GuidePedia

0
ការប្រកួត​ជម្រុះ​វិល​ជុំ ដើម្បី​ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Leo​ទម្ងន់ ៦៧ គីឡូក្រាម នៅ​ថ្ងៃអាទិត្យ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៥ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ​នោះ គឺជា​ការប្រកួត​ជុំ​ទី​៧​ដែល​ជា​ជុំ​ចុងក្រោយ របស់​ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​សល់ ប៊ុន​ហ៊ូ​វ​អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។ ឯ វី សេរី​ចាន់​ឌី​ន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវ​ជួប​ពុទ្ធ ផន​កុសល អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។


ការ​សន្សំ​ពិន្ទុ​របស់​អ្នក​ប្រដាល់​ទាំង​៤​នាក់ ក្នុង​៦​ប្រកួត​កន្លង​មក​នេះ ​ធា នុ​រាជ​ឈ្នះ​២ ប្រកួត ចាញ់​៤​ប្រកួត បាន​១០​ពិន្ទុ ឯ សល់ ប៊ុន​ហ៊ូ​វ គេ​បាន​៦​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ចាញ់​ទាំង​៦ ប្រកួត។ ចំពោះ វី សេរី​ចាន់​ឌី​ន គេ​បាន​១២​ពិន្ទុ ដោយ​ឈ្នះ​៣​ប្រកួត និង​ចាញ់​៣ ប្រកួត ហើយ​ពុទ្ធ ផន​កុសល គេ​ប្រកួត​ឈ្នះ​៤ ប្រកួត ចាញ់​២​ប្រកួត មាន​១៤​ពិន្ទុ។

ដូច្នេះ​ក្នុង​ការ​ប្រកួត​ជុំ​ទី​៧ ដែល​ជា​ជុំ​ចុងក្រោយ​នេះ​ ក្នុងចំណោម​៤​នាក់​នេះ​ធា នុ​រាជ ​និង វី សេរី​ចាន់​ឌី​ន ពួកគេ​ទាំងពីរ​ត្រូវការ​ឈ្នះ​ដូចគ្នា ​ដើម្បី​បាន​ជាប់​ក្នុង ចំណោម​៤​នាក់​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ។

វី សេរី​ចាន់​ឌី​ន បើសិនជា​លើក​នេះ​ចាញ់ គឺអាច​មាន​បញ្ហា​ចោទ​ហើយ ខណៈ​ដែល​ធា នុ​រាជ​ឈ្នះ​ក្នុង​ការប្រកួត​ចុង​ក្រោយ​នេះ ​គេ​នឹង​មាន​ពិន្ទុ​ស្មើ​មិន​ខាន ដែល​ទាមទារ​ត្រូវ​ត្រួត​ពិនិត្យមើល​ចំនួន​ទឹក​ដែល​ពួកគេ​ឈ្នះ​ និង​ចាញ់ តើ​នរណា​ដែល​ត្រូវ​បាន​ឡើង និង​នរណា​ត្រូវ​ជ្រុះ​ធ្លាក់​នោះ។

សម្រាប់​ការ​ជុំ​ចុង​ក្រោយ​នេះ ធា​នុ​រាជ ​គេ​ដឹង​តែ​ពី​ឈ្នះ​សល់ ប៊ុន​ហ៊ូ​វហើយ ព្រោះ​ប៊ុន​ហ៊ូ​វ អន់​ជាង ហើយ​ណាមួយ​ប៊ុន​ហ៊ូ​វ​ចាញ់​៦​ប្រកួត​ជាប់ៗ​គ្នា​ទៅហើយ គឺ​ដឹង​ខ្លួនឯង​ថា​ត្រូវ​ធ្លាក់​បាត់​ទៅ​ហើយ ទោះជា​ការប្រកួត​លើក​នេះ គេ​ឈ្នះ​ឬ​ចាញ់​ក៏ដោយ​នោះ។ ដូច្នេះ​ធា នុ​រាជ គេ​នឹង​មាន​ពិន្ទុ​១៣ ​ស្មើ​ជាមួយ​វី សេរី​ចាន់​ឌី​ន នៅ​ពេល​ដែល​ចាន់​ឌី​ន​ប្រកួត​លើក​ចុង​ក្រោយ​នេះ ចាញ់​ពុទ្ធ​ផន កុសល​នោះ។

វី សេរី​ចាន់​ឌី​ន គេ​ជួប​ប្រកួត​ជាមួយ​ពុទ្ធ ផន​កុសល មិន​ដឹង​ថា​អាច​ឈ្នះ ឬមួយ​ចាញ់​ផន​កុសល​នោះ​ទេ ព្រោះថា​កុសល​គេ​ខ្លាំង ហើយ​ណាមួយ​គេ​មិន​មាន​ការ​ភ័យ ព្រួយ​ពី​រឿង​ចាញ់​ទេ ដោយសារ​គេ​មាន​ពិន្ទុ​ច្រើន​ហើយ។

ក្នុង​៦​ប្រកួត​កន្លងមក ពុទ្ធ ផន​កុសល គេ​ឈ្នះ​៤​ប្រកួត និង​ចាញ់​២​ប្រកួត​មាន​១៤​ពិន្ទុ​ទៅ​ហើយ ទោះជា​លើក​នេះ​គេ​ចាញ់ ក៏​គេ​នៅតែ​បាន​ឡើង​ទៅ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ។ យ៉ាប់​តែ​វី សេរី​ចាន់​ឌី​ន​ប៉ុណ្ណោះ ដែល​គេ​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ ដើម្បី​បាន​ឡើង ហើយ​បើ​ចាញ់ វា​នឹង​ត្រូវ​ក្តីក្តាំ​ជាមួយ​ធា នុ​រាជ​ហើយ។

ទោះជា​យ៉ាងណា រវាង​ពុទ្ធ ផន​កុសល និង វី សេរី​ចាន់​ឌី​ន​នេះ មិនទាន់​ប្រាកដ​ថា​ផន​កុសល​ឈ្នះ​ចាន់​ឌី​ន​នោះ​ទេ ត្បិត​ចាន់​ឌី​ន​គេ​ក៏​មាន​ផ្លែ​ល្អ​ដែរ គ្រាន់តែ​ចិត្ត​ប្រដាល់​មិនសូវ​ធំ​តែប៉ុណ្ណោះ។ ដូច្នេះ ចាំមើល​តើ​ពុទ្ធ ផន​កុសល​ឈ្នះ ឬ វី សេរី​ចាន់​ឌី​ន ឈ្នះ សម្រាប់​ការប្រកួត​ជម្រុះ​ចុងក្រោយ​នេះ ? ​

គួរ​បញ្ជាក់​ថា ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​Leo​ទម្ងន់​៦៧​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ចូលរួម​ប្រកួត​ចំនួន​៨​រូប ហើយ​តម្រូវ​ជ្រើស​រើសយក​៤​រូប អ្នក​ដែលមាន​ពិន្ទុ​ច្រើនជាងគេ ដើម្បី​ឡើងទៅ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ សម្រាប់​ដណ្តើម​តំណែង​ជើងឯក​និង​គ្រប់គ្រង​ខ្សែក្រវាត់។


អ្នក​ប្រដាល់​ពីរ​រូប​ហើយ ដែល​ត្រូវ​បាន​ជាប់​ឡើង​ទៅ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​នោះ​គឺ​ផង់ សុភាព ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ដែល​បាន​២១​ពិន្ទុ​ដោយ​ឈ្នះ​ទាំង​៧​ប្រកួត និង​ម្នាក់ទៀត គឺ​ហ៊ឹម សារ៉ាន់ សមាគម​កីឡា​ក្រសួងការពារជាតិ មាន​១៥​ពិន្ទុ៕

Post a Comment

 
Top