ក្រុមបាល់ទាត់របស់វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី ដែលម្ចាស់ជើងឯកឆ្នាំចាស់ ត្រូវជួបក្រុមវិទ្យាល័យជាស៊ីមសាមគ្គី នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះសម្រាប់សិស្សវិទ្យាល័យទូទាំងរាជធានីភ្នំពេញ Western Cup 2015 នេះនៅរសៀលថ្ងៃទី១៦ កុម្ភៈ ស្អែកក្នុងបរិវេណវិមានពហុកីឡដ្ឋានជាតិ។
មុនឡើងមកដល់វគ្គនេះក្រុម វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី បានយកឈ្នះក្រុមវិទ្យាល័យព្រែកឯង ដោយលទ្ធផល ៣ សិត ទល់ ០ គឺ ២៥ – ២៣, ២៥ – ១៨ និង ២៥ – ២១ លើទីលានវិទ្យាល័យវត្តកោះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី ១៣ កុម្ភៈ កន្លងទៅ ខណៈក្រុម វិទ្យាល័យជាស៊ីមសាមគ្គី បានយកឈ្នះក្រុមវិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត ៣ សិត ទល់ ១ សិត គឺ ២៨-២៦, ២៥-២១, ១៩-២៥ និង ២៥-២០។
វគ្គដណ្ដើមចំណាត់ថ្នាក់លេខ ៣ ដែលមានទឹកប្រាក់ ៤ លានរៀល និង ចំណាត់ថ្នាក់លេខ ៤ ទឹកប្រាក់ ៣ លានរៀល រវាងក្រុមចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មាន វិទ្យាល័យព្រែកឯង និង ហ៊ុនសែនជម្ពូវ័ន្ត នឹងធ្វើឡើងនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ១៦ កុម្ភៈ ក្នុងបរិវេណវិទ្យាល័យបាក់ទូក។
ចំណែកវគ្គដណ្ដើមជើងឯក អមដោយពានរង្វាន់ និង ប្រាក់រៀល រវាងក្រុមវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី និង វិទ្យាល័យជាស៊ីមសាមគ្គី នឹងធ្វើឡើងនៅវិមាណពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ១:៣០ នាទី រសៀលតទៅ។
Western Cup 2015 រៀបចំឡើងដោយសាកលវិទ្យាល័យវេស្ទើន ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនដៃគូមួយចំនួនដូចជា ភេសជ្ជៈ M-150, រោងភាពយន្តលេជេន, ផ្សារទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលាវេស្ទើនអន្តរជាតិ, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។
សរុបសាលាដែលធ្លាប់ឈ្នះពានរង្វាន់នេះតាំងពីបង្កើតមកមាន ឆ្នាំ ២០១០ បានទៅវិទ្យាល័យឬស្សកែវ ហើយឆ្នាំ ២០១១ ធ្លាក់ទៅវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន វិញម្ដង។ ចំណែកនៅឆ្នាំ ២០១២ បានទៅវិទ្យាល័យព្រែកលៀប ប៉ុន្ដែនៅឆ្នាំ ២០១៣ វិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ដណ្ដើមបានមកវិញ និង ចុងក្រោយឆ្នាំ ២០១៤ បានមកវិទ្យាល័យ ហ៊ុនសែន ភ្នំពេញថ្មី៕
ចុងឆ្នាំ ២០១៥ តើ វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី ឬ វិទ្យាល័យជាស៊ីមសាមគ្គី អាចគ្រងតំណែងជើងឯកបាន?



Post a Comment