GuidePedia

0
ព្រឹត្តិការណ៍ប្រកួតប្រដាល់អន្តរជាតិ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០១៥ អ្នកប្រដាល់កម្ពុជា៣រូប ប៉ះអ្នកប្រដាល់ថៃ៣រូបដូចគ្នា នៅលើសង្វៀន SEA-TV ដោយមានអ្នកប្រដាល់ ឈឿន ឆៃដែន ក្លឹបនិរោធមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Sok Kesom ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។



ឈឿន ឆៃដែន ជាម្ចាស់ខ្សែក្រវាត់ជើងឯកទម្ងន់ ៦០គ.ក្រ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយរូបគេមានកណ្ដាប់ដៃ ខ្លាំងគួរសមដែរ ។ ក្នុងប្រវត្តិ ប្រកួតចំនួន៧២ដង ឈ្នះ៦០ដង ចាញ់១១ដង និងស្មើ១ដង ហើយធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន១៩ដង ។ កីឡាករ ឈឿន ឆៃដែន ឡើងប្រកួតលើកនេះ អាចនឹង ជួបការ លំបាកបន្តិច ដោយ សារអ្នកប្រដាល់ថៃ Sok Kesom មានបច្ចេកទេសខ្លាំងជាង អ្នកមកមុនៗទៅទៀត ។

ឆៃ ដែន ប្រកួតចុងក្រោយវាយចាញ់អ្នកប្រដាល់ថៃ Thorngnoy Kaw Por. Boolapha ដោយពិន្ទុ កាលពីពេលថ្មីៗ នេះ ។ ឆៃ ដែន ធ្លាប់ជួបប្រកួតជាមួយអ្នក ប្រដាល់ ថៃ៤លើកដូចជា លើកទី១ វាយឈ្នះអ្នកប្រដាល់ថៃ Seanrak Khatmana នៅក្នុងទឹកទី៤ លើកទី២ វាយឈ្នះ Biz Msor.Thosaphann ដោយពិន្ទុ លើកទី៣ វាយឈ្នះ Phou Ngen ក្នុងទឹកទី៣ និងលើកទី៤ វាយចាញ់ Thorngnoy Kaw Por. Boolapha ដោយពិន្ទុ ។

ចំពោះអ្នកប្រដាល់ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃ Yort Nathy ក្នុងទម្ងន់៦០គីឡូក្រាមដែរ ។ បើតាមលោក ញាណ សុធី អ្នកផ្គូផ្គង ប្រចាំ SEA-TV បានប្រាប់ឲ្យដឹងថា Yort Nathy ជាម្ចាស់ខ្សែក្រវាត់មួយរូបនៅស្រុកថៃផងដែរ ។ ដូច្នេះអ្នកប្រដាល់ថៃរូបនេះ មិនធម្មតានោះឡើយ ដោយរូបគេមានប្រវត្តិប្រកួតចំនួន៨៨ដង វាយឈ្នះ៧៥ដង ចាញ់១៣ដង និងមិនដែល ស្មើនោះទេ ។ ប៉ុន្តែយ៉ាងណាអ្នកប្រដាល់ថៃរូបនេះ មានកម្ពស់ទាបជាង បូរ៉ា បន្តិចទេគឺមានកម្ពស់ ១,៦៥ម៉ែត្រ គ្រាដែល ឃីម បូរ៉ា គេមានកម្ពស់ ១,៦៨ ម៉ែត្រ ។

រីឯ ឃីម បូរ៉ា ការវាយមានផ្លែល្អថែមទៀត ពិសេស ជង្គង់ កែងរបស់គេរហ័សណាស់ ។ តែយ៉ាងណា ឃីម បូរ៉ា ធ្លាប់ជួបប្រកួតជាមួយថៃ២លើក ហើយកន្លងមក ដោយ វាយឈ្នះថៃទាំង២លើក ចំពោះប្រវត្តិប្រកួតវីញបានចំនួន៧៦ដង វាយឈ្នះ៦៤ដង ចាញ់១១ ដង និងស្មើម្តង ។

ចំណែកអ្នកប្រដាល់ ហុន ឈុនហេង ក្លឹបសម្រែករាជសីហ៍ ជួបជាមួយអ្នកប្រដាល់ថៃ Ban Langthang ក្នុងទម្ងន់៥១គ.ក្រ ។ កីឡាករ Ban Langthang អ្នក ប្រដាល់ ថៃ រូបនេះ មានកម្ពស់ខ្ពស់ជាង ឈុន ហេង បន្តិចគឺ ១,៦៥ ម៉ែត្រ ខណៈដែល ឈុន ហេង កម្ពស់ ១,៦២ ម៉ែត្រ ។ Ban ប្រកួតចំនួន៥៨ដង ឈ្នះ៥៣ដង ចាញ់៤ដង និងស្មើ១ដង ខណៈដែលហុន ឈុនហេង ធ្លាប់ប្រកួតបានចំនួន៦៨ដង ឈ្នះ៥៤ដង ចាញ់១៣ដង និងស្មើ១ដង ។

ហុន ឈុនហេង ធ្លាប់ប្រកួតជាមួយថៃប្រមាណ៩ដងហើយ ឈ្នះដោយពិន្ទុ៤ដង វាយឲ្យសន្លប់៣ដង និងស្មើម្តង ។ ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃ លឿន រហ័ស និងខ្លាំង នោះ ឈុនហេង មិនញញើតអ្នកប្រដាល់ថៃនោះឡើយ ៕

Post a Comment

 
Top