GuidePedia

0
អ្នក​ប្រដាល់​ល្បី​ឈ្មោះ​​ កែវ រំចង់​បាន​សន្យា​លះបង់​ចោល​ភាព​កម្រោល​ចូល​ និង​ឆេវឆាវ​របស់​ខ្លួន​​លើ​សង្វៀន​នៅ​ពេល​រូប​គេ​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​នា​ពេល​ខាង​មុខ​នេះ។

កែវ រំចង់ ព្យាយាម​សម្រុក​ចូល ទោះ​អាជ្ញា​កណ្តាល​ឃាត់


កែវ រំចង់​ បាន​ប្រាប់​ថា​ រាល់​ថ្ងៃ​រូប​គេ​កំពុង​​ព្យាយាម​​ហ្វឹកហាត់​យ៉ាង​ខ្លាំង​ដើម្បី​ពង្រឹង​ផ្នែក​កម្លាំង​និង​​​ស្មារតី ​ដើម្បី​កាត់​បន្ថយ​ភាព​ឆេវឆាវ​ឲ្យ​បាន​កម្រិត​អតិបរមា​សម្រាប់​ ការ​ប្រកួត​នា​ពេល​ខាង​មុខ។ កីឡាករ​រូប​នេះ​និយាយ​ថា ៖«ខ្ញុំ​ឆេវឆាវ​មែន​កន្លង​មក តែ​លើ​នេះ​ខ្ញុំ​នឹង​ព្យាយាម​លុប​បំបាត់​ឲ្យ​បាន​១០០​%​ ​ពិសេស​ពេល​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់។ ខ្ញុំ​អត់​មាន​​ភាព​អំណត់​សោះ​រាល់​ការ​ប្រកួត​កន្លង​មក​ បើ​ខឹង​រឿង​អី​មួយ​ពេល​កំពុង​ប្រកួត​ ពិសេស​ដៃគូ​ខ្ញុំ​ផ្ទាល់»។

អ្នក​ប្រដាល់​ចិត្ត​សឿង​រូប​នេះ​បាន​បន្ត​ថា​​​​ ការ​តាំង​ចិត្ត​នេះ​​ធ្វើ​ឲ្យ​រូប​គេ​​មាន​សង្ឃឹម​ច្រើន​ប្រហែល​ជា​​៨០​%​ដែល​អាច​ឈាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ រឿង​ស្មារតី​​ចំពោះ​កីឡាករ​​ពិត​ជា​​សំខាន់​មែន​ដើម្បី​រួម​ផ្សំ​នឹង​កម្លាំង​និង​បច្ចេកទេស​សម្រាប់​យក​ឈ្នះ​លើ​ដៃ​គូ។

​ តាម​ការ​អះ​អាង​របស់​ កីឡាករ​ កែវ​ រំចង់​​ថា ​បើ​តាម​ការ​គិត​សម្រាប់​ការ​ឆេវឆាវ​កន្លង​មក​អាច​មក​ពី​ភាព​លំអៀង​របស់​អាជ្ញាកណ្ដាល​ក្នុង​ការ​រាប់​​ខុស​ទំនង​ឬ​​រាប់​ញាប់​ជាង​ធម្មតា​ជា​ដើម។ «ជួន​កាល​មិន​គួរ​រាប់​បែរ​ជា​រាប់​មក​លើ​ខ្ញុំ​ទៅ​វិញ​ រាប់​ទាំង​មិន​ទំនង»។

កែវ រំចង់​បន្ថែម​ថា កន្លង​មក​រូប​គេ​មិន​ធ្លាប់​គំនិត​ផ្លាស់​ប្តូរ​របៀប​ប្រកួត​ឡើយ ពី​ព្រោះ​ គិត​ថា​មិន​សំខាន់​តែ​ពេល​នេះ​បែរ​ជា​គិត​ថា​រឿង​ពិសេស​ដែល​ចាំ​បាច់​ឲ្យ​រូប​គេ​ផ្លាស់​ប្តូរ​ឲ្យ​បាន។

ជា​រឿយ​ៗ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ម្នាក់​នេះ​ត្រូវ​បាន​អ្នក​ទស្សនា​មើល​ឃើញ​ថា មាន​ភាព​ឆេវឆាវ និង​កម្រោល​ចូល​ពេល​ប្រកួត​ម្តង​ៗ​ជា​ពិសេស​ពេល​ដៃ​គូ​វាយ​ត្រូវ​ ប៉ុន្តែ​ប្រសិន​បើ​គេ​ផ្លាស់​ប្តូរ​ទម្លាប់​អាក្រក់​នេះ​ ហើយ​​វាយ​តាម​បច្ចេកទេស​នោះ រូប​គេ​នឹង​​កាន់​តែ​មាន​អ្នក​គាំទ្រ​ច្រើន។

កែវ រំចង់ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​លោក​អាជ្ញា​កណ្តាល​រាប់


ដើម​ខែ​មីនា​ខាង​មុខ​នេះ កែវ រំចង់​នឹង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​មិន​ធ្លាប់​មាន​លើ​ទឹក​ដី​កម្ពុជា​គឺ​«កំពូល​អ្នក​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ»​ដែល​មាន​កំពូល​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ និង​ថៃ​៤​រូប​ដណ្តើម​ប្រជែង​យក​ខ្សែក្រវាត់​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់​១​ម៉ឺន​ដុល្លារ។ ការ​ប្រកួត​នេះ​ពិត​ជា​ស្វិតស្វាញ​សម្រាប់​កែវ រំចង់​ហើយ ពី​ព្រោះ​​អ្នក​ប្រដាល់​ ម៉ឺន សុភា, វង្ស ណយ និង ឡុង សុភី សុទ្ធ​តែ​កីឡាករ​ដែល​រូប​គេ​ធ្លាប់​ចាញ់៕

Post a Comment

 
Top