ក្លិប Chelsea និង Everton ត្រូវបានចោទប្រកាន់ដោយសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) ក្រោយពីការប៉ះទង្គិចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ ប៉ុន្តែ ខ្សែការពារ Branislav Ivanovic នឹងមិនប្រឈមមុខនឹងការកាត់វិធានការអ្វីឡើយសម្រាប់ការប៉ះទង្គិចរបស់គេជាមួយនឹងកីឡាករ James McCarth។
អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អង់គ្លេស FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ទាំងក្លិប Chelsea និង Everton ត្រូវបានចោទប្រកាន់ដោយ FA ពីបទមិនអាចរក្សាធ្វើឲ្យកីឡាកររបស់ពួកគេមានឥរិយបថប្រកបដោយសណ្តាប់ធ្នាប់ ឬក៏បញ្ឈប់កុំឲ្យមានឥរិយាបថបង្កជម្លោះ»។
កំហឹងផ្សេងៗបានផ្ទុះឡើងនៅនាទី៨៦ក្នុងពេលក្រុម Chelsea ទទួលជ័យជម្នះ ១-០ នៅលើកីឡដ្ឋាន Stamford Bridge ខណៈដែលកីឡាកររបស់ក្រុមទាំងពីរបានប៉ះទង្គិចគ្នា ហើយខ្សែការពារ Ivanovic របស់ Chelsea មិនបានរងនូវការទាក់ទណ្ឌកម្មអ្វីឡើយ ក្រោយពីទាញខ្សែបម្រើ McCarthy របស់ Everton ក្នុងឥរិយាបថមិនសមរម្យ។
ប៉ុន្តែ ខ្សែការពារអន្តរជាតិស៊ែប៊ី Ivanovic នឹងមិនប្រឈមមុខនឹងការចាត់វិធានការអ្វីឡើយ ក្រោយពី FA បានបញ្ជាក់ថា ក្រុមប្រឹក្សាមួយដែលមានសមាជិក៣នាក់ដែលបានត្រួតពិនិត្យទៅលើឧប្បត្តិហេតុនេះបានបញ្ជាក់ថា វាមិនមែនជាការប្រព្រឹត្តកំហុសដែលនាំឲ្យមានការផ្តល់ពិន័យកាតក្រហមឡើយ។
Chelsea ដែលកំពុងតែនាំមុខ៧ពិន្ទុនៅលើកំពូលតារាងនោះ បានលេងដោយគ្មានខ្សែប្រយុទ្ធ Diego Costa ចំនួន៣ប្រកួតចុងក្រោយ ក្រោយពីរូបគេត្រូវបានពិន័យសម្រាប់ការប្រើជើងជាន់ទៅលើកីឡាករនៃក្រុមម្ខាងទៀត។
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Chelsea ក៏ទើបតែត្រូវបានពិន័យកាលពីពេលថ្មីៗដោយ FA ផងដែរ ពីបទលើកឡើងថា វាមាន «យុទ្ធនាការ» ដែលជះឥទ្ធិពលដល់ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលប្រឆាំងនឹងក្រុមរបស់លោក៕
Post a Comment