ជើងខ្លាំងជំនាន់ថ្មីដែលកំពុងតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងពិភពប្រដាល់ក្បាច់គុនខ្មែរចំនួន ៨ នាក់ ត្រៀមប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ «កំពូលជើងឯកស្រាបៀលីអូ» ទម្ងន់ ៦០ គីឡូក្រាម ដែលមានប្រាក់រង្វាន់រហូតដល់ ២៥០០ ដុល្លារសហរដ្ឋអាមេរិកលើសង្វៀនប៉ុស្ដិ៍បាយ័ន។
កីឡាករទាំង ៨ នាក់មុនការប្រកួតមកដល់
កីឡាករទាំង ៨ នាក់នេះមានដូចជា ឈឿង ឆៃដែន, ថន វាសនា, សល់ ពិសិទ្ធ, ម៉ន លីហ័រ, សេង សឿន, ផង់ សម្ភស្ស, ផាន់ សារ៉ុន និង សួង សុវណ្ណថា។ ការប្រកួតដំបូងនឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ខែ មករា តទៅ រៀងរាល់សប្ដាហ៍ចាប់ពីម៉ោង ១ ដល់ ៣ រសៀល លើបាយ័នសង្វៀនរោងសៀក។ យោងតាមលោក ព្រាប សុវណ្ណ តំណាងម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីនេះបានលើកឡើងថា នេះជាផ្នែកមួយក្នុងការរួមចំណែករបស់ក្រុមហ៊ុនលោកដើម្បីជួយជំរុញ និង អភិវឌ្ឍន៍កីឡាប្រដាល់ជាតិ។ អ្នកតំណាងរូបនេះបានបង្ហើបឱ្យដឹងថាកីឡាករដែលដណ្ដើមបានបានជើងឯកនឹងទទួលបានខ្សែក្រវាត់ ១ ពានរង្វាន់ ១ និង ទឹកប្រាក់ ២៥០០ USD ហើយកីឡាករជើងឯករងនឹងទទួលបានពានរង្វាន់ ១ និងទឹកប្រាក់ ១៥០០ USD អ្នកឈ្នះលេខ ៣ នឹងទទួលបានពានរង្វាន់ ១ និងទឹកប្រាក់ ១០០០ USD និងលេខ ៤ ទទួលបានពាន ១ និងទឹកប្រាក់ ៦០០ USD។ ក្នុងសន្និសិទសារព័ត៌មានបង្ហាញមុខកីឡាករនៅរសៀលនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ លោក នាង ស៊ីវុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំប៉ុស្ដិ៍បាយ័ន បានលើកឡើងថា ការប្រកួតដណ្ដើមខ្សែក្រវាត់នេះនឹងតម្រូវឱ្យកីឡាករទាំងអស់ប៉ះគ្នាសរុបចំនួនម្នាក់ ៧ ប្រកួត។ អ្នកឈ្នះទទួលបាន ៣ ពិន្ទុ ចំណែកអ្នកចាញ់ទទួលបាន ១ ពិន្ទុ។ កីឡាករដែលដណ្ដើមបានពិន្ទុច្រើនជាងគេចំនួន ៤ នាក់មានឈ្មោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានក្រើនរំលឹកកីឡាករទាំងអស់ឱ្យខិតខំហ្វឹកហាត់ និង ប្រកួតឱ្យអស់ពីសមត្ថភាព ខណៈលោកនឹងដាក់មន្រ្តី និង គណៈកម្មការរៀបចំការប្រកួតឱ្យប្រកាន់ភ្ជាប់ វិន័យ តម្លាភាព និង យុត្តិធម៌ដល់កីឡាករគ្រប់រូប៕


Post a Comment