Daniel Sturridge បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុម Liverpool ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីជាសះស្បើយពីរបួស។ ១គ្រាប់របស់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ បូករួមទាំង១គ្រាប់ទៀតរបស់ Adam Lallana បាយជួយឲ្យហង្សក្រហមវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace កាលពីយប់មិញ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ FA Cup។
ដោយសារតែទម្រង់លេងដ៏ល្អ Sturridge បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកចាត់ការ Brendan Rodgers។ អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើងបាននិយាយថា៖ “ការវិលត្រលប់របស់ Daniel គឺជាជួយជម្រុញក្រុមយើងយ៉ាងខ្លាំង។ អ្នកអាចឃើញហើយពីគុណភាពរបស់គាត់ ល្បឿនរបស់គាត់ ហើយគាត់មិនចាំបាច់ប្រើឱកាសច្រើនដើម្បីស៊ុតចូលនោះទេ”។
នៅក្នុងការប្រកួតនៅកីឡដ្ឋាន Selhurst Park យប់មិញនេះ Fraizer Campbell បានជួយឲ្យ Crystal Palace នាំមុខមុនតាំងពីនាទី១៥ ប៉ុន្តែ Sturridge បានស៊ុតតាមស្មើវិញនៅ៥នាទីដើមតង់ទី២ ខណៈ Lallana ស៊ុតគ្រាប់ជ័យជម្នះនៅ៨នាទីបន្ទាប់។
លទ្ធផលនេះមានន័យថា ហង្សក្រហមចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុង២២ប្រកួតចុងក្រោយ គិតចាប់តាំងពីខែវិច្ឆិកា ២០១៤មក។ ក្រុមនេះនឹងត្រូវឡើងទៅចាំមុននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុម៣ផ្សេងទៀតដែលឈ្នះយប់មិញគឺ West Brom (ឈ្នះ West Ham ៤-០), Blackburn (ឈ្នះ Stoke ៤-១) និង Reading (ឈ្នះ Derby County ២-១)។
យប់នេះនឹងមានការប្រកួត៣គូទៀត គឺ Aston Villa ប៉ះ Leicester, Bradford City ទទួលភ្ញៀវ Sunderland និង Arsenal ស្វាគមន៍ Middlesbrough៕









Post a Comment