GuidePedia

0
ក្លិប​អធិរាជ​ស Real Madrid ​កំពុង​ត្រៀម​ខ្លួន​​ផ្លាស់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ Santiago Bernabeu ​បច្ចុប្បន្ន​ ដោយ​​មាន​បន្ថែម​ឈ្មោះ​​របស់​ក្រុមហ៊ុន​ដៃ​គូ​ឧបត្ថម្ភ International Petroleum Investment Company (IPIC) ​របស់​ United Arab Emirates ​បន្ថែម​ទៀត។


ឈ្មោះ​កីឡដ្ឋាន​​​ថ្មី​ ដែល​ភាគី​ទាំង​២​កំពុង​ពិចារណា​នោះ​គឺ​មាន​២​ជម្រើស​ ពោល​គឺ​អាច​ជា Abu Dhabi Santiago Bernabeu ឬ Cepsa Santiago Bernabeu។

​ក្លិប​យក្ស​អេស្ប៉ាញ​ និង​​ក្រុម​ហ៊ុន​របស់​អារ៉ាប់រួម បាន​ចុះ​កិច្ច​សន្យា​ចាប់ដៃ​គូ​នឹង​គ្នា កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៤ ក្នុង​​រយៈពេល​២០ឆ្នាំ​ ដែល​មាន​តម្លៃ​ប្រមាណ ៥០០លាន​អឺរ៉ូ​ (ជាង៥៦៤​លាន​ដុល្លារ)។

Bernabeu គឺជា​ឈ្មោះ​កីឡដ្ឋាន​របស់​ក្រុម Real តាំង​ពី​ឆ្នាំ​១៩៤៧​មក។ ការ​សម្រេច​ផ្លូវ​ការ​ នឹង​ត្រូវ​រង់ចាំ​​ប្រធាន​ក្លិប​លោក Florentino Perez ជា​អ្នក​សម្រេច​ចិត្ត។ លោកPerez ចង់​​ប្រើ​ប្រាស់​លុយ​ដែល​បាន​មក​ពី​ដៃគូ​ឧបត្ថម្ភ​ទាំង​អស់​នោះ ទៅ​អភិវឌ្ឍន៍​កីឡដ្ឋាន​បន្ថែម​ទៀត ដោយ​លោក​ចង់​ពង្រីក​ឲ្យ​ធំ​ជាង​មុន ដែល​អាច​ដាក់​អ្នក​ទស្សនា​បាន​៩ម៉ឺន​នាក់ ខណៈ​ដែល​បច្ចុប្បន្ន​កីឡដ្ឋាន​មួយ​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​៨ម៉ឺន​១ពាន់​នាក់។


អ្នក​ជំនួញ​ជន​ជាតិ​អេស្ប៉ាញ វ័យ៦៧ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​ខំ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​នេះ គឺ​ព្រោះ​តែ​ចង់​អភិវឌ្ឍន៍​កីឡដ្ឋាន​​មួយ​នេះ ឲ្យ​ទៅ​ជា​កីឡដ្ឋាន​ល្អ​បំផុត​​​លើ​ពិភពលោក។ ហើយ​ដើម្បី​ធ្វើ​រឿង​ទាំង​អស់​នេះ​ទៅ​បាន យើង​ត្រូវ​តែ​យល់​ព្រម​ទទួល​យក​ឈ្មោះ​ក្រុមហ៊ុន​ដៃ​គូ​ឧបត្ថម្ភ​ មក​ធ្វើ​ជា​ឈ្មោះ​កីឡដ្ឋាន​យើង​ទៀត ព្រោះ​គេ​អាច​នឹង​ផ្ដល់​លុយ​ដល់​យើង​​ពី​៤០០​លាន​អឺរ៉ូ ទៅ​៥០០​លាន​អឺរ៉ូ»។


លោក​បាន​បន្ត​ថា៖ «យើង​បាន​ពិភាក្សា​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ចំនួន​១០ ដើម្បី​ស្វែង​រក​ក្រុមហ៊ុន​ណា​មួយ ដែល​ចង់​ដាក់​ឈ្មោះ​របស់​ពួកគេ​នៅ​ពី​មុខ​​កីឡដ្ឋាន Bernabeu ។ ខ្ញុំ​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាដ្ឋាន​នេះ ប៉ុន្តែ​ជំហាន​ដំបូង​ខ្ញុំ​ត្រូវ​តែ​យក​ឈ្នះ​ផល​លំបាក​ទាំង​អស់​នេះ​សិន»៕

Post a Comment

 
Top