ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់របស់ក្រុមហ៊ុនស្រាបៀរ Black Panther ដែលរៀបចំធ្វើឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វគ្គជម្រុះវិលជុំក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមនៅលើសង្វៀនស្រុកកោះធំ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៤ កុម្ភៈកន្លងមកនេះ បានរកឃើញអ្នកឈ្នះនៅក្នុងជុំទី១ ជាបណ្តើរៗហើយ ។
ព្រឹត្តិការណ៍នេះប្រមូលផ្តុំទៅដោយអ្នកប្រដាល់ជើងខ្លាំងៗចំនួន៨រូប គឺ១-កីឡាករតក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា ២-ទេស សំខាន់ មកពីក្លិបកងពលតូចលេខ៧០ ៣-ធី តុងហី មកពីក្លិបសាលវ័ន្តកីឡា ៤-ពេជ្រ ប៊ុនធឿន មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ៥-ឈិន ក្វាន់ងុ៉យ មកពីក្លិបមកុដរាជសីហ៍ ៦-ហុឹម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ៧-ប្រាក់ ចាន់ស៊ីន មកពីក្លិបមិត្តប៉ូលិស និង៨-នេន វណ្ណា មកពីក្លិបខ្លារខិនមានរិទ្ធ ។
ចំណែកលទ្ធផលដែលទទួលបានពីការប្រកួតនៅក្នុងជុំទី១នេះ កីឡាករធី តុងហុី គឺជាអ្នកដែលរកបាន៣ពិន្ទុមុនគេបន្ទាប់ពីបានប្រកួតឈ្នះ ពេជ្រ ប៊ុនធឿន ដោយពិន្ទុរួចមកនោះ ។
បន្ទាប់មក ទេស សំខាន់ ក៏ជាអ្នកដែលមានឱកាសក្នុងការទទួលបាន៣ពិន្ទុជាលើកទី១ដែរក្រោយពីបានធ្វើឱ្យ តក់ សោភ័ណ្ឌ ចាញ់ការប្រកួតទាំងមិនអស់ចិត្ត។ ឈិន ក្វាន់ងុ៉យ ប្រកួតឈ្នះ ហុឹម សារ៉ាន់ ដោយពិន្ទុ ចំណែក នេន វណ្ណា ប្រកួតឈ្នះ ប្រាក់ ចាន់ស៊ីន ដោយពិន្ទុ ។
ទោះជាយ៉ាងណា សម្រាប់អ្នកឈ្នះទាំង៤រូបនេះមិនប្រាកដថា នឹងអាចមានឱកាសឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដណ្តើមយកចំណាត់ថ្នាក់លេខមួយ ១០០% នោះទេ ព្រោះត្រូវជួបប្រកួតគ្នាចំនួន៣លើកទៀតដើម្បីរកអ្នកឈ្នះដែលមានពិន្ទុច្រើនជាងគេសម្រាប់ឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រយកចំណាត់ថ្នាក់លេខ៣ ក្នុងជុំទី២ ធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី៨ មីនា បន្ទាប់មកធ្វើនៅខេត្តក្រចេះ ថ្ងៃទី១៤ មីនា និងប្រកួតក្នុងជុំចុងក្រោយនៅខេត្តកំពង់ធំក្នុងខែមេសា ។ ចំណែកការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ គឺត្រូវធ្វើឡើងនៅលើសង្វៀនទូរទស្សន៍រាជធានីភ្នំពេញបុ៉ស្តិ៍លេខ៣ ថ្ងៃទី៣ ឧសភា ។
ជាមួយនេះ មជ្ឈមណ្ឌលនាឡិកាស្វ៊ីសបានចូលរួមចំណែកលើកកម្ពស់វិស័យកីឡាប្រដាល់ដោយបានចំណាយនាឡិកាម៉ាក TISSOT ចំនួន៤គ្រឿងដល់អ្នកដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំនួន៣គ្រឿង និង១គ្រឿងទៀតសម្រាប់អ្នករៀបចំការប្រកួត ៕
Subscribe to:
Post Comments (Atom)



Post a Comment