Wayne Rooney បានជាប់ជាកីឡាករអង់គ្លេសល្អបំផុតប្រចាំឆ្នាំ២០១៤ ក្រោយទទួលបានសំឡេងឆ្នោតពីអ្នកគាំទ្រច្រើនជាងគេ។
ទោះបីជាមិនអាចនាំក្រុមអង់គ្លេសជោគជ័យនៅ World Cup ក៏ពិតមែន ក៏ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះ បានសាងស្នាដៃគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៤កន្លងទៅ។ Rooney បានស៊ុតបញ្ចូលទី៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៣ប្រកួត ហើយក្លាយជាប្រធានក្រុមជំនួស Steven Gerrard ដែលចូលនិវត្តន៍ពីក្រុមជម្រើសជាតិថែមទៀតផង។
កីឡាករវ័យ២៩ឆ្នាំ ក៏បានចូលលេងដល់១០០ប្រកួតឲ្យអង់គ្លេស ហើយនៅចាញ់គ្រាប់បាល់ Sir Bobby Charlton តែ៣គ្រាប់ប៉ុណ្ណោះក្នុងបញ្ជីអ្នកស៊ុតចូលច្រើនបំផុតរបស់ក្រុមជម្រើសជាតិនេះ។
លទ្ធផលនៃការបោះឆ្នោតពីអ្នកគាំទ្រតាមអនឡាញ បានបង្ហាញថា Rooney ទទួលបានសំឡេងគាំទ្រ២៧ភាគរយ លើស Danny Welbeck (បាន១១ភាគរយ) និង Raheem Sterling (៧ភាគរយ)។ នេះជាលើកទី៣ហើយ ដែលអតីតយុវជនរបស់ Everton អាចឈ្នះពានរង្វាន់នេះ៕
Post a Comment