ខ្សែការពារ Martin Skrtel របស់ក្រុម Liverpool នឹងធ្វើការពឹកផ្អែកទៅលើភាពរឹងមាំផ្នែកការពាររបស់ក្រុមហង្សក្រហមមួយនេះដើម្បីជួយឲ្យពួកគេលុបចោលនូវការគំរាមផ្សេងៗពីសំណាក់តំបន់ប្រយុទ្ធរបស់ក្រុម Tottenham Hotspur នៅពេលដែលក្រុមទាំងពីរនឹងធ្វើការប្រជែងដើម្បីតំណែងលេខ៤នៅកីឡដ្ឋាន Anfield នៅរាត្រីនេះ។
Tottenham នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Merseyside ក្រោយពីបានទទួលជ័យជម្នះ ២-១ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ភាគខាងជើងតែមួយលើក្រុម Arsenal ដែលបានធ្វើឲ្យពួកគេឡើងឈរក្នុងចំណាត់ថ្នាក់លេខ៥នៅលើតារាងក្របខ័ណ្ឌ Premier League។
ខ្សែប្រយុទ្ធឡើងទម្រង់លេង Harry Kane បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេនៅរដូវកាលនេះមានចំនួន២២គ្រាប់ ខណៈដែលក្រុម Spurs បានបន្ថែមការនាំមុខរបស់ពួកគេពីលើក្រុម Liverpool ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ រហូតដល់ទៅ៤ពិន្ទុក្នុងការប្រជែងសម្រាប់កៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។
Liverpool ផ្ទាល់បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយជាមួយពួកគេកាលពីចុងសប្តាហ៍មុន ខណៈដែលពួកគេរកបានត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតនៅលើទឹកដីក្រុម Everton។
ប៉ុន្តែ ក្រុមរបស់លោក Brendan Rodgers ដែលបានរងបរាជ័យតែមួយលើកក្នុងចំណោមការប្រកួត១៤លើកចុងក្រោយរបស់ពួកគេនោះ បានការពារមិនឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនជាលើកទី៤ជាប់ៗគ្នាក្នុងការប្រកួតលីកនេះដើម្បីបង្ហាញពីទម្រង់លេងដ៏ល្អរបស់ពួកគេនៅតំបន់ការពារ។
លើសពីនេះទៀតខ្សែការពារកណ្តាល Skrtel កំពុងតែសម្លឹងរកការរក្សាឲ្យបាននូវភាពរឹងមាំនេះ ខណៈដែលក្រុម Liverpool នឹងព្យាស្វែងរកជ័យជម្នះដូចកាលពីការប្រកួតនៅលើទឹកដីក្រុម Tottenham កាលពីខែសីហាមុនដើម្បីធ្វើឲ្យពួកគេកាន់តែមានសង្ឃឹមក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។
ខ្សែការពារអន្តរជាតិស្លូវ៉ាគីរូបនេះ បានឲ្យដឹងថា៖ «យើងបានផ្លាស់ប្តូរប្រព័ន្ធនៅតំបន់ការពារ ហើយវាកំពុងតែមានដំណើរការល្អសម្រាប់យើងនៅពេលនេះ»។ Skrtel បានបន្ថែមទៀតថា៖ «យើងកំពុងតែធ្វើការការពារបានល្អប្រសើរជាងមុន។ វាពិតជាស័ក្តិជាមួយយើង។ ខ្ញុំសង្ឃឹមថា យើងអាចបន្តធ្វើរបៀបនេះក្នុងពេលខាងមុខ។ ខ្ញុំពិតជារីករាយចំពោះក្រុមនេះ ពីព្រោះយើងបានធ្វើឲ្យតំបន់ការពាររបស់យើងកាន់តែល្អប្រសើរ។ វាមាននូវការរិះគន់ជាច្រើន។
ចាប់តាំងពីចូលឆ្នាំថ្មី យើងបានបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីតែ១គ្រាប់គត់ ដែលនេះជាសមិទ្ធផលដ៏អស្ចារ្យ»។ Skrtel ចាត់ទុកថា ការធ្វើដំណើររបស់ Spurs ទៅកាន់ទឹកដី Anfield ជាការប្រកួតដ៏ធំមួយ ខណៈដែល Liverpool ត្រូវតែធ្វើឲ្យកំហុសតិចតួចប៉ុណ្ណោះ ខណៈដែលពួកគេបន្តធ្វើការស្តារមុខមាត់ពីការចាប់ផ្តើមដ៏អន់ក្នុងរដូវកាលនេះដែលបានធ្វើឲ្យពួកគេទទួលបានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះពីការប្រកួត១២លើកដំបូង។
ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕
ជំនួបបីលើកចុងក្រោយវាងក្រុមទាំងពីរ
31/08/14 Tottenham Hotspur 0-3 Liverpool
30/03/14 Liverpool 4-0 Tottenham Hotspur
15/12/13 Tottenham Hotspur 0-5 Liverpool
Post a Comment