GuidePedia

0
ក្នុងការប្រកួត រត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុង អន្ដរជាតិ លើកទី៤ នៅខេត្តព្រះសីហនុ ដែលរៀបចំ ដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥បានបញ្ចប់ ដោយជោគជ័យ ជាពិសេសកីឡាករ អត្តពលកម្មជម្រើសជាតិកម្ពុជា ម៉ា វីរ៉ូ បានក្លាយជាជើងឯក ប្រចាំព្រឹត្តិការណ៍ ក្នុងវិញ្ញាសា រត់ចម្ងាយ២១គីឡូម៉ែត្រ ។


ទោះបីព្រឹត្តិការណ៍មិនមានប្រាក់រង្វាន់សម្រាប់អ្នកឈ្នះក្ដី ប៉ុន្ដែនេះគឺជាមោទនភាព ដែលជនជាតិខ្មែរម្នាក់គឺកីឡាករ ម៉ា វីរ៉ូ បានក្លាយជាជើងឯក ក្នុងចំណោម កីឡាករ-កីឡាការិនីចំនួន ១៣០០នាក់មកពី៣០ប្រទេសនៅលើពិភពលោកដែល បានចូលរួមរត់នៅលើតំបន់ឆ្នេរអូរឈើទាលដែលជាឆ្នេរស្អាតជាប់ចំណាត់ ថ្នាក់ពិភពលោក ។ ជ័យជំនះរបស់ ម៉ា វីរ៉ូ គឺប្រើថិរវេលា ១ម៉ោង ១៨នាទី និង៥៦វិនាទី ។

ក្រោយបញ្ចប់ការប្រកួតភ្លាម ម៉ា វីរ៉ូ បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ចំពោះការឈ្នះការប្រកួតពាក់កណ្តាលម៉ារ៉ាតុងលើក នេះព្រោះវាជាជ័យជំនះធំ ក្នុងអាជីពជាអ្នករត់ចម្ងាយរបស់ខ្ញុំ ។ បើទោះបីជាការប្រកួតនៅឆ្នាំនេះមិនសូវមានគូប្រជែង ខ្លាំងៗ ប៉ុន្តែថិរវេលាដែលខ្ញុំធ្វើបាន គឺ ល្អប្រសើរជាងមុនៗ ហើយនេះជាលទ្ធផលដ៏វិជ្ជមានមួយនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ” ។

សម្រាប់ជើងឯករងរត់ចម្ងាយ២១គីឡូម៉ែត្រផ្នែកបុរសនេះ គឺបានទៅកីឡាករកម្ពុជា ផាន សុភ័ក្ត្រ ប្រើថិរវេលា ១ម៉ោង ៣០នាទី និងលេខ៣ បានទៅកីឡាករ Hiroshi Ake ជនជាតិជប៉ុន ប្រើថិរវេលា ១ម៉ោង ៣៧នាទី និង២៩វិនាទី ។ ឯលទ្ធផលផ្នែកនារីលេខ១ កីឡាការិនី Kylie Anne Richards មកពីអូស្ត្រាលី ប្រើថិរវេលា ១ម៉ោង ៤៧នាទី និង ៤៤វិនាទី, លេខ២ កីឡាការិនី Loi Wood Ward ប្រើថិរ វេលា ១ម៉ោង ៥២នាទី និងលេខ៣ កីឡាការិនី Adeline ប្រើថិរ
វេលា ២ម៉ោង ០០នាទី និង៤០វិនាទី ដោយពួកគេទាំងអស់សុទ្ធតែមកពីអង់គ្លេសដូចគ្នា ។

ចំណែកលទ្ធផលរត់ចម្ងាយ ១០គីឡូម៉ែត្រវិញ ផ្នែកបុរសលេខ១ បានទៅកីឡាករ គៀង សាម៉ន ប្រើថិរវេលា៣៩នាទី និង ១៨វិនាទី, លេខ២ កីឡាករ កាំង ធឿន ប្រើថិរវេលា ៤០នាទី និង៥៧វិនាទី និងចំណាត់ថ្នាក់លេខ៣ កីឡាករ ជា សម្ផស្ស ប្រើថិរវេលា៤៣នាទី និងង១៤វិនាទី ដែលពួកគេសុទ្ធតែជាជនជាតិខ្មែរ ។


រីឯលទ្ធផលផ្នែកនារី លេខ១ កីឡាការិនីកម្ពុជា ហេង ម៉ី ប្រើថិរវេលា ៥០នាទី និង០៨វិនាទី, លេខ២ កីឡាការិនី Cherie មកពីអូស្ត្រាលី ប្រើថិរវេលា ១ម៉ោង និង០៤នាទី និងចំណាត់ថ្នាក់លេខ៣ កីឡាការិនី Rebecca របស់ចក្រភពអង់គ្លេស ប្រើថិរវេលា ១ម៉ោង ០៦នាទី ២០វិនាទី ៕

Post a Comment

 
Top