យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិអង្គរ លើកទី ២០ ឆ្នាំ២០១៥
នេះនឹងមានភាពអស្ចារ្យ ជាងឆ្នាំមុនៗ ដោយសារថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងគោរពអញ្ជើញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដើម្បីបាញ់កាំភ្លើង ចេញដំណើររត់ប្រណាំង របស់កីឡាករ-កីឡាការិនី ក្នុងព្រឹត្តិការណ៍ អន្ដរជាតិនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ គឺជាឆ្នាំ ដែលត្រូវនឹងគម្របខួប លើកទី២០ នៃការបង្កើត ព្រឹត្តិការណពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរដែលយើងបានរៀបចំឡើងអស់ជាច្រើនឆ្នាំមកហើយ ហើយក៍ទទួលបាននូវភ្ញៀវទេសចរទាំងជាតិនិងអន្តរ ជាតិរាប់ម៉ឺននាក់ ចូលរួមរត់កម្សាន្ត និងចូលទស្សនា ប្រាសាទអង្គវត្តផងដែរ ។
លោកបានបន្ដថា «ដើម្បីបង្កភាពភ្ញាក់ផ្អើល និងបង្កើនភាព អស្ចារ្យជាងមុន ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិអង្គរដែលនឹងធ្វើឡើងនៅ ចុងឆ្នាំ ២០១៥នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលមានឯកឧត្ដម ថោង ខុន ជាប្រធាន នឹងគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ប្រចាំឆ្នាំដ៏ធំមួយនេះ ហើយក៏មានវត្តមានរដ្ឋមន្ដ្រី តាមបណ្ដាក្រសួងនានា ក្នុងប្រទេសកម្ពុជានិង កីឡាករ-កីឡាការិនីជើងចាស់ ជាច្រើនចូលរួមផងដែរ» ។
អគ្គលេខាធិការខាងលើ បានបន្ថែមថា ដើម្បីធ្វើឲ្យបរិយាកាសនោះ កាន់តែមានភាព សប្បាយរីករាយ ថែមទៀតនោះ ឆ្នាំនេះ គណៈកម្មការបច្ចេកទេស នឹងរៀបចំព្រឹត្តិការណ៍ ឲ្យបានធំជាងឆ្នាំមុនៗ ជាពិសេសគឺការបង្កើត នូវកម្មវិធីប្លែកៗ ជាច្រើនទៀត ដើម្បីអបអរពិធីគំរប ខួបលើកទី២០នេះ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិអង្គរនេះ គឺទទួលបានភ្ញៀវជាតិ និងអន្ដរជាតិចូលរួមជាង ១ម៉ឺននាក់ឯណោះ ក្នុងនោះមាន ៨.១៥០នាក់ ជាកីឡាករ-កីឡាការិនី រត់ប្រណាំង ដែលមកពី ៧៩ប្រទេសជុំវិញ ពិភពលោកយើងនេះ ហើយឆ្នាំ២០១៥នេះ លោក វ៉ាត់ ចំរើន មានសង្ឃឹម យ៉ាងមុតមាំថា ចំនួនអ្នកចុះឈ្មោះចូលរួម នឹងមានការកើនឡើង ជាងឆ្នាំមុនៗ ទៅទៀត ៕
Post a Comment