GuidePedia

0
ជើង​ខ្លាំង​​ជំនាន់​ថ្មី​​ដែល​កំពុង​តែ​កសាង​​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​​ក្នុង​ពិភព​ប្រដាល់​​ក្បាច់​គុន​ខ្មែរ​ចំនួន ៨ នាក់ ត្រៀម​ប្រកួត​​គ្នា​ដណ្ដើម​ខ្សែ​ក្រវាត់ «កំពូល​ជើង​ឯក​ស្រាបៀ​លីអូ» ទម្ងន់ ៦០ គីឡូក្រាម ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់ ២៥០០ ដុល្លារ​សហរដ្ឋ​អាមេរិក​លើ​សង្វៀន​ប៉ុស្ដិ៍​បាយ័ន។


កីឡាករ​ទាំង ៨ នាក់​មុន​ការ​ប្រកួត​មក​ដល់ 


 កីឡាករ​ទាំង ៨ នាក់​នេះ​មាន​ដូចជា ឈឿង ឆៃដែន, ថន វាសនា, សល់ ពិសិទ្ធ, ម៉ន លីហ័រ, សេង សឿន, ផង់ សម្ភស្ស, ផាន់ សារ៉ុន និង សួង សុវណ្ណថា។ ការ​ប្រកួត​ដំបូង​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៧ ខែ មករា តទៅ រៀងរាល់​សប្ដាហ៍​ចាប់​ពី​ម៉ោង ១ ដល់ ៣ រសៀល លើ​បាយ័ន​សង្វៀន​រោងសៀក។

យោង​តាម​លោក ព្រាប សុវណ្ណ​ តំណាង​ម្ចាស់​ឧបត្ថម្ភធំ​ក្នុង​កម្មវិធី​នេះ​​បាន​លើក​ឡើង​ថា នេះ​ជា​ផ្នែក​មួយ​ក្នុង​​ការ​រួម​ចំណែក​របស់​ក្រុមហ៊ុន​លោក​​ដើម្បី​​ជួយ​ជំរុញ និង អភិវឌ្ឍន៍​​កីឡា​ប្រដាល់​ជាតិ។ អ្នក​តំណាង​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​​កីឡាករ​ដែល​ដណ្ដើម​បាន​​បាន​ជើង​ឯក​នឹង​ទទួល​បាន​​ខ្សែ​ក្រវាត់ ១ ពាន​រង្វាន់ ១ និង ទឹក​ប្រាក់ ២៥០០ USD ហើយ​កីឡាករ​ជើង​ឯក​រង​នឹង​ទទួល​បាន​​ពាន​រង្វាន់ ១ និង​ទឹក​ប្រាក់ ១៥០០ USD អ្នក​ឈ្នះ​លេខ​ ៣ នឹង​ទទួល​បាន​​ពាន​រង្វាន់ ១ និង​ទឹក​ប្រាក់ ១០០០ USD និង​លេខ ៤ ទទួល​បាន​​ពាន ១ និង​ទឹក​ប្រាក់ ៦០០ USD។

ក្នុង​សន្និសិទ​សារព័ត៌មាន​បង្ហាញ​មុខ​កីឡាករ​​នៅ​រសៀល​នេះ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ​លោក នាង ស៊ីវុត្ថា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ប៉ុស្ដិ៍​បាយ័ន បាន​លើក​ឡើង​ថា ការ​ប្រកួត​​​ដណ្ដើម​ខ្សែក្រវាត់​នេះ​នឹង​តម្រូវ​ឱ្យ​កីឡាករ​ទាំង​អស់​ប៉ះ​គ្នា​​សរុប​ចំនួន​ម្នាក់ ៧ ប្រកួត។ អ្នក​ឈ្នះ​​ទទួល​បាន ៣ ពិន្ទុ ចំណែក​អ្នក​ចាញ់​ទទួល​បាន ១ ពិន្ទុ។ កីឡាករ​ដែល​ដណ្ដើម​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន ៤ នាក់​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ចំណែក​​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​ក្រើន​រំលឹក​កីឡាករ​ទាំង​​អស់​ឱ្យ​ខិតខំ​ហ្វឹកហាត់ និង ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព ខណៈ​លោក​នឹង​ដាក់​មន្រ្តី និង គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​ឱ្យ​ប្រកាន់​ភ្ជាប់​ វិន័យ តម្លាភាព និង យុត្តិធម៌​ដល់​កីឡាករ​គ្រប់​រូប៕

Post a Comment

 
Top