GuidePedia

0
ជំនួប​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ហង្សក្រហម Liverpool និង​ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស Tottenham Hotspur ក្នុង​លីក​កំពូល​អង់គ្លេស English Premier League យប់​មិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-២។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី Mario Balotelli ដែល​បង្ហាញ​ខ្លួន ១៣​លើក​នៅ​លីក​កំពូល ទើប​រក​គ្រាប់​បាល់​ទី​មួយ​ឲ្យ Liverpool ក្នុង​រដូវ​កាល​នេះ។


តង់​ទី​មួយ ក្រុម​ទាំង​ពីរ​មាន​ទម្រង់​លេង​ប្រហាក់​ប្រហែល​គ្នា និង​មាន​ឱកាស​ស៊ុត​ដូច​គ្នា ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន ដោយ​ការ​ស៊ុត​ជើង​ឆ្វេង​ទម្លាយ​សំណាញ់​ទី​ដោយ​កីឡាករ​វ័យ​ក្មេង Markovic នៅ​នាទី​ទី១៥។ នៅ​នាទី២៦ ក្រុម​ភ្ញៀវ​បាន​តាម​ស្មើ​វិញ ដោយ​ការ​លេង​ស៊ី​សង្វាក់​គ្នា​បោះ​បាល់​ខ្លីៗ និង​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ Harry Kane។ លទ្ធផល​ស្មើ​គ្នា​នេះ បាន​បន្តរ​រហូត​ដល់​ចប់​តង់​ទី​មួយ។

ចូល​ដល់​តង់​ទី​ពីរ លេង​បាន ៨​នាទី កីឡាករ Danny Rose របស់​ក្រុម Spurs បាន​បង្ក​កំហុស​យក​ជើង​ទាក់​កីឡាករ Daniel Sturridge នៅ​តំបន់​គ្រោះ​ថ្នាក់ ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ទទួល​បាន​បាល់​ពិន័យ ១១​ម៉ែត្រ។ គ្រាប់​បាល់​នេះ ធ្វើ​បាន​សម្រេច​ដោយ​ប្រធាន​ក្រុម​ចាស់​វស្សា​កីឡាករ Steven Gerrard នៅ​នាទី​ទី៥៣។

យ៉ាង​ណា​មិញ នាំ​មុខ​បាន ៨​នាទី ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ បន្ទាប់​ពី​ទាត់​បាល់ Free Kick ត្រូវ​អ្នក​ចាំ​ទី​ទះ​ចេញ​មិន​ផុត ហើយ​កីឡាករ Dembélé បន្ថែម​បាន​សម្រេច​​ទី​នៅ​នាទី​ទី​៦១។ នៅ​នាទី​ទី៨៣ ខ្សែ​​​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី Mario Balotelli បាន​បំបែក​ពង​មាន់​ខ្លួន​ឯង​នៅ​លីក​កំពូល​អង់គ្លេស ក្រោយ​បង្ហាញ​ខ្លួន ១៣​ប្រកួតរដូវកាល​នេះ ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​មួយ និង​ជា​គ្រាប់​ជ័យ​ជម្នះ​របស់​ក្រុម Liverpool៕



Post a Comment

 
Top