ហ៊ែល វ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ត្រូវយុគ យក្សផ្លែ អ្នកប្រដាល់ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបង បំបាក់ឲ្យក្រោកលែងរួចមុនបញ្ចប់ទឹកទី២ ក្នុងការជួបសាកកណ្តាប់ដៃគ្នា នាល្ងាចថ្ងៃសុក្រទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ការប្រកួតក្នុងទឹកទី១ ហ៊ែល វ៉ា គេអាចតតាំងជាជាមួយយុគ យក្សផ្លែ បានជាធម្មតាដោយបញ្ចេញកណ្តាប់ដៃនិងជើងទាត់ វាយប្រហារទៅលើយក្សផ្លែ តែត្រូវយក្សផ្លែវាយសងវិញ ដោយគ្មានខ្លាចញញើតនោះឡើយ។
ចូលដល់ទឹកទី២ យក្សផ្លែគេលែងចាំហ៊ែលវ៉ា វាយមកលើមុនទៀតហើយ គឺគេបានបើកការវាយប្រហារមុនតែម្តង ដោយបានប្រើកណ្តាប់ដៃដាល់យ៉ាងញាប់រន្ថើនទៅល់ហ៊ែល វ៉ា ហើយកណ្តាប់ដៃរបស់គេមានប្រសិទ្ធភាពថែមទៀត។ មុនស្នូរជួងបន្លឺឡើងនោះ កណ្តាប់ដៃរបស់យក្សផ្លែ បានដាល់ចំមុខរបស់ហ៊ែល វ៉ា បណ្តាលឲ្យហ៊ែល វ៉ាដួលសន្លប់លែង ក្រោកតែម្តង។
ហ៊ែល វ៉ា ដែលអាចវាយឈ្នះរឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆត្រយោង៩១១ដោយពិន្ទុកន្លងមកនោះដល់មកចាញ់យក្សផ្លែងាយៗដូច្នេះ ដោយសារតែគេវាយតក់ក្រហល់ពេក ទើបធ្វើឲ្យភ្លាត់ស្នៀតបរាជ័យបែបនេះ។
ឆន ចាន់នី អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដែលឡើងប្រកួតជម្រះបញ្ជីជាមួយឯម សុធី អ្នកប្រដាល់ក្លិបឫទី្ធពោធិសែនជ័យនោះ បានបន្តចាញ់ឯម សុធីដោយពិន្ទុម្តងទៀត បន្ទាប់ពីប្រកួតគ្នាប្រាំទឹកពេញនោះ។
ឯម សុធី ដែលមានមានកម្ពស់ខ្ពស់ជាង បានប្រើកណ្តាប់ដៃដាល់ និងទាត់ទៅលើឆន ចាន់នី ត្រូវពេញៗដែលធ្វើឲ្យចាន់នី ក្នុងទឹកទី៤និងទឹកទី៥ ពីរទឹកចុងក្រោយនេះធ្លាក់ចុះខ្សោយកម្លាំងស៊ុហ្វ ដែលនាំឲ្យសុធីមានប្រៀបឈ្នះនោះ។
អ្នកប្រដាល់គិន សំបូរ ក្លិបភារម្យគុនខ្មែរ ដែលបាត់មុខជាយូរមកហើយនោះ បានផ្តួលយកឈ្នះ ផល សីហា អ្នកប្រដាល់ក្លិបសុភានូមានជ័យក្នុងទឹកទី២។ គេស្មានថា សំបូរ ខានប្រកួតយូរ ប្រកួតមិនកើត ផ្ទុយទៅវិញសំបូរវាយផល សីហា គ្មានឲ្យតដៃកើតទេ។
ផល សីហា គេមិនបានសន្លប់នោះទេ តែត្រូវអាជ្ញាកណ្តាលបណ្តេញចុះពីលើរេញដោយចោទប្រកាន់គេអត់វាយ ដែលតាមពិតគេទៅមិនរួចជាមួយសំបូរតែម្តង។ ទោះជាបែបនេះក្តី គណៈកម្មការបានប្រកាសលទ្ធផលឲ្យគិន សំបូរឈ្នះផលសីហាដែរ។
ចំណែក ស៊ឹម សំ អ្នកប្រដាល់ក្លិបកុមារទេពមានរិទ្ធ ដែលឡើងសងសឹកយិន បូរិន អ្នកប្រដាល់ក្លិបអាស៊ីកីឡាដែរនោះ ក៏នៅតែបន្តចាញ់បូរិនដោយពិន្ទុដដែលទៀត។ ប្រកួតគ្នាលើកមុន ស៊ឹម សំ វាយចាញ់ពិន្ទុបូរិន ដោយប្រផឹតប្រផើយប៉ុណ្ណោះ តែពេលឡើងសងសឹកលើកនេះ គឺគេវាយចាញ់ដាច់តែម្តង។
ស៊ឹម សំ ហាក់ដូចជាមិនសូវមានសំណាងល្អតែម្តង ក្នុងការប្រកួតជាមួយ យិន បូរិននេះ បើទោះជាបូរិនមានសមត្ថភាពនិងបច្ចេកទេស មិនជាលើគេប៉ុន្មានក៏ដោយនោះ៕
Subscribe to:
Post Comments (Atom)
Post a Comment