GuidePedia

0
គិតត្រឹមថ្ងៃទី០៩ កុម្ភៈ នេះ ចំនួនអ្នកចុះឈ្មោះត្រៀមចូលរួមរត់ ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិ លើកទី៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា នៅតំបន់ឆ្នេរខេត្តព្រះសីហនុ នាថ្ងៃទី០៨ ខែមីនា ខាងមុខនេះ គឺមានចំនួនជាង ១.០០០ពាន់នាក់ហើយ ខណៈឆ្នាំ២០១៤កន្លងទៅមានអ្នក ចូលរួមសរុបត្រឹម ១.២០០នាក់ប៉ុណ្ណោះ ។


ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដែលគណៈ កម្មាធិការជាតិអូឡាំពិក កម្ពុជាបានសហការជាមួយក្រុមហ៊ុនដៃគូឧបត្ថម្ភជាច្រើនរៀបចំដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរ ។

លោកបន្ដថា បច្ចុប្បន្នទោះបីតំបន់ឆ្នេរ ខេត្តព្រះសីហនុ បានក្លាយជាតំបន់ឆ្នេរដ៏ស្រស់ស្អាតក្នុងចំណោមឆ្នេរសមុទ្រ នៅលើពិភពលោកក្ដី ប៉ុន្ដែកម្រិតភ្ញៀវ ទេស ចរចូលទៅទស្សនា កម្សាន្ដនោះ គឺមានកម្រិតនៅឡើយ បើទោះបីពីមួយឆ្នាំ ទៅមួយឆ្នាំមានការកើនឡើងនៃចំនួនអ្នកចូលរួមក្ដី ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែជន បរទេស ដែលធ្លាប់ចូលរួមរត់ ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនៅលើទឹកដីកម្ពុជាកន្លងមក ក៏មានការធ្លាក់ចុះច្រើនដែរ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យចំនួនជនបរទេស ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរ ជាតិនៅខេត្តព្រះសីហនុ មានកម្រិតទាប គឺដោយសារបញ្ហាមធ្យោបាយធ្វើដំណើរ ព្រោះជនបរទេស គេនិយមធ្វើ ដំណើរតាមជើងយន្ដហោះ ប៉ុន្ដែដោយសារខេត្តព្រះសីហនុ នៅមិនទាន់មានចំណតយន្ដ ហោះនៅឡើយនោះទើបការ ចូលរួម មានចំនួនទាប ហើយភ្ញៀវទេសចរ ដែលបានទៅលេងកម្សាន្ដឆ្នេរខេត្តព្រះសីហនុ ក៏មានកម្រិតដែរ ។

អគ្គលេខាធិការរូបនេះ បានបន្ដថា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ និងចូលរួមផ្សព្វផ្សាយតំបន់ឆ្នេរ ខេត្ត ព្រះសីហនុ ឲ្យពិភពលោកបានស្គាល់ ពីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួង ទេសចរណ៍ ក៏បង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង ហើយជាឱកាសអបអរសាទរ ថ្ងៃទី០៨ មីនា ដែលជាថ្ងៃ ទិវា សិទ្ធិនារីអន្ដរជាតិផងដែរ ។

លោកបន្ថែមថា គិតមកដល់ថ្ងៃនេះ អ្នកចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ គឺមាន ១.១០០នាក់ ហើយដែលមកពី២០ប្រទេសក្នុងភាគច្រើន ជាជនជាតិខ្មែរ ខណៈជនបរទេសចុះឈ្មោះបានត្រឹម១០០នាក់ប៉ុណ្ណោះ ។ ដូច្នេះហើយលោក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងយុវវជនទាំងអស់ដែលមាន បំណងទៅលេងកម្សាន្ដក្នុង ឱកាសថ្ងៃទី០៨ មីនា នៅឆ្នេរខេត្តព្រះសីហនុ មេត្តាចូលរួមឲ្យបានច្រើនកុះករបន្ថែមទៀត ដើម្បីជាការរួមចំណែក អភិវឌ្ឍន៍វិស័យកីឡា និងវិស័យទេសចរណ៍ប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន ។


លោក សែម ផល្លា ប្រធានបច្ចេកទេសដឹកនាំរៀបចំព្រឹត្តិការណ៍អន្ដរជាតិខាងលើបានឲ្យដឹងដែរថា ចំនួននេះមិនទាន់បញ្ឈប់នៅឡើយទេព្រោះគណៈកម្មការនៅ ទទួល ពាក្យចូលរួមរហូតដល់ថ្ងៃចាប់ផ្ដើមប្រកួតតែម្ដង ដូច្នេះលោកសង្ឃឹម ថា ទម្រាំដល់ថ្ងៃនោះ អ្នកចុះឈ្មោះចូលរួមប្រកួតនឹងមានកាន់តែច្រើនជាងមុន ៕

Post a Comment

 
Top