ទស្សនិកជនប្រហែល ជាបានជ្រាបហើយថា នៅដើមខែមីនា ឆ្នាំ២០១៥ខាងមុខនេះ សង្វៀនបាយ័ន នឹងរៀបព្រឹត្តិការណ៍ ប្រដាល់អន្ដរជាតិ ដ៏អស្ចារ្យមួយ រវាងកីឡាករ លំដាប់កំពូលកម្ពុជា ៤រូប និងកីឡាករជើងខ្លាំងថៃ ៤រូប ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ។
ប៉ុន្ដែមុននឹងការប្រកួតផ្លូវការ ចូលមកដល់ នៅថ្ងៃទី០៨ កុម្ភៈចុងសប្ដាហ៍នេះ មានអ្នកលេងថៃម្នាក់ ក្នុងចំណោម កីឡាករជើងខ្លាំងថៃទាំង៤រូបដែលត្រូវមកប្រកួត ជម្រុះ ជាមួយកីឡាករកម្ពុជា រួមមានកីឡាករ កែវ រំចង់, វង្ស ណយ, ម៉ឺន សុភា និងកីឡាករ ឡុង សុភី នោះ គឺកីឡាករ Phakao Klangsang Mahasalakam នឹងមកប្រកួតលក្ខណៈមិត្តភាព ជាមួយកីឡាករកម្ពុជា ដែលទទួលស្វាគមន៍ ដោយកីឡាករ អ៊ុង វីរៈ សិស្សគុនក្លឹបកងទ័ពឆ័ត្រ យោងលេខ៩១១ ។
ជំនួបមិត្តភាពអន្ដរជាតិនេះ នឹងធ្វើឡើងនៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ហើយការប្រកួតនេះ ក៏ជាឱកាស សម្រាប់កីឡាករ Phakao Klangsangរបស់ថៃត្រូវវាស់ស្ទង់
សមត្ថភាព របស់កីឡាករកម្ពុជាផងដែរ ។ Phakao Klangsang មិនធ្លាប់មកបង្ហាញ សមត្ថភាពនៅលើសង្វៀន ប្រដាល់កម្ពុជានោះទេ ប៉ុន្ដែបើតាមការបង្ហើបឲ្យដឹង ពីគណៈកម្មការ រៀបចំការប្រកួត កីឡាករថៃរូបនេះ មិនមែនធម្មតាឡើយ ដូច្នេះទើប សហព័ន្ធកីឡាប្រដាល់ កម្ពុជា-ថៃ សម្រេចជ្រើសរើសរូបគេ មកប្រកួតដណ្ដើម ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ នាខែមីនា ខាងមុខ ។
កីឡាករ អ៊ុង វីរៈ វិញត្បិតមិនមានវត្តមានក្នុង ព្រឹត្តិការណ៍ប្រកួតប្រដាល់ ដណ្ដើមប្រាក់រង្វាន់ ១ម៉ឺនដុល្លារនោះក៏ពិតមែនប៉ុន្ដែបើនិយាយពីសមត្ថភាពវិញក៏មិនធម្មតាដែរ ជាពិសេសគឺ ជំនាញប្រើជង្គង់ និងកណ្ដាប់ ដ៏មុតស្រួចរបស់គេតែម្ដង ។ ដូច្នេះជំនួបមិត្តភាព លើកដំបូងរវាង អ៊ុង វីរៈ និងកីឡាករថៃ Phakao Klangsang ថ្ងៃអាទិត្យនេះ ច្បាស់ជាល្អមើលមិនខាន ។
ក្នុងឱកាសនោះដែរសហព័ន្ធកីឡា ប្រដាល់កម្ពុជា ក៏បានរៀបចំគូប្រកួត មិត្តភាពអន្ដរជាតិ កម្ពុជា-ថៃ មួយប្រកួតទៀតផងដែរ គឺជំនួបរវាងកីឡាករ ឯម សាវឿន សិស្សគុនក្លឹប ឬទ្ធីពោធិសែនជ័យ ត្រូវប្រកួតជាមួយកីឡាករ Bunnam Lukchampachai ហើយគូនេះក៏ត្រៀមទាក់ទាញ ចំណាប់អារម្មណ៍ ទស្សនិកជនផងដែរ ៕
Post a Comment