ពានរង្វាន់បាល់ទះធំប្រចាំរាជធានីភ្នំពេញសម្រាប់សិស្សវិទ្យាល័យ Western Cup 2015 បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនៅរសៀលថ្ងៃទី ១៣ កុម្ភៈ ដោយរៀបចំឡើងលើទីលានបាល់ទះក្នុងវិទ្យាល័យវត្តកោះ។
ក្រុមជើងឯកឆ្នាំចាស់ វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី ត្រូវជួបវិទ្យាល័យព្រែកឯង ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនៅឆ្នាំនេះវេលាម៉ោង ២ រសៀលតទៅ។ មុនឡើងមកដល់វគ្គនេះ ភ្នំពេញថ្មី បានយកឈ្នះក្រុមព្រែកលៀប នៅវគ្គ ៨ ក្រុមចុងក្រោយដោយលទ្ធផល ៣ សិត ទល់ ០។ ចំណែកក្រុមព្រែកឯង បានយកឈ្នះក្រុមកោះដាច់ ក្នុងលទ្ធផល ៣សិត ទល់ ១ សិត។
ចំណែកមួយគូទៀត ក្រុមវិទ្យាល័យជាស៊ីមសាមគ្គី ត្រូវប៉ះក្រុមវិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត ចាប់ពីម៉ោង ៤ រសៀលតទៅ។ សម្រាប់ក្រុម ជា ស៊ីម សាមគ្គី បានយកឈ្នះក្រុមវិទ្យាល័យពងទឹក ៣ ទល់ ១ សិត នៅវគ្គ ៨ ក្រុមចុងក្រោយ ស្របពេល ហ៊ុនសែនជម្ពូវ័ន្ត បានយកឈ្នះក្រុមវិទ្យាល័យ ហ៊ុនសែនផ្សារដើមថ្កូវ ទាំងត្រដាបត្រដួស ៣ សិត ទល់ ២។
ក្រុមឈ្នះនៅវគ្គនេះនឹងមានសិទ្ធិឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងរៀបចំនៅរសៀលថ្ងៃទី ១៦ កុម្ភៈ ក្នុងបរិវេណវិមានពហុកីឡដ្ឋានជាតិ ហើយក្រុមដែលចាញ់ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ នៅព្រឹកថ្ងៃទី ១៦ កុម្ភៈ លើទីលានវិទ្យាល័យបាក់ទូក។
Western Cup 2015 រៀបចំឡើងដោយសាកលវិទ្យាល័យវេស្ទើន ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនដៃគូមួយចំនួនដូចជា ភេសជ្ជៈ M-150, រោងភាពយន្តលេជេន, ផ្សារទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលាវេស្ទើនអន្តរជាតិ, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។
ពានរង្វាន់សម្រាប់តែសិស្សវិទ្យាល័យនេះមានក្រុមចូលរួមចំនួន ៣២ ដោយបែងចែកទៅជា ៤ ពូល ក្រុមខ្លាំងតាមពូលនីមួយៗ ចំនួន២ ក្រុមមានកៅអីឡើងទៅលេងនៅវគ្គបន្ទាប់ ដើម្បីប្រជែងរង្វាន់ប្រាក់លាន។ ក្រុមជើងឯកនឹងទទួលទឹកប្រាក់ចំនួន ១០ លានរៀល ខណៈក្រុមជើងឯករកបាន ៦ លានរៀល ក្រុមលេខ ៣ នឹងទទួលបានទឹកប្រាក់ ៤ លានរៀល និងក្រុមលេខ ៤ ចំនួន ៣ លានរៀល។
សរុបសាលាដែលធ្លាប់ឈ្នះពានរង្វាន់នេះតាំងពីបង្កើតមកមាន ឆ្នាំ ២០១០ បានទៅវិទ្យាល័យឬស្សកែវ ហើយឆ្នាំ ២០១១ ធ្លាក់ទៅវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន វិញម្ដង។ ចំណែកនៅឆ្នាំ ២០១២ បានទៅវិទ្យាល័យព្រែកលៀប ប៉ុន្ដែនៅឆ្នាំ ២០១៣ វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ដណ្ដើមបានមកវិញ និង ចុងក្រោយឆ្នាំ ២០១៤ បានមកវិទ្យាល័យ ហ៊ុនសែន ភ្នំពេញថ្មី៕
ចុះឆ្នាំនេះវិញ ក្នុងចំណោមក្រុមខ្លាំងទាំង ៤ ខាងលើ តើវិទ្យាល័យណាអាចដណ្ដើមជើងឯកបាន?
Subscribe to:
Post Comments (Atom)
Post a Comment