ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Sepp Blatter រងការថ្កោលទោសយ៉ាងខ្លាំងសម្រាប់ការប៉ុនប៉ងឲ្យគណៈកម្មាធិការប្រតិបត្តិរបស់អង្គភាពគ្រប់គ្រងបាល់ទាត់មួយនេះ លុបចោលប្រព័ន្ធកីឡាករខ្ចីជើងបន្ទាន់ ដែលសំខាន់បំផុតសម្រាប់ក្រុម Football League ។
សូមបញ្ជាក់ថា ទីផ្សារកីឡាករខ្ចីជើងរយៈពេលខ្លី ដែលគ្រោងនឹងបើកទ្វារនៅថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់រយៈពេល៦សប្តាហ៍ គឺសំខាន់ចាំបាច់ខ្លាំងណាស់ សម្រាប់ក្លិបបាល់ទាត់ក្នុង League សិស្សប្អូន ដែលគ្មានលុយគ្រប់គ្រាន់ទិញចូលកីឡាករ ហើយក៏សំខាន់ណាស់ដែរចំពោះកីឡាករបម្រុងរបស់ក្លិបបាល់ទាត់នៅក្រុម League កំពូលដើម្បីឲ្យពួកគេទទួលបានពេលវេលាលេងការប្រកួតដ៏មានតម្លៃរបស់ខ្លួន។
ប្រព័ន្ធដែល FIFA ប្រុងលុបបំបាត់ចោលនៅដំណាច់រដូវកាលនេះដែរ មាននូវការគាំទ្រយ៉ាងពេញទំហឹងពី FA, Premier League, Football League និងក្រុម League ដទៃទៀតនៅទូទាំងពិភពលោក ក៏ដូចជាក្រុមរដ្ឋបាលរបស់ FIFAផងដែរ។
ផែនការខាងលើនេះដែរ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតបាល់ទាត់អង់គ្លេស ហើយការវិវត្តចុងក្រោយ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាប្រិយភាពរបស់លោក Blatter ដែលបានប្រកាសក្តែងៗពីបំណងប្រាថ្នារបស់លោកឈរឈ្មោះជាបេក្ខជនសម្រាប់តំណែង FIFA សម្រាប់អាណត្តិទី៥របស់គាត់ ស្របពេលដែលមានការចូលរួមប្រកួតប្រជែងពីលោក Luis Figo ជាវីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ព្រះអង្គម្ចាស់ Ali bin Al-Hussein និងលោក Michael van Praag ជាដើម៕
Post a Comment