វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលជាការប្រកួតជក់ចិត្តក្នុងពានរង្វាន់ Hun Sen Cup 2015 បានឈានមកដល់ហើយនៅរសៀលថ្ងៃទី ១១ ខែ កុម្ភៈនេះលើវាលស្មៅកីឡដ្ឋានខេត្តស្វាយរៀង ដោយក្រុមណាហ្គវើល ត្រូវជួប អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក្រុមត្រាយអាស៊ី ប៉ះម្ចាស់ផ្ទះខេត្តស្វាយរៀង។
អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះ ណាហ្គវើល (ម៉ោង ៤ ល្ងាច ផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV)
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ
សម្រាប់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ប្រកួតវគ្គនេះត្រូវការពារតំណែងជើងឯករបស់ខ្លួន ដែលធ្លាប់គ្រងពានរង្វាន់កាលពីឆ្នាំ ២០១៤ កន្លងទៅ។ លោក អ៊ុង កងយ៉ានិត គ្រូបង្វឹកប្រចាំក្រុមបានប្រាប់ថា ប៉ូលិស មិនមានបញ្ហាចោទទេសម្រាប់ការប្រកួតរសៀលនេះ លើកលែងតែខ្សែប្រយុទ្ធ នួន បូរី ម្នាក់ប៉ុណ្ណោះដែលមានបញ្ហារបួសកាលពីវគ្គ ៨ ក្រុមចុងក្រោយ។
«ខ្ញុំជឿជាក់ថាការប្រកួតនេះទោះបីមានលទ្ធផលត្រូវចាញ់ឬឈ្នះរៀងខ្លួនក៏ដោយតែក្រុមយើងនឹងប្រកួតឱ្យអស់ពីលទ្ធភាព និង ស្វិតស្វាញ ព្រោះកីឡាករខ្ញុំសុទ្ធតែមានឆន្ទៈចង់ឈ្នះខ្លាំង ដើម្បីការពារតំណែងជើងឯក»។ លោក យ៉ានិត បញ្ជាក់។
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល
ចំណែក លោក មាស ចាន់ណា គ្រូបង្គោលថ្មីរបស់ក្រុមណាហ្គវើល លើកឡើងថា៖ «ក្រុមខ្ញុំមិនមានបញ្ហាអ្វីនោះទេ។ យើងត្រូវពង្រឹងក្រុមឱ្យបានខ្លះ ទាំងប្រមូលអារម្មណ៍ និង រៀបចំក្រុមឱ្យបានល្អ ទាំង មុន និង ក្នុងពេលប្រកួត ដោយមិនចង់ធ្វើឱ្យប្រវត្តិសាស្ត្រច្រំដែលនោះទេ»។
តាមពិតក្រុមទាំង ២ ធ្លាប់ប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះម្ដងហើយកាលពីឆ្នាំ ២០១៤ កន្លងទៅ តែលទ្ធផល ប៉ូលិស ឈ្នះ ណាហ្គា នៅម៉ោងបន្ថែម ១៥ នាទី ២ ដងដោយលទ្ធផល ១ ទល់ ០ ក្រោយប្រកួតស្មើគ្នា ០ ទល់ ០ នៅម៉ោងប្រកួតពេញ។
ស្វាយរៀង ជួប ត្រាយអាស៊ីភ្នំពេញ (ម៉ោង ៨ យប់ ផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV)
ក្រុមខេត្តស្វាយរៀង
ស្វាយរៀង ត្រូវប្រកួតក្នុងនាមជាម្ចាស់ផ្ទះ អមដោយកម្លាំងលើកទឹកចិត្តពីអ្នកគាំទ្ររបស់ខ្លួនជាច្រើនពាន់នាក់។ លោក សំ វ៉ាន់ដេត ទទួលស្គាល់ថាក្រុមលោកមានប្រៀបជាងដៃគូត្រង់ ទី១ ជាម្ចាស់ផ្ទះ និង ទី២ មានកីឡាករសក្ដានុពលច្រើនជាង។ ប៉ុន្តែយ៉ាងណាក៏ដោយលោកមិនអាចមើលងាយគូប្រកួតបាននោះទេ។ ខ្សែការពារសំខាន់២ នាក់របស់ក្រុមនិងជាឈុតក្នុងក្រុមជម្រើសជាតិ គឺ មូល ដារ៉ាវ័ន្ត និង សឿយ វិសាល ទំនងជាមិនអាចបង្ហាញខ្លួនឱ្យក្រុមបានទេ ព្រោះតែមានបញ្ហារបួស ស្របពេល ប្រាក់ មុន្នីឧត្តម ក៏ស្ថិតក្នុងភាពស្រពិចស្រពិលដែរ។
ក្រុមត្រាយអាស៊ី
ចំណែកលោក ឈូក ពិសិដ្ឋ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមត្រាយអាស៊ី វិញអះអាងថាកូនក្រុមរបស់ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតនៅយប់នេះ។ លោកនៅតែមានក្ដីសង្ឃឹមថាដរាបណាការប្រកួតមិនទាន់ចប់នោះលទ្ធផលក៏នឹងមានការប្រែប្រួលដែរ។ លោកដឹងថាស្វាយរៀង ជាក្រុមខ្លាំង តែពេលខ្លះក្រុមខ្លាំងអាងតែខ្លួនខ្លាំងអាចបង្ហាញចំណុចខ្សោយឱ្យដៃគូយកប្រៀបបានវិញក៏មាន៕
Post a Comment