ការប្រកួតជម្រុះខ្សែក្រវាត់K.CEMENTទម្ងន់៦០ឝ.ក្រនៅលើសង្វៀនSEA-TV បានឈានដល់ជុំទី២ហើយ នៅល្ងាចថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ។
សម្រាប់ការប្រកួតជុំទី២នេះ គឺមាន៤ប្រកួតដូចកាលពីជុំទី១ដែរ។ ក្នុងនោះ ឃីម បូរ៉ា អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយសូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក , លាស់ យីនអ្នកប្រដាល់ក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ត្រូវជួបជាមួយ ជ័យ ប៊ុនសង់អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ , មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិ ជួបប្រកួតជាមួយណាន ម៉ូរ៉ាក់ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង និងមួយគូទៀត ថុល មករា ក្លិបឃ្លាំងមឿងកីឡា ជួបឱម សំរេច ក្លិបកងពលតូចទ័ពឆត្រយោង៩១១។
រវាងឃីម បូរ៉ា និងសូត្រ ប៊ុនធី ធ្លាប់ប៉ះគ្នាបីដងមកហើយកន្លងមក ហើយសូត្រប៊ុនធីមិនដែលឈ្នះឃីម បូរ៉ា ទេ។ ឆ្លងកាត់មួយប្រកួតដូចគ្នា ឃីម បូរ៉ាវាយឈ្នះជ័យ ប៊ុនសង់ដោយពិន្ទុបាន៣ពិន្ទុ ឯសូត្រ ប៊ុនធីក៏បាន៣ពិន្ទុដែរ ដោយវាយឈ្នះលាស់ យីនដោយពិន្ទុ។
អ្នកប្រដាល់ទាំងពីរនាក់នេះ មានប្រវត្តិប្រកួតប្រហាក់ប្រហែលគ្នា ដោយឃីម បូរ៉ាប្រកួតបាន៤៨លើក ឈ្នះ៣៦លើក ចាញ់១២លើកមិនដែលស្មើនិងធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន៨លើក។ សូត្រ ប៊ុនធី មានប្រវត្តិប្រកួត៤៦លើក ឈ្នះ២៨លើកចាញ់១៦លើក ស្មើ២លើក និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន១៨លើក ច្រើនជាងបូរ៉ាជាងពាក់កណ្តាល។
ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ គេពុំមានជំនឿថា សូត្រប៊ុនធីឈ្នះឃីម បូរ៉ានោះឡើយ។
ចំពោះលាស់ យីន និងជ័យ ប៊ុនសង់វិញ កាលពីប្រកួតក្នុងជុំទី១សុទ្ធតែចាញ់បាន១ពិន្ទុដូចគ្នា។ ពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងហើយកាលពីថ្ងៃទី២៥ ខែមករាកន្លងមក ដោយប្រកួតស្មើគ្នា។ ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នាលើកនេះ គេរំពឹងថាលាស់ យីន នឹងឈ្នះជ័យ ប៊ុនសង់។
រវាងពួកគេទាំងពីរលាស់ យីនគេចាស់វស្សាជាង ដោយមានប្រវត្តិប្រកួតចំនួន៦០លើក ក្នុងនោះឈ្នះ៤៥លើក ចាញ់១៣លើក និងស្មើ២លើក តែមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ឡើយ។ ចំណែកជ័យ ប៊ុនសង់ គេមានប្រវត្តិប្រកួតចំនួន៤០លើក ឈ្នះ២៩លើក ចាញ់៩លើក ស្មើ២លើក និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន៥លើក។
សម្រាប់ការជួបគ្នារវាងមាស ច័ន្ទមាន និងណាម ម៉ូរ៉ាក់នោះ ទោះបីពីរនាក់នេះពុំធ្លាប់ដែលជួបគ្នាក្តី ក៏ការជួបគ្នាលើកនេះ មាស ច័ន្ទមាននឹងឈ្នះម៉ូរ៉ាក់ដែរ ព្រោះណាម ម៉ូរ៉ាក់ចាញ់ប្រៀបច័ន្ទមានដាច់ឆ្ងាយណាស់។ បើប្រៀបធៀបពីប្រវត្តិប្រកួតវិញ ណាម ម៉ូរ៉ាក់ចាញ់ជិតពាក់កណ្តាលឯណោះ គឺច័ន្ទមានប្រកួតបាន៩៥លើក ឈ្នះ៧២លើក ចាញ់២៣លើក មិនដែលស្មើ ខណៈដែលម៉ូរ៉ាក់ប្រវត្តិបានតែ៥៨លើក ឈ្នះ៣២លើក ចាញ់១៤លើក ស្មើ៤លើក និងផ្តួលដៃគូឲ្យសន្លប់បាន៨លើក។
ច័ន្ទមាន បាន៣ពិន្ទុ ខណៈម៉ូរ៉ាក់បាន១ពិន្ទុ ក្នុងការប្រកួតជុំទី១នោះ។ សម្រាប់ការប្រកួតជុំទី២ជួបណាម ម៉ូរ៉ាក់នេះ សង្ឃឹមថាមាស ច័ន្ទមានគេនឹងរកបាន៣ពិន្ទុបន្ថែមមិនខាន។
ចំពោះការជួបរវាងថុល មករា និងឱម សំរេចវិញ ទើបមានការតឹងតែង និងមិនដឹងនរណាជាអ្នកទទួលបាន៣ពិន្ទុនោះឡើយ។ ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នាទេ កន្លងមក។ កាលពីជុំទី១នោះ ថុល មករា វាយចាញ់មាស ច័ន្ទមានទឹកទី២ បាន១ពិន្ទុ ឯឱម សំរេច គេវាយឈ្នះណាម ម៉ូរ៉ាក់ទឹកទី២ បាន៣ពិន្ទុ។
ឱម សំរេចគេមានប្រវត្តិប្រកួតតែ៣៥លើកទេ គឺឈ្នះ២២លើកចាញ់៨លើកមិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន៦លើក។ ចំណែកថុល មករា គេមានប្រវត្តិប្រកួតចំនួន៥២លើក ឈ្នះ៣៥លើក ចាញ់១៥លើក ស្មើ២លើក តែធ្លាប់ផ្តួលដៃគូឲ្យសន្លប់តែ៤លើកប៉ុណ្ណោះ។
សម្រាប់ការជួបគ្នារវាងថុល មករា និងឪម សំរេចនេះ គ្មាននរណាហ៊ានទស្សន៍ទាយមុនថា នរណាជាអ្នកឈ្នះនោះទេ?៕
សម្រាប់ការជួបគ្នារវាងថុល មករា និងឪម សំរេចនេះ គ្មាននរណាហ៊ានទស្សន៍ទាយមុនថា នរណាជាអ្នកឈ្នះនោះទេ?៕
Post a Comment