GuidePedia

0
អ្នក​ប្រដាល់​ដ៏​ប្រជា​ប្រិយ​នៅ​កម្ពុជា វ៉ន វីវ៉ា ព្រម​ទាំង ចាន់ ហេង និង ថៃ រិទ្ធី​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ Full Metal Dojo នៅ​ប្រទេស​ថៃ​វេលា​ម៉ោង​ប្រហែល​ជា​៨​ព្រឹក​នេះ​ហើយ​នៅ​ប្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។

វ៉ន វី និង​អ្នក​គាំទ្រ


តាម​ព័ត៌មាន​របស់​ថៃ​ The Thaivisa បាន​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា ​ការ​ប្រកួត​រវាង​ វ៉ន វីវ៉ា និង​កីឡាករ​ម្ចាស់​​ថៃ​ Jomhod Kiatadisak បាន​ក្លាយ​ជា​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​នៅ​ខែ​កុម្ភៈ​នេះ​ដោយ​សារ​កីឡាករ​ថៃ​ម្នាក់​នេះ​ជា​ជើង​ខ្លាំង​គុន​ថៃ​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​ប្រដាល់​សេរី​លំដាប់​ពិភព​លោក​ជា​ច្រើន ហើយ​ជា​ការ​សាក​ល្បង​លើក​ដំបូង​របស់​គេ​សម្រាប់​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ក្នុង​ទ្រុង ស្រប​ពេល​ វ៉ន វីវ៉ា​ក៏​ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ការ​ប្រកួត​លើក​ដំបូង​របស់​វ៉ន វីវ៉ា​ដែរ។

កាល​ពី​ល្ងាច​មិញ ស៊ន ដាវីន ភរិយា​របស់​ វ៉ន វីវ៉ា​បាន​ប្រាប់​ថា ពាក់​ព័ន្ធ​នឹង​ដៃ​គូ​ប្រកួត​នេះ​ ប្តី​របស់​នាង​មិន​បាន​និយាយ​អ្វី​ទេ ប៉ុន្តែ​គាត់​បាន​ឲ្យ​ដឹង​ថា គាត់​ចង់​សាក​ល្បង​សមត្ថភាព​នៃ​ការ​ប្រកួត​ក្នុង​ទ្រុង​ ពី​ព្រោះ​គាត់​មាន​គោលដៅ​ធំ​​សម្រាប់​ការ​ប្រកួត​ MMA នា​ពេល​ខាង​មុខ។

«​គាត់​ចង់​សាក​ល្បង​ប្រកួត​MMA បើ​លើក​នេះ​ធ្វើ​បាន​ល្អ​ គាត់​នឹង​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ធំ​ជាង​នេះ​ទៀត ​ព្រោះ​កម្មវិធី​ប្រកួត​ក្នុង​ទ្រុង​មាន​ធំ​ៗ​ច្រើន​លំដាប់​ពិភព​លោក »។ ស៊ន ដាវីន​បាន​និយាយ។

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ISKA ​វ៉ន វីវ៉ា​នឹង​ត្រូវ​ប្រឈម​នឹង​ Jomhod Kiatadisak ដែល​មាន​រហស្សនាម​«​ស្តេច​លើ​សង្វៀន​ ឬ King of the Ring»​នា​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ​ក្នុង​កម្មវិធី​ Full Metal Dojo។ អម​ជា​មួយ​នឹង​ការ​ប្រកួត​គូ​ឯក​នេះ ជើង​ខ្លាំង​កម្ពុជា​ពីរ​នាក់​ទៀត​ក៏​មាន​មុខ​ដែរ​គឺ​ ចាន់ ហេង ប៉ះ​កីឡាករ​ថៃ Phetsingkorn Srosirisuphathin និង​កីឡាករ ថៃ រិទ្ធី ប៉ះ​កីឡាករ​ស៊ុយអែត Fabian Pettersson។ ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ​​មាន​កីឡាករ​មក​ពី​ប្រទេស​ស៊ីលី, ព័រតូរីកូ, បារាំង, ស៊ុយអែត, ជប៉ុន, កម្ពុជា និង​ម្ចាស់​ផ្ទះ​ថៃ៕

Post a Comment

 
Top