GuidePedia

0
កីឡាករ​ Hulk​បាន​ចុះហត្ថលេខា​លើ​ការ​បន្ត​កុងត្រា​រយៈពេល​២​ឆ្នាំ​ទៀត​ជាមួយ​ក្លិប​រុស្ស៊ី ​Zenit St Pertersburg រហូតដល់​ដំណាច់​រដូវកាល​ឆ្នាំ​២០១៨-១៩។


កីឡាករ​វ័យ​២៨​ឆ្នាំ​ម្នាក់​នេះ​ បាន​ចូល​លេង​ឲ្យ​ក្លិប ​Zenit​ពី​ក្លិប ​Porto កាលពី​ឆ្នាំ​២០១២ ហើយ​មាន​នូវ​អាជីព​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ជា​កន្លែង​ដែល​គាត់​រកបាន​៤៤​គ្រាប់ និង​ជួយ​ដៃគូ​ឲ្យ​រក​បាន​៣៥​គ្រាប់ ពី​៩២​ប្រកួត​ឲ្យ​ក្រុម​ជើងឯក​បាល់ទាត់​រុស្ស៊ី​៣​សម័យកាល​មួយ​នេះ​។​

ដោយសារ​កិច្ចព្រមព្រៀង​លើក​មុន​របស់​គាត់​​​នឹង​​​ផុត​កំណត់​នៅក្នុង​ឆ្នាំ​២០១៧​នោះ ក្លិប​ក៏បាន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ ក្រោយ​ប្រកាស​ដំណឹង​នេះ តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅ​លើ​វែបសាយ​របស់​ពួកគេ។

ចាប់តាំងពី​ផ្ទេរ​ចេញពី​ក្លិប Porto​ជា​កន្លែង​ដែល​គាត់​ឈ្នះ​ជើងឯក Primeira Liga ៣​លើក Taca de Portugal ៣​លើក និង Europa League​នោះ កីឡាករ Hulk មិនទាន់​បានឈ្នះ​ជើងឯក​ណាមួយ​នោះទេ​នៅក្នុង​ប្រទេស​រុស្ស៊ី។


បច្ចុប្បន្ន កីឡាករ Hulk គឺជា​កំពូល​អ្នករក​គ្រាប់​បាល់​រួមគ្នា នៅ​ការប្រកួត​បាល់ទាត់ Russian Premier League​ជាមួយនឹង​៨​គ្រាប់ ពី​១៦​ប្រកួត គិត​មកទល់នឹង​ពេលនេះ ក្នុង​រដូវ​កាល​នេះ​។ ចំណែកឯ​ក្រុម​របស់​គាត់ ដែល​ដឹកនាំ​ដោយ​លោក Andre Villas-Boas​កំពុងធ្វើការ​នាំមុខគេ​៧​ពិន្ទុ ហើយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម PSV នៅ​ការប្រកួត​ជើង​ទី​១​វគ្គ​៣២​ក្រុម​ចុងក្រោយ Europa League​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ៕

Post a Comment

 
Top