ដើម្បីសម្រួល ដល់អ្នកគាំទ្រ និងអ្នកស្នេហាវិស័យ កីឡាបាល់ទាត់ ដែលរស់នៅ រាជធានីភ្នំពេញ និងតាមបណ្តា ខេត្តនាដែលមាន បំណងចង់ចូលរួមទស្សនា ផ្ទាល់នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅកីឡដ្ឋានខេត្តស្វាយរៀង នោះក្លឹបបាល់ទាត់ ខេត្តស្វាយរៀង បានរៀបចំកម្មវិធីពិសេស មួយសម្រាប់អ្នកគាំទ្រ របស់ខ្លួន ដោយចំណាយត្រឹម ១០ម៉ឺនរៀល ឬ ២៥ដុល្លារ ប៉ុណ្ណោះក្នុងម្នាក់ៗ ។
កម្មវិធីពិសេស ដែលក្លឹបម្ចាស់ផ្ទះរៀបចំក្នុងឱកាស នៃការប្រកួតបាល់ទាត់ វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ សម្ដេចតេជោលើកទី៩ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី១៤ ខែកុម្ភៈ ចុងសប្ដាហ៍នេះ គឺសម្រាប់អ្នកគាំទ្រ រស់នៅរាជធានីភ្នំពេញ ហើយមានបំណង ចង់ធ្វើដំណើរកម្សាន្ត ចុងសប្ដាហ៍ទៅ ខេត្តស្វាយរៀង នឹងដើម្បីបានទស្សនា ការ ប្រកួតផ្ទាល់ផងនោះ គឺគ្រាន់តែចំណាយ ២៥ដុល្លារ នឹងទទួលបានសេវាកម្ម ជាច្រើនពីក្លឹប ។
ចំពោះសេវាកម្ម ដែលក្លឹបស្វាយរៀង ផ្ដល់ជូនឲ្យសមនឹងតម្លៃ ២៥ដុល្លារ ដែលអ្នកគាំទ្របង់ជូនក្លឹបនោះរួមមាន សំបុត្រធ្វើដំណើរ ទៅមកភ្នំពេញ-ស្វាយរៀង, ការស្នាក់នៅសណ្ឋាគារមួយយប់ និងអាហារ ៣ពេល រួមទាំងសំបុត្រ ចូលទស្សនា ការប្រកួតដណ្ដើមចំណាត់ ថ្នាក់លេខ៣ វាងក្រុមប៉ូលិស និងក្រុមត្រាយអាស៊ី និងជំនួបដណ្ដើមជើងឯក រវាងក្រុមម្ចាស់ ផ្ទះខេត្តស្វាយរៀង និងក្រុមណាហ្គាវើល រួមទាំងផ្ដល់ជូនអាវយឺត Fan Club មួយផងដែរ ។
បើតាមការឲ្យដឹងពីមន្ដ្រី ក្លឹបស្វាយរៀងលោក សុវណ្ណា បានបញ្ជាក់ថា កម្មវិធីពិសេស ដែលក្លឹបរៀបចំ ពេលនេះ នឹងផុត កំណត់នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។ ដូច្នេះបើទស្សនិកជន មានបំណងចង់ចូលរួមទស្សនា ការប្រកួតផ្ទាល់ ក៏ដូចជាដើម្បីលើកទឹកចិត្ត និងលើកស្ទួយវិស័យកីឡា បាល់ទាត់ជាតិ យើងសូមមេត្តាចូលរួមឲ្យបាន ច្រើនកុះករ ៕
Post a Comment