បែក​ជើង​មាស​រដូវ​កាល​នេះ​លែង​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ក្រុម​ទៀត​ហើយ ព្រោះ​ថា​លោក Benitez ​បាន​និយាយ​ហើយ​ថា Bale ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ចិត្ត​របស់​លោក។

យ៉ាង​ណា​មិញ ​សម្ដី​របស់​អ្នក​កាសែត​ខាង​លើ​នេះ​គឺ​ត្រូវ​បាន​គេ​យក​ជា​ការណ៍​ផង​ដែរ ព្រោះ​ថា​ជាក់​ស្ដែង​ទៅ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​មុន​ពេល​ក្លិប​បណ្ដេញ Ancelotti ​ចោល រូប​គេ​ក៏​ធ្លាប់​និយាយ​ដែរ​ថា​គាំទ្រ​ឱ្យ​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​រូប​នេះ​ឱ្យ​នៅ​បន្ត​ទៀត ព្រោះ​លោក​ជា​អ្នក​ចាត់​ការ​ល្អ​និង​ជា​មនុស្ស​ដ៏​អស្ចារ្យ។


សូម​បញ្ជាក់​បន្តិច​ថា​ កាល​ពី​សប្ដាហ៍​មុន​ក៏​មាន​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​បាន​លេច​ឮ​ដែរ​ថា ក្រុម​យក្ស​បារាំង PSG ​បាន​ដាក់​ស្នើ​តម្លៃ​ខ្លួន​អតីត​កីឡាករ Manchester United ​រូប​នេះ​ពី Real Madrid ​ផង​ដែរ ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជា ៨៩​លាន​ផោន ប៉ុន្តែ​ខាង​អធិរាជ​ស​មិន​ទាន់​មាន​ចម្លើយ​អ្វី​នៅ​ឡើយ​ទេ៕

Post a Comment

 
Top