GuidePedia

0
កីឡាករ Lionel Messi ​បាន​និយាយ​ថា​នៅ​ឆ្នាំ​២០១៤​ ជា​ឆ្នាំ​មិន​ល្អ​ទាល់តែ​សោះ​សម្រាប់​រូបគេ​ ព្រោះ​មាន​រឿង​រ៉ាវ​អាក្រក់​ៗ​ជា​ច្រើន​បាន​កើត​ឡើង តួយ៉ាង​ដូចជា​បញ្ហា​របួស ​និង​ទម្រង់​លេង​នៅ​ក្នុង​ក្រុម​ Barcelona ​ផង​ដែរ ប៉ុន្តែ​ឆ្នាំ​២០១៥​នេះ​វិញ​គឺ​មាន​សង្ឃឹម​ច្រើន​ថា​អាច​មាន​សំណាង​ល្អ​ និង​ឈ្នះ​ពាន​បាន ។-


ម្ចាស់​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​លើ​លោក FIFA Ballon d’Or ​៤​សម័យ​​​រូប​នេះ​បាន​និយាយ​ប្រាប់​ទៅ​កាសែត​អេស្ប៉ាញ​ Football Espana ​ថា៖ “ជា​ការ​ពិត ខ្ញុំ​ចង់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៥​នេះ​​ឲ្យ​​បាន​ល្អ​បំផុត។ ខ្ញុំ​ដឹង​ថា​ឆ្នាំ​មុន​ ខ្ញុំ​ពិត​ជា​មាន​បញ្ហា​ច្រើន​មែន​ទែន​ទាំង​ក្នុង​ទីលាន​ និង​ក្រៅ​ទីលាន។ រឿង​នេះ​​​ធ្វើ​ឱ្យ​ខ្ញុំ​មិន​បាន​សម្រេច​គោល​ដៅ​ជា​ច្រើន​ផង​ដែរ​ក្នុង​រដូវ​កាល​មុន ដូច្នេះ​រដូវ​កាល​នេះ​គឺ​ជា​ពេល​វេលា​ល្អ​ណាស់​សម្រាប់​ខ្ញុំ​ចាប់​ផ្ដើម​ជា​ថ្មី​ក៏​ដូច​ជា​ក្រុម Barcelona ​ដែរ”។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ខាង​លើ​ក៏​បាន​និយាយ​ពី​ចំណុច​ចាប់​ផ្ដើម​ថ្មី​របស់​ខ្លួន​ និង​ក្រុម​អ្នក​មាន​បុណ្យ​ផង​ដែរ​ថា៖ “យើង​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​កាន់​តែ​ខ្លាំង​ក្រោយ​ ពី​ចាញ់​ក្រុម Real Sociedad ​នៅ​ថ្ងៃ​ទី​៤​ ខែ​មករា។ រឿង​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​ចេះ​សហការ​គ្នា​ឡើង​វិញ​ ក៏​ដូចជា​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថែម​ទៀត។ ក្រោយ​ប្រកួត​នោះ​មក សមាជិក​ក្នុង​ក្រុម​ទាំង​អស់​ផ្លាស់​ប្ដូរ​ឥរិយាបថ​ច្រើន ហើយ​ក៏​លេង​ល្អ​ជាង​មុន​ឆ្ងាយ​ដែរ”។


នៅ​រដូវ​កាល​មុន ២០១៣-២០១៤ ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​បាត់​បង់​ពាន​រង្វាន់​ជា​ច្រើន​ ជា​ពិសេស​នោះ​គឺ​ Ballon d’Or ​តែ​ម្ដង ដែល​បាន​ទៅ​លើ​កីឡាករ Cristiano Ronaldo ​ខណៈ​ដែល​ចុង​ឆ្នាំ​២០១៤​ ក៏​រូប​គេ​​មិន​បាន​បង្ហាញ​ទម្រង់​លេង​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។ យ៉ាង​ណា​មិញ​បន្ទាប់​ពី​ចូល​ឆ្នាំ​២០១៥​ភ្លាម Messi ​ហាក់​ដូច​ជា​មាន​សន្ទុះ​ឡើង​វិញ​ដោយ​រក​គ្រាប់​បាល់​បាន​សឹង​គ្រប់​ប្រកួត​តែ​ម្ដង ពោល​គឺ​នៅ​ក្របខ័ណ្ឌ​ La Liga ​បុរស​កូន​មួយ​រូប​នេះ​តែង​តែ​ជួយ​អ្នក​មាន​បុណ្យ​ឈ្នះ​ជាប់​ៗ​គ្នា។ ក្នុង​រដូវ​កាល​ថ្មី​នេះ កីឡាករ​​កម្ពស់​១,៦៩​ម៉ែត្រ​ខាង​លើ ​រក​គ្រាប់​បាល់​បាន​៣៧​គ្រាប់ ​និង​ Assists ​បាន​១៥​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៩​ប្រកួត​​ (គ្រប់​ពាន​រង្វាន់​ទាំង​អស់) ៕

Post a Comment

 
Top