ជំនួបរវាងក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool និងក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur ក្នុងលីកកំពូលអង់គ្លេស English Premier League យប់មិញនេះ បានបញ្ចប់ទៅដោយលទ្ធផល ៣-២។ ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Mario Balotelli ដែលបង្ហាញខ្លួន ១៣លើកនៅលីកកំពូល ទើបរកគ្រាប់បាល់ទីមួយឲ្យ Liverpool ក្នុងរដូវកាលនេះ។
តង់ទីមួយ ក្រុមទាំងពីរមានទម្រង់លេងប្រហាក់ប្រហែលគ្នា និងមានឱកាសស៊ុតដូចគ្នា ប៉ុន្តែក្រុមម្ចាស់ផ្ទះជាអ្នកបើកការនាំមុខមុន ដោយការស៊ុតជើងឆ្វេងទម្លាយសំណាញ់ទីដោយកីឡាករវ័យក្មេង Markovic នៅនាទីទី១៥។ នៅនាទី២៦ ក្រុមភ្ញៀវបានតាមស្មើវិញ ដោយការលេងស៊ីសង្វាក់គ្នាបោះបាល់ខ្លីៗ និងស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Harry Kane។ លទ្ធផលស្មើគ្នានេះ បានបន្តររហូតដល់ចប់តង់ទីមួយ។
ចូលដល់តង់ទីពីរ លេងបាន ៨នាទី កីឡាករ Danny Rose របស់ក្រុម Spurs បានបង្កកំហុសយកជើងទាក់កីឡាករ Daniel Sturridge នៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលបានបាល់ពិន័យ ១១ម៉ែត្រ។ គ្រាប់បាល់នេះ ធ្វើបានសម្រេចដោយប្រធានក្រុមចាស់វស្សាកីឡាករ Steven Gerrard នៅនាទីទី៥៣។
យ៉ាងណាមិញ នាំមុខបាន ៨នាទី ក្រុមភ្ញៀវតាមស្មើវិញ បន្ទាប់ពីទាត់បាល់ Free Kick ត្រូវអ្នកចាំទីទះចេញមិនផុត ហើយកីឡាករ Dembélé បន្ថែមបានសម្រេចទីនៅនាទីទី៦១។ នៅនាទីទី៨៣ ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Mario Balotelli បានបំបែកពងមាន់ខ្លួនឯងនៅលីកកំពូលអង់គ្លេស ក្រោយបង្ហាញខ្លួន ១៣ប្រកួតរដូវកាលនេះ ស៊ុតបញ្ចូលទីគ្រាប់ទីមួយ និងជាគ្រាប់ជ័យជម្នះរបស់ក្រុម Liverpool៕
Post a Comment