ក្នុងចំណោមការប្រកួតប្រដាល់អន្តរជាតិ៣គូកាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ កុម្ភៈ នៅលើរេញស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ មានតែកីឡាករគង់ សំបូរ និងគូប្រកួតប៉ុណ្ណោះដែលវាយសម្រុកគ្នាខ្លាំងក្លាអមដោយទិចនិកកំប្លែង ។ គូនេះភាគីខាងកម្ពុជាបំបាក់ជើងខ្លាំងថៃគួរឲ្យភ្ញាក់ផ្អើល បើទោះជាកីឡាករគីងកុង គឺជាកីឡាករចាស់វស្សា និងជើងល្អម្នាក់នៅក្នុងប្រទេសថៃ
ការប្រកួតដែលបានធ្វើឡើងក្រោមក្រសែភ្នែកមហាជនរាប់ពាន់នាក់នៅក្នុងស្ទីឌីយោ និងរាប់ម៉ឺននាក់នៅតាមកញ្ចក់ទូរទស្សន៍នោះ បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារ គង់ សំបូរ និងកីឡាករថៃឈ្មោះគីងកុង គឺជាដៃគូដែលបើកឆាកប្រយុទ្ធគ្នាដោយភាពឌឺដងផង និងដោយស្វិតស្វាញផង ។ គូនេះអ្នកទស្សនាទាំងរន្ធត់ និងសើចសប្បាយគឺប្រហែលគ្នា ពិសេសក្នុងពេលកីឡាករថៃត្រូវទាត់ដោយភាគីកម្ពុជា ហើយបញ្ចេញសកម្មភាពឌឺដាក់បង្គោលក្រហមគ្រប់លើក ។ ប៉ុន្តែនៅចុងការប្រកួត ក៏ប៊ិះនឹងកើតរឿងចម្រូងចម្រាសផងដែរ ដោយសារតែ គង់ សំបូរ បានចោទថា កីឡាករគីងកុង ព្យាយាមវាយខ្លួនពីក្រោយ ឯកីឡាករថៃចោទថា គង់ សំបូរ វាយខ្លួនចំប្រដាល់ការពារ និងប្រើកណ្ដាប់ដៃមិនស្របតាមលក្ខន្តិកៈ ។ អ្នកទាំងពីរត្រូវគេឃើញចង្អុលមុខ និងពើងទ្រូងដាក់គ្នា បើទោះជាលោកអាជ្ញាកណ្ដាលព្យាយាមសម្របសម្រួល។
យ៉ាងណាមិញ ទាំងគង់ សំបូរ ទាំងគីងកុងរបស់ថៃ ក៏បានបង្ហាញកាយវិការគោរពគ្នាគួរឲ្យសរសើរផងដែរនៅពេលភាគីណាមួយវាយជ្រុលជ្រួសចំពោះគ្នាម្ដងៗ ។ រវាងគូនេះ តាំងពីទឹកទី១ រហូតដល់ទឹកទី៣ គឺនៅតែល្អ ដោយភាគីម្ខាងៗសុទ្ធតែបង្ហាញភាពស្វិតស្វាញ និងតស៊ូរៀងខ្លួន។ ប៉ុន្តែអាចមកពីកីឡាករគីងកុង មានបញ្ហាជើងតាំងពីមុនការប្រកួត ទើបឲ្យតែត្រូវកីឡាករគង់ សំបូរទាត់ត្រូវម្ដងៗ ក៏បង្ហាញអាការពិបាកទ្រាំ។ អញ្ចឹងហើយ ទើបកីឡាករកម្ពុជាបានប្ដូរយុទ្ធសាស្ត្រឈប់វាយផ្នែកខាងលើ ហើយប្រើតែជើងទាត់ឆ្វេងស្ដាំ ធ្វើឲ្យកីឡាករគីងកុងកាន់តែមានរបួសត្រង់ភ្លៅ ។ កីឡាករថៃត្រូវលោកអាជ្ញាកណ្ដាលរាប់ពីរដងភ្លាមៗ បន្ទាប់ពីបង្គោលក្រហមវាយត្រូវត្រង់កន្លែងដដែល ។ ប៉ុន្តែលោកក៏ធ្វើឲ្យ គង់ សំបូរ ត្រូវច្រើនតាមរយៈការបោះកែង និងវាយម៉ាត់ផងដែរ ខណៈដែលកម្លាំងក្នុងពេលចូលកៀក ក៏វាយបោកបានល្អគួរឲ្យសរសើរ។
គូនេះបង្ហាញសញ្ញាចាញ់-ឈ្នះកាន់តែខ្លាំងក្នុងទឹកទី៤ ដោយកីឡាករកម្ពុជាចាប់ផ្ដើមមានសន្ទុះតែម្ដង បន្ទាប់ពីដឹងចំណុចខ្សោយរបស់បង្គោលខៀវ ហើយដឹងថាត្រង់ភ្លៅឆ្វេងស្ដាំរបស់គេ សុទ្ធតែមិនអាចទ្រាំទ្រនឹងកម្លាំងជើងពីគូប្រកួតបាន ។ គីងកុងរាប់ដល់៨ ពីរដងនៅមិនព្រមចុះចាញ់ការប្រកួតនោះទេ ដោយបន្តបើកឆាកប្រយុទ្ធកាន់តែក្ដៅគគុកធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ជាពិសេសជាមួយនឹងឱកាសដែលអាចវាយកែងបក ធាត់ចំកណ្ដាលដើមទ្រូង និងម៉ាត់ត្រូវល្អឥតខ្ចោះទៅលើ គង់ សំបូរ ។ រហូតឈានដល់ចុងទឹកទី៤ ទើបគង់ សំបូរ បន្តវាយបំបែកកង់ក្រោមកាន់តែខ្លាំង ហើយធ្វើឲ្យកីឡាករថៃដែលភាគីអ្នកបញ្ជូនមកអះអាងថា ជាជើងខ្លាំងសម្រេចចិត្តបោះបង់ការប្រកួត ដោយសារតែសភាពឈឺត្រង់ភ្លៅកាន់តែយ៉ាប់ឈរប្រកួតលែងចង់កើត ។
នៅមិនមានការបកស្រាយពាក់ព័ន្ធនឹងរបួសត្រង់ភ្លៅថា បានកើតឡើងដោយសារតែរឿងគង់ សំបូរ ទាត់ត្រូវកាលពីដើមទឹក ឬមានរបួសតាំងពីពេលណាមកនោះទេ ។ ប៉ុន្តែយោងតាមការវិភាគកីឡាករថៃទំនងជាមានបញ្ហាជើងនេះតាំងពីមុនមកប្រកួត ទើបគ្រាន់តែកីឡាករកម្ពុជាទាត់ត្រូវចុងជើង ហាក់មិនសូវមានទម្ងន់ខ្លាំងផង ក៏មានអាការចង់ប្រកាសម្ដងៗនៅលើរេញ។ គូនេះ គង់ សំបូរ បានទទួលកិត្តិយសយ៉ាងលើសលប់ដោយសារតែអាចឈ្នះជើងខ្លាំងចាស់វស្សារបស់ថៃ ដែលសូម្បីតែមានបញ្ហារបួសភ្លៅរួចទៅហើយ ក៏អាចធ្វើព្យុះភ្លៀងប៊ិះនឹងឲ្យភាគីបង្គោលក្រហមបរាជ័យ ។ កីឡាករខាងកម្ពុជាត្រូវគេឃើញប្រឹងអស់ពីសមត្ថភាពតាំងពីដើមទី ដែលទំនងមកពីលោកមានបំណងចង់ឈ្នះដាច់ខាតបន្ទាប់ពីការប្រកួតអន្តរជាតិកាលពីអំឡុងខែមករាមុននេះបានចាញ់ក្រោមកណ្ដាប់ដៃថៃ ។
សម្រាប់គូអន្តរជាតិ២គូទៀត កីឡាករបាង កាយ៉ាក របស់កម្ពុជាបានវាយឈ្នះកីឡាករថៃ Phit Leng Chhai ក្នុងទឹកទី៣ បើទោះជាថៃដែលជាដៃគូប្រកួតក៏មិនមែនធម្មតា។ យ៉ាងណាក៏ដោយគូនេះ ទទួលបានការចាប់អារម្មណ៍តិចជាងគូទី២ រវាងកីឡាករអាំង សំអាត និងកីឡាករ Phit Thong Chhai នោះទេ ដោយសារតែការប្រកួតមានរយៈពេល៥ទឹក ហើយទាំងកីឡាករកម្ពុជា និងថៃ សុទ្ធតែបញ្ចេញសាច់ដុំដាក់គ្នា បើកឆាកប្រយុទ្ធយ៉ាងរញ្ជួយនៅលើសង្វៀន ។ គូនេះទទួលការទះដៃយ៉ាងកងរំពងដោយសារតែការប្រកួតដ្បិតថាកីឡាករកម្ពុជារាងអន់កម្លាំងស៊ុហ្វនៅចុងទឹកទី៥បន្តិច ប៉ុន្តែការប្រកួតទាំងមូល គឺល្អមើល និងមានសភាពស៊ីសាច់ហុតឈាមគ្នា ព្រោះមិនមានភាគីខាងណាចុះញ៉ម ។ កីឡាករទាំងពីរត្រូវគេកាត់ពិន្ទុឲ្យស្មើគ្នា ដែលនោះក៏ជាលទ្ធផលដែលមានអ្នកគាំទ្រភាគច្រើនទទួលយក ៕
Subscribe to:
Post Comments (Atom)




Post a Comment