ការប្រកួតបាល់ទាត់ជាមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា(U.23) ជាមួយក្រុម ហ្វាសុង អេហ្វស៊ី(HWASEONG FC) មកពីសាធារណរដ្ឋកូរ៉េ កាលពីព្រលប់ថ្ងៃទី៧ ខែកុម្ភៈ នៅកីឡដ្ឋានខេត្តស្វាយរៀង បានបញ្ចប់ទៅក្នុងលទ្ធផលកូរ៉េឈ្នះ៥ ទល់២។
ក្រុមបាល់ទាត់ HWASEONG FC នេះ ជាក្រុមលេងនៅក្នុង League នៃប្រទេសកូរ៉េ លំដាប់លេខ៣។ ឯក្រុមជម្រើសជាតិកម្ពុជាជាក្រុមដែលសហព័ន្ធបាន សម្រេចដាក់បញ្ចូលទាំងក្រុមជម្រើសជាតិឈុតធំ ឈុតU23 និងឈុត U22 ឲ្យធ្វើការហ្វឹកហាត់ជុំគ្នានៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី តាំងពីថ្ងៃទី២ ខែកុម្ភៈ មកម្ល៉េះ ក្រោមការដឹកនាំរបស់លោក ឆាំង ពិសិដ្ឋ ព្រមទាំងគ្រូជនជាតិកូរ៉េ Lee Tae Hoon និងគ្រូជំនួយចំនួន៥នាក់ទៀត។
នៅក្នុងការប្រកួតតង់ទី១ ដែលភាគច្រើនបង្ហាញពីសាមគ្គីភាព និង មិត្តភាពជាជាងការដណ្ដើមជ័យជំនះនោះ ក្រុម HWASEONG FC បានដាក់កីឡាករបម្រុងឲ្យលេង ដែលលទ្ធផលក្រោយពីការប្រកួត៤៥នាទីនោះគឺស្មើគ្នា២ទល់ ២។
២គ្រាប់នេះ មួយគ្រាប់រកបានដោយកីឡាករលេខ២៥ស៊ុន សុវណ្ណរិទ្ធី ដែលបានតែតបញ្ចូលទីនៅនាទី២៣ និងមួយគ្រាប់ទៀត រកបានដោយកីឡាករលេខ៥ ឃួន ឡាបូរ៉ាវី នៅនាទី៤៤។ ចំណែកពីរគ្រាប់របស់ក្រុម HWASEONG FCមួយគ្រាប់រកបានដោយការទាត់Feekick ដោយកីឡាករលេខ១០Kim Chang Hee ចូលនៅនាទី៣៦ ហើយមួយគ្រាប់ទៀត ទាត់ចូលដោយកីឡាករលេខ៩៩ Kim Hyoung Pil នៅនាទី៤៥ ដែលបញ្ចប់តង់ទី១ទៅហើយនោះ។
ការប្រកួតក្នុងតង់ទី២ ក្រុមជម្រើសជាតិកម្ពុជាមិនមានឱកាសរកបានគ្រាប់បាល់បន្ថែមទេ ខណៈខាងក្រុម HWASEONG FC រកបាន៣គ្រាប់បន្ថែម ដែលធ្វើបានដោយកីឡាករលេខ៨ Kim Chang Hee នៅនាទី៦១ និងកីឡាករលេខ៣០ នៅនាទី៨៤ ហើយ១គ្រាប់ទៀតទាត់ចូលនៅខ្វះ១នាទីនឹងបញ្ចប់តង់ទី១នោះ។
នេះជាការប្រកួតមួយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងសហព័ន្ធបាល់ទាត់កូរ៉េ បានរៀបចំឡើង ដើម្បីជាផ្នែកមួយនៃការវាស់ស្ទង់សមត្ថភាពបច្ចេកទេសរបស់កីឡាករជម្រើសជាតិកម្ពុជា ក្នុងការត្រៀមការប្រកួតអន្តរជាតិផ្សេងៗ នាពេលខាងមុខ ពិសេសការប្រកួតជម្រុះ FIFA World Cup 2018 ដែលនឹងត្រូវធ្វើនៅដើមខែមីនា ខាងមុខនេះ ខណៈពិធីចាប់ឆ្នោត នឹងត្រូវធ្វើនៅថ្ងៃទី១០ ទី១១ ខែកុម្ភៈនេះ។
គួរបញ្ជាក់ថា លោក ឧត្ដមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ ប្រធានសហព័ន្ធបាល់ទាត់កូរ៉េ លោកឌី វិជ្ជា សមាជិកប្រតិបត្តិសហព័ន្ធបាល់ទាត់ លោកជំទាវហ៊ុន ម៉ាណា អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាជាច្រើនរូបទៀត បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៏សំខាន់នេះ។
ជាមួយគ្នានេះ លោកប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េ បានផ្តល់ថវិកាសម្រាប់ក្រុមទាំងពីរចំនួន៥.០០០ដុល្លារ ដែលក្រុម HWASEONG FC ទទួលបាន៣.០០០ដុល្លារ ក្នុងឋានៈជាក្រុមឈ្នះ ឯក្រុមកម្ពុជាឈ្នះបាន២.០០០ដុល្លារក្នុងឋានៈជាក្រុម ចាញ់៕
Post a Comment