GuidePedia

0
ប្រភេទ​កីឡា​បុរាណ​បែប​ប្រពៃណី​នៃ​ប្រទេស​ជប៉ុន និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ចំនួន ៤ ប្រភេទ ត្រូវ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង MOU ជាមួយ​ជប៉ុន ដោយ​នឹង​ទទួល​បាន​នូវ​ទឹក​ប្រាក់​ចំនួន ១០២ ៧៨០ ដុល្លារ ​សម្រាប់​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ទីតាំង​ហ្វឹក​ហាត់​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ តាម​រយៈ​អង្គការ ​Jica ​ដែល​ពិធី​នេះ​បាន​ប្រារព្ធ​​ធ្វើ​​នៅ​មជ្ឈ​មណ្ឌល​​មិត្តភាព កម្ពុជា​-ជប៉ុន ​នា​ព្រឹក​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ​។​


លោក ​ណាំង ​រ៉ាវុធ ​ប្រ​ធាន​សមាគម​កីឡា​ អៃគីដូ កម្ពុជា ដែល​ជា​ភាគី​ទទួល​ជំនួយ​នេះ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ ថា៖ «នេះ​ជា​កម្មវិធី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា ​និង​ជប៉ុន ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា​បែប​ប្រពៃណី​របស់​ប្រទេស​ទាំង​ពី​រឲ្យ​មាន​ការ​រីក​ចម្រើន ​ដោយ​មាន​ទី​តាំង​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ ហើយ​តាម​កិច្ច​ព្រម​ព្រៀង​នៃ​សហ​ប្រតិបត្តិ​ការ​នេះ ​គឺ​ផ្តោត​ទៅ​លើ​ប្រភេទ​កីឡា​ចំនួន​ ៤ គឺ​ទី ១ អៃគីដូ​កម្ពុជា​ ទី២​ គូបូដូ​កម្ពុជា​ ទី​៣ ​ល្បុក្កតោ​កម្ពុជា​ និង​ទី​៤​ KENDO កម្ពុជា»​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖​«នៅ​ក្នុង​ប្រភេទ​​កីឡា​ទាំង ៤ នេះ​ មាន​ ៣ ​ប្រភេទ (អៃគីដូ KENDO និង​គូបូដូ)​ជា​កីឡា​ប្រពៃ​ណី​របស់​ប្រ​ទេស​ជប៉ុន​ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ជា​ក្លិប ​ជា​សមាគម ​និង​សហព័ន្ធ​កីឡាជាតិ​ ដែល​កំពង់​តែ​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​​ហេតុ​នេះ​មាន​តែ​​កីឡា​ល្បុក្កតោ​ប៉ុណ្ណោះ​ ដែល​ជា​កីឡា​ប្រពៃណី​របស់​កម្ពុជា»​។

នៅ​ក្នុង​ពិធី MOU នោះ​ក៏​មាន​ការ​សម្តែង​នូវ​​ប្រភេទ​កីឡា​ល្បុក្កតោ​កម្ពុជា អៃគីដូ គូបូដូ និង​ប្រភេទ​កីឡា KENDO ដើម្បី​ជូន​ដល់​ឯកអគ្គ​រាជទូត​ជប៉ុន ព្រម​ទាំង​ភ្ញៀវ និង​ទស្សនិកជន​ផ្សេង​ទៀត​បាន​ទស្សនា​ផងដែរ។

លោក​ YUGI KUMAMARU ឯកអគ្គ​រាជ​ទូត​ជប៉ុន ​បាន​ថ្លែង​ថា៖ ​«ជំនួយ​សាង​សង់​ទី​តាំង​ហាត់​កីឡា​នេះ​មាន​ទឹក​ប្រាក់ ​១០២ ​៧៨០ ដុល្លារ​ ក្នុង​គម្រោង​អគារ​ដែល​មាន​ផ្ទៃ​ដី​ ៤០០ ម៉ែត្រ​ការ៉េ​ ដោយ​មាន​ទំហំ​ទទឹង​ ១៣ ​ម៉ែត្រ​ និង​បណ្តោយ ​២០ ​ម៉ែត្រ​ គឺ​នៅ​ចន្លោះ​សាល​ដំបូល​ទូក​ទី​ ១ ​និង​ទី​ ២ ​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ហើយ​យើង​នឹង​ឲ្យ​គេសាង​សង់​ក្នុង​អំឡុង​កន្លះ​ឆ្នាំ​ និង​​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ នៅ​ដំ​ណាច់​ឆ្នាំ ​២០១៥ ​ខាង​មុខ​នេះ»​។

គួរ​រំឭក​ថា​ ​លោក​ ណាំង​ រ៉ាវុធ ជា​​អតី​តគ្រូ​កីឡា​ល្បី​ល្បាញ ​ដែល​បង្កើត​កីឡា​គុន​ចម្រុះ​ឈ្មោះ​បក្សី​ចាំ​ក្រុង​ កាល​ពី​ទសវត្សរ៍​ ១៩៩០​ និង​ ២០០០​ ប៉ុន្តែ​បច្ចុប្បន្ន​លោក​​កំពុង​ធ្វើ​សកម្មភាព​ហ្វឹក​ហាត់​កីឡា​ប្រពៃ​ណី​ជប៉ុន​ឈ្មោះ​អៃ​គូ​ដូ ​ក្នុង​ឋានៈ​ជា​ប្រ​ធាន​សមាគម​។ ​បន្ថែម​ពី​លើ​នេះ​លោក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អង្គ​ការ​យូណេស្កូ​ និង​បណ្តា​អង្គ​ការ​កីឡា​នៅ​លើ​ពិភព​លោក ​ទើប​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ឡើង​។

​លោក ​ណាំង ​រ៉ាវុធ ​បាន​បញ្ជាក់​បន្ថែម​ថា​៖«​ការ​ប្រឹង​ប្រែង​នេះ​ គឺ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា​ ពី​លោក​ អ៊ុក ​សិទ្ធិ​ជាតិ ​អគ្គនាយក​កីឡា​ ដែល​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​រួម​គ្នា»​៕​

Post a Comment

 
Top