សញ្ញាបត្រ ឬសញ្ញាឃើញ? ជោគជ័យរៀងៗខ្លួនពីការប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ នៅកីឡដ្ឋានខេត្តស្វាយរៀង ហាក់បានផ្តល់នូវចម្លើយដ៏ជាក់លាក់មួយ។ ក្លិបស្វាយរៀង អគ្គស្នងការដ្ឋាននគរបាលជាតិ ណាហ្គាវើល និងភ្នំពេញត្រាយអាស៊ី សុទ្ធតែឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១១ ខែកុម្ភៈ ខាងមុខ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះរៀងៗខ្លួនលើ ភ្នំពេញក្រោន បៀលប្រាយយូណាយធីត បឹងកេតអង្គរ និងអាល់ប៊ីរិចនីហ្គាតាភ្នំពេញ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្លិបទាំង៤ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ សុទ្ធតែស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកក្នុងស្រុក ដែលវ័យចាស់បំផុតត្រឹម៣៥ឆ្នាំ។ Khmer-sport សូមធ្វើការណែនាំដោយសង្ខេបពីគ្រូបង្វឹកទាំង៤រូបដោយខាងក្រោម៖
លោក សំ វ៉ាន់ដេត ៖ អាយុ៣៥ឆ្នាំ បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ក្នុងក្លិបកងរាជអាវុធហត្ថក្នុងឆ្នាំ១៩៩៨ ហើយនៅដើមឆ្នាំ២០០២ លោកបានសម្រេចចិត្តព្យួរការសិក្សានៅមហាវិទ្យាល័យដើម្បីចាប់យកអាជីពជាគ្រូជំនួយនៅក្នុងក្លិបប៉េអឹម។
ចាប់ពីឆ្នាំ២០១១ មក លោក វ៉ាន់ដេត ដែលងប់ងុលនឹងអាជីពជាគ្រូ ត្រូវបានផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំក្នុងការបង្វឹកក្រុមព្រះខ័នរាជ ដែលក្រោយមកបានប្តូរឈ្មោះជា «ស្វាយរៀង»។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ លោក វ៉ាន់ដេត បានដឹកនាំក្លិបឲ្យទទួលបានតំណែងជើងឯកមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ បន្ទាប់ពីលើកពានរង្វាន់សម្តេច ហ៊ុន សែន ២ឆ្នាំជាប់ៗគ្នា (ឆ្នាំ២០១១ និងឆ្នាំ២០១២ ។ នៅឆ្នាំ២០១៣ លោកក៏បានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមប្រចាំលីកផងដែរ។
លោក អ៊ុង កនយ៉ានិត ៖ ដែលឈានចូលដល់អាយុ៣៥ឆ្នាំផងដែរនោះ បានជួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិឡើងមកលេងក្នុងក្របខណ្ឌកំពូលកាលពីឆ្នាំ២០១១ ក្នុងនាមជាកីឡាករ ហើយលោកបានបន្តដឹកនាំក្រុមមួយនេះ ក្នុងនាមជាគ្រូបង្វឹកវ័យក្មេងម្នាក់។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ និងជាកីឡាករឆ្នើមរបស់ខេមរាកីឡារូបនេះ បានដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យឈ្នះពាន Hun Sen Cup កាលពីរដូវកាលមុន។ លោកក៏ធ្លាប់បានឈ្នះជើងឯកលីក២លើក និងHun Sen Cup ១លើកជាមួយក្រុមខេមរាកីឡា ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ ។ លោក យ៉ានិត បានក្លាយជាគ្រូបង្វឹកឆ្នើមប្រចាំលីកនាឆ្នាំ២០១៤ ខណៈក្រុមរបស់លោកបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ។
លោក មាស ចាន់ណា ៖ អាយុ៣៤ឆ្នាំ បានបន្តតំណែងពីលោកប្រាក់ សុវណ្ណារ៉ា ក្នុងការដឹកនាំក្លិបណាហ្គាវើលសម្រាប់រដូវកាលថ្មីនេះ។ នៅមុនក្លាយជាគ្រូជំនួយ និងជាគ្រូបង្គោល លោក ចាន់ណា ធ្លាប់ជួយឲ្យណាហ្គាខបលើកពានលីក២លើក (ឆ្នាំ២០០៧ និង២០០៩ ) និងរងពាន Hun Sen Cup ២លើកទៀតក្នុងឆ្នាំដូចគ្នា។
ដូចជាជាលោក អ៊ុង កនយ៉ានិត ដែលជាអតីតមិត្តរួមក្រុមជម្រើសជាតិផងដែរ លោក ចាន់ណា ទើបតែទទួលបានសញ្ញាបត្រគ្រូបង្វឹកកម្រិត A ហើយលោកមានភាពល្បីល្បាញក្នុងតួនាទីជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់លោក ហុក សុចិត្រា លោក ប្រាក់ សុវណ្ណារ៉ា និងជាពិសេសគ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon។
លោក ឈូក ពិសិដ្ឋ ៖ អាយុ២៧ឆ្នាំ ការដឹកនាំក្រុមភ្នំពេញត្រាយអាស៊ីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៥ គឺជាដំណាក់កាលដ៏ជោគជ័យមួយក្នុងអាជីពរបស់លោក។ តាមពិតទៅលោក ពិសិដ្ឋ ធ្លាប់តែជាអតីតកីឡាករដែលលេងក្នុងកម្រិតសាកលវិទ្យាល័យប៉ុណ្ណោះ។
លោកបានចាប់ផ្តើមធ្វើការនៅក្លិបភ្នំពេញត្រាយអាស៊ី នៅឆ្នាំ២០១៣ ក្នុងតួនាទីជាអ្នកបកប្រែ និងជាជំនួយការរបស់គ្រូបង្វឹកជនជាតិជប៉ុន Daisuke Yoshiokaខណៈក្លិបចូលក្នុងក្របខណ្ឌក១របស់ក្រសួងអប់រំយុវជន និងកីឡា។
លោកបានទទួលសញ្ញាបត្រគ្រូបង្វឹក AFC C License ក្នុងឆ្នាំ២០១១ ។ ក្រោយការចាកចេញរបស់លោក Daisuke ដោយសារហេតុផលសុខភាព លោក ពិសិដ្ឋ ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥នេះ។ លោកបានអះអាង វត្តមានរបស់លោកនៅក្នុងក្លិបភ្នំពេញត្រាយអាស៊ី គឺដោយសារតែមានការចង្អុលបង្ហាញពីសំណាក់លោក ភា សុភក្ត្រា អតីតជំនួយការទីមួយរបស់លោក Daisuke៕
Subscribe to:
Post Comments (Atom)
Post a Comment