លោក Jose Mourinho បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា លោកមានផែនការបន្តនៅគ្រប់គ្រងក្លិបតោខៀវ Chelsea រយៈពេល១ទសវត្សរ៍ទៀត ដើម្បីពាំនាំនូវជើងឯកជាច្រើនមកកាន់ក្លិបនៅទឹកដី Stamford Bridge មួយនេះ ពោលគឺចាប់ផ្តើមជាមួយជើងឯក Premier League នៅក្នុងរដូវកាលនេះតទៅ។
សូមបញ្ជាក់ថា គ្រូបង្វឹកវ័យ៥២ឆ្នាំម្នាក់នេះ សង្ឃឹមជឿជាក់ថា ក្រុមរបស់គាត់នឹងអាចលើកពានរង្វាន់បាល់ទាត់ក្នុងស្រុកមួយនេះ ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
នៅក្នុងបទសម្ភាសន៍នឹងកាសែត BT Sport លោក Mourinho បាននិយាយថា លោកចូលចិត្តក្លិប លោកចូលចិត្តកីឡាករ និងចូលចិត្តក្រុមអ្នកគាំទ្រ ពិសេសគឺជាការប្រកួត Premier League នេះតែម្តង។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ម្នាក់នេះ បានបន្តទៀតថា មានពេលខ្លះលោកយល់មិនច្បាស់ពីរឿងរ៉ាវកើតឡើងនៅក្នុងបាល់ទាត់អង់គ្លេស ប៉ុន្តែលោកច្បាស់ម្យ៉ាងគឺលោកពិតជាស្រលាញ់ចូលចិត្តការប្រកួត Premier League ខ្លាំងណាស់ នោះហើយគឺជាហេតុផលដែលលោកត្រូវតែបន្តនៅដឹកនាំក្រុម Chelsea រយៈពេលយូរអង្វែងទៀត។
ថ្វីត្បិតតែមាន៧ពិន្ទុនាំមុខក្រុមលេខ២ Man City ក៏ដោយ លោក Mourinho យល់ឃើញថា ក្រុមរបស់គាត់មិនទាន់អាចធានាបាន១០០ភាគរយថា ពួកគេប្រាកដជាអាចលើកពានរង្វាន់បាល់ទាត់ក្នុងស្រុកនារដូវកាលនេះនោះទេ៕
Post a Comment