GuidePedia

0
វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Zinedine Zidane​បាន​អះអាង​ថា លោក​មិន​ធ្លាប់​ដែល​នឹកភ្នក ឬ​គិត​ថា​ខ្លួនឯង​អាច​ក្លាយ​ជា​គ្រូបង្វឹក​បាល់ទាត់​បែប​ហ្នឹង​ទាល់តែសោះ​។​


សូមបញ្ជាក់ថា លោក Zinedine Zidane​បាន​ចំណាយពេល​កាលពី​រដូវ​កាល​មុន​ជា​គ្រូបង្វឹក​ជំនួយការ​របស់លោក Carlo Ancelotti នៅក្នុង​ក្លិប Real Madrid​ហើយ​ចាប់តាំងពី​ពេល​នោះមក គាត់​ក៏​ទទួលយក​ការងារ​ជា​គ្រូបង្វឹក​នៅ​ក្រុម B​ក្នុង​រដូវ​កាល​នេះ​។ យ៉ាងណាមិញ មុនពេល​ទទួលយក​តំណែង​គ្រូបង្វឹក​នេះ គាត់​ធ្លាប់ជា​នាយក​គ្រប់គ្រង​ផ្នែក​កីឡា​នៅ​ក្នុង​ទឹកដី Santiago Bernabeu ប៉ុន្តែ​ក្រោយមក​គាត់​ក៏បាន​លាលែង​វិញ អំឡុង​រជ្ជកាល​របស់​លោក Jose Mourinho​ព្រោះ​យល់ថា ការងារ​មួយ​នេះ មិន​ស័ក្តិសម​នឹង​លោក​។​

ស្រប​ពេល​ដែល​មាន​ក្រុម​អ្នកគាំទ្រ ចង់​អតីត​ខ្សែប្រយុទ្ធ​វ័យ​៤២​ឆ្នាំ​ម្នាក់​នេះ​ថ្ងៃ​ណាមួយ​ទទួលយក​ការងារ​ជា​គ្រូបង្វឹក​របស់​ក្រុម Real Madrid​តែ​ម្តង​នោះ លោក Zidane​បាន​និយាយ​ថា បច្ចុប្បន្ន​លោក​កំពុង​គិតគូរ​ផ្លូវ​ដែល​គាត់​ត្រូវ​ដើរ​នៅ​ពេល​អនាគត។


លោក​បាន​និយាយប្រាប់​កាសែត L'Equipe ថា មាន​មនុស្ស​ច្រើនណាស់​ប្រាថ្នា​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់ ប៉ុន្តែ​ភាគតិច​ណាស់​ដែល​អាច​សម្រេច​ក្តី​ប្រាថ្នា​មួយ​នេះ។ ដូច្នេះ​ហើយ​លោក​ពិតជា​មាន​ការ​ស្ញប់ស្ញែង​ណាស់​ដែល​អាច​ធ្វើ​ការងារ​មួយ​នេះ​បាន។ លោក​បាន​បន្ត​ទៀតថា កាលពីមុន លោក​មិនដែល​មានបំណង​ចង់​ធ្វើជា​គ្រូបង្វឹក​នោះទេ ប៉ុន្តែ​ពេលនេះ ទើប​លោក​យល់ច្បាស់​ថា​ការងារ​មួយ​នេះ ពិតជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​មនុស្សម្នាក់​ដែល​ធ្លាប់មាន​អាជីព​ជា​តារា​បាល់ទាត់ ដូចជា​រូបលោក៕

Post a Comment

 
Top